តើស្រទាប់អូហ្សូននៃភព​ផែនដី ត្រូវធ្លុះធ្លាយ​បន្ថែម​ទៀត ដោយសារ​ឧស្ម័នពុល​ចេញពីប្រទេស​ចិនឬ?

0

 

(ប៉េកាំង)៖ ប្រទេសចិនកំពុង​ស្ថិតក្រោមការសង្ស័យថា ជាអ្នកបង្កឲ្យមាន​ការកើនឡើងយ៉ាង​ខ្លាំង នៃការបញ្ចេញឧស្ម័ន CFC-11 ដែលជះ​គ្រោះថ្នាក់ខ្ពសដល់​ស្រទាប់ការពារ​អូហ្សូន។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញ​ពី​សារព័ត៌មាន BBC នៅល្ងាចថ្ងៃអង្គារ ទី១៧ ខែកក្កដា ឆ្នាំ២០១៨។

ទីភ្នាក់ងារស៊ើប​អង្កេតបរិស្ថាន EIA មានមូលដ្ឋាន​នៅចក្រភពអង់គ្លេស បានរកឃើញថា មានការប្រើប្រាស់​ឧស្ម័ន CFC-11 យ៉ាង​ទូលំ​ទូលាយ​នៅក្នុងប្រទេសចិន ទោះបីជា​ឧស្ម័នគីមីនេះ​ត្រូវបានហាមប្រាម​ទាំងស្រុង កាលពីឆ្នាំ២០១០​ក៏ដោយក្តី។ អ្នកវិទ្យាសាស្រ្ត​​មាន​ការងឿង​ឆ្ងល់ជាខ្លាំង ចំពោះការ​កើនឡើងដោយ​អាថ៌កំបាំង នៃការ​បញ្ចេញ​ឧស្ម័ន​នេះ។ របាយការណ៍​របស់ EIA បាន​ឲ្យ​ដឹង​ថា​ ប្រភព​ចម្បង​នោះ​គឺទាក់​ទិន​នឹង​វិស័យ​​សំណង់​គេហ​ដ្ឋាន​​របស់​ប្រទេស​​ចិន។​

គួរជម្រាបថា CFC-11 គឺជាភ្នាក់ងារ​ដ៏មានប្រសិទ្ធភាពមួយ សម្រាប់ការយក​ទៅអភិវឌ្ឍន៍ចេញជាអ៊ីសូឡង់​កាត់បន្ថយកម្តៅ ដែលប្រើ​ប្រាស់នៅក្នុង​ផ្ទះសម្បែងនានា ដើម្បីកាត់បន្ថយ​ការចំណាយលើថាមពល និងកាត់បន្ថយ​ការបញ្ចេញឧស្ម័នកាបូន​ឌីអុកស៊ីត។ ក្រុម​​អ្នក​​ស្រាវជ្រាវ​មកពី EIA បានទាក់ទងនឹង​ក្រុមហ៊ុនពាក់ព័ន្ធ​នៅតាមខេត្ត ១០ ខុសៗគ្នា​ក្នុងប្រទេសចិន បាន​រកឃើញថា ភាគច្រើនគឺមាន​ការ​ប្រើប្រាស់​ឧស្ម័ន CFC-11 ប្រាកដមែន។

សម្រាប់មូលហេតុ​ដែលឧស្ម័ន CFC-11 មានការពេញនិយម​បែបនេះ គឺដោយសារ​តែវាមានគុណភាព​ខ្ពស់ និងមានតម្លៃធូរថ្លៃជាង​​​ជម្រើសផ្សេងទៀត។ អាជ្ញាធរ​ក៏បានចេញការ​ហាមឃាត់​លើ CFC-11 ដែរ ប៉ុន្តែការអនុវត្តន៍​ច្បាប់ គឺពុំមានប្រសិទ្ធភាព​នោះឡើយ ជាពិសេសគឺខណៈដែលតម្រូវការសាងសង់លំនៅឋានកាន់តែកើនឡើង និងពិបាករកអ្វីផ្សេងមកជំនួស។​

គួរបញ្ជាក់ផងដែរថា បញ្ហាខាងលើគឺជា​រឿងដ៏ធំមួយ ដោយសារតែបរិមាណ​នៃឧស្ម័ន CFC-11 ដែលកំពុងប្រើប្រាស់ ព្រមទាំងលទ្ធភាព​របស់វា ក្នុងការបង្កភាពរាំង​ស្ទះដល់ភាពប្រសើរ​ឡើងវិញ ដែលកំពុងចាប់ផ្តើម​ឡើងនៅក្នុង​ស្រទាប់អូហ្សូន ហើយអង្គការ​គាំពារ​បរិស្ថានពិភពលោក​ជាច្រើន ក៏បានបន្តធ្វើការរិះគន់ និង​អំពាវនាវឲ្យប្រទេសទាំងអស់ លុបបំបាត់ការ​ប្រើប្រាស់​សារធាតុគីមី​ប្រភេទនេះជា​បន្ទាន់ផងដែរ៕

ចែករំលែក