អ្នកវិទ្យាសាស្ត្រ​ចេញមុខអះអាង​ជាថ្មី​អំពី «កម្រាស់នៃសំបកភពពុធ» ដែល​ស្តើងជាងការ​សន្និដ្ឋាន​ពីលើកមុន…

0

 

(អាមេរិក)៖ ក្រោយពី​បេសកកម្ម MESSENGER របស់ទីភ្នាក់ងារ​អវកាស NASA បានបញ្ចប់​ទៅកាលពី​ឆ្នាំ២០១៥ ស្រទាប់ផ្ទៃខាងលើ​ ឬ​សំបករបស់​ភពពុធ (Mercury) ដែលនៅកៀក​នឹងព្រះអាទិត្យជាងគេ​បំផុតនោះ​ត្រូវគេជឿជាក់ថា មានកម្រាស់​ប្រហែល ៣៥គីឡូម៉ែត្រ​ ប៉ុន្តែនាពេលនេះ​មានអ្នកវិទ្យាសាស្រ្តម្នាក់ មិនយល់ឃើញ​យ៉ាងដូច្នោះ​ឡើយ។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញពី​វែបសាយ Space.com នៅព្រឹក​ថ្ងៃអង្គារ ទី១៧ ខែកក្កដា ឆ្នាំ២០១៨។

លោក Muchael Sori មកពីសាកលវិទ្យាល័យ​អារីហ្សូណា សហរដ្ឋអាមេរិក ជឿជាក់ថា​សំបករបស់ Mercury មានកម្រាស់ត្រឹមតែ​​​ ២៦​គីឡូម៉ែត្រប៉ុណ្ណោះ ហើយហាប់ណែន ឬធ្ងន់ជាង​សារធាតុអាលុយមីញ៉ូម។ ការប៉ាន់ស្មាន​បែបនេះរបស់​លោក Sori បានផ្តល់ការគាំទ្រ​ដល់​ទ្រិស្តីដែលថា ស្រទាប់លើ​បំផុតរបស់ភពពុធ បានកកើតឡើង​ដោយសកម្មភាព​ភ្នំភ្លើង។

គួរជម្រាបថា MESSENGER គឺជាយានតែមួយគត់​ដែលបានទៅសិក្សា​នៅភពពុធ ដោយវាត្រូវបាន​គេបាញ់បង្ហោះកាលពី​ឆ្នាំ២០០៤ ហើយទៅ​ដល់ទីនោះនៅឆ្នាំ២០១១។ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥ យាន MESSENGER បានទម្លាក់ខ្លួន​កម្ទេចចោលនៅ​លើផ្ទៃ​របស់ Mercury ក្រោយបញ្ចប់​បេសកកម្ម​របស់វា។

ស្វែងយល់បន្ថែម៖ ភពពុធជាភពទី ១ ក្នុងប្រព័ន្ធព្រះអាទិត្យ និងមានចម្ងាយពីព្រះអាទិត្យ ៥៨លានគីឡូម៉ែត្រ ដោយប្រើពេល​គោចរមួយជុំវិញតែ ៨៨ថ្ងៃប៉ុណ្ណោះ (ផែនដី ៣៦៥ថ្ងៃ)។ ភពនេះ​មានលក្ខណៈ​​ស្ទើរតែទាំងស្រុង​ ស្រដៀងនឹងព្រះច័ន្ទរបស់យើង (គ្មានបរិយាកាស គ្មានកម្លាំងទំនាញ និងផ្ទៃពណ៌សៗដូចផេះ)។

ទោះបីស្ថិតនៅ​ជិតព្រះអាទិត្យជាងគេក្តី តែវាក៏មិនក្តៅ​​ជាងគេ​នោះដែរ (ភពសុក្រក្តៅជាង) ដោយកម្តៅលើផ្ទៃចំពោះមុខព្រះអាទិត្យជាង ៤០០អង្សាសេ ខណៈផ្ទៃមួយផ្នែក​ដែលងងឹត​មានសីតុណ្ហភាព ដករាប់រយអង្សាសេឯណោះ។ យោងតាមលក្ខណៈសម្បត្តិ​ជារួមរបស់ភពពុធ ភពទី ១ និងតូចជាព្រះច័ន្ទ​មួយចំនួនរបស់ភព​ព្រហស្បតិ៍នេះ គឺមិនអំណោយផល​សម្រាប់ការស្រាវជ្រាវនានា របស់ក្រុមអ្នកវិទ្យាសាស្ត្រ​នោះ​ឡើយ៕

ចែករំលែក