អស្ចារ្យៗ! ព្រះច័ន្ទ​សរុប ១២ បន្ថែមទៀត​ត្រូវបានរកឃើញ​នៅជុំវិញ​ភព​ព្រហស្បតិ៍, អ្នក​វិទ្យាសាស្ត្រ​បក​ស្រាយ​…

0

 

(វ៉ាស៊ីនតោន)៖ តារាវិទូបានរកឃើញ​វត្តមានព្រះច័ន្ទថ្មី​ថែមទៀត ដែលនៅវិលជុំវិញ​ភពព្រហស្បតិ៍ (Jupiter) ក្នុងនោះ​មាន ១១ ជាព្រះច័ន្ទ​ធម្មតាៗ​ដែលនៅដែន​ខាងក្រៅ និងមួយទៀតមាន​លក្ខណៈចម្លែក​ពីគេ។ ប្រការនេះធ្វើ​ឲ្យចំនួនព្រះច័ន្ទ​ ដែលគេបានដឹងថាមាននៅជុំវិញភពឧស្ម័ន​យក្សនេះឡើងដល់ ៧៩ព្រះច័ន្ទ គឺជាចំនួនច្រើនគេបង្អស់នៅ​ក្នុងប្រព័ន្ធ​ព្រះអាទិត្យ។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញ​ពី ទីភ្នាក់ងារព័ត៌​មាន​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃពុធ ទី១៨ ខែកក្កដា ឆ្នាំ២០១៨។

ក្រុមតារាវិទូដែលដឹកនាំ​ដោយ​លោក Scott S. Sheppard នៃវិទ្យាស្ថាន​វិទ្យាសាស្រ្ត Carnegie បានប្រទះ​ឃើញក្រុមព្រះច័ន្ទ​​ខាង​លើ ​កាលពីឆ្នាំ២០១៧ ហើយអ្នក​វិទ្យាសាស្រ្តមួយរូប​ទៀតឈ្មោះ​លោក Gareth Williams បានប្រើប្រាស់​លទ្ធផលសង្កេត​របស់​ក្រុម​តារាវិទូ​នេះ ដើម្បីគណនា​គន្លងរបស់ក្រុម​ព្រះច័ន្ទថ្មី​នេះ។ លោក Williams បានឲ្យ​ដឹងថា វាត្រូវការ​ការសង្កេតជា​ច្រើនលើក ដើម្បីផ្ទៀងផ្ទាត់​​ឲ្យ​ប្រាកដថា​ វត្ថុមួយពិត​ជាកំពុងធ្វើ​គោចរជុំវិញ Jupiter ដូច្នេះហើយ​ដំណើរការ​ទាំងមូល​បានចំណាយ​ពេលដល់ទៅ​មួយឆ្នាំ។

បើតាមវិទ្យាស្ថាន​វិទ្យាសាស្រ្ត Carnegie ព្រះច័ន្ទចំនួន ០៩ ក្នុងចំណោម​ព្រះច័ន្ទទាំង ១២ ខាងលើ គឺស្ថិតនៅក្រុម​ព្រះច័ន្ទនៅដែនខាង​ក្រៅឆ្ងាយ​ ដែ​លគោចរ​ជុំវិញ Jupiter តាមលក្ខណៈ Retrograde ឬអាចនិយាយថា ក្នុងភាពបញ្ច្រាសពីរង្វិលជុំរបស់​ភពព្រហស្បតិ៍។

ក្រុមព្រះច័ន្ទ​​ទាំងនេះ ត្រូវបែងចែកយ៉ាងតិច​ជាបីថ្នាក់តូច ២ និងត្រូវគេ​ជឿជាក់ថា ជាសំណល់​នៃវត្ថុធំៗ ០៣ផ្សេងទៀត ដែលបាន​បែកខ្ញែក​នៅអំឡុង​ការប៉ះទង្គិចគ្នា​ជាមួយបំណែក​អាចម៍ផ្កាយ ផ្កាយដុះកន្ទុយ ឬព្រះច័ន្ទ​ដទៃទៀត។ ​ព្រះច័ន្ទទាំង០៩នេះ ចំណាយពេលប្រមាណជា០២ឆ្នាំ ដើម្បីធ្វើដំណើរជុំវិញ Jupiter បានមួយជុំ។

សម្រាប់ព្រះច័ន្ទ ០២ ផ្សេងទៀត​ស្ថិតក្នុងក្រុមផ្នែកខាងក្នុង​នៅកៀកជាង ដែលធ្វើគោចរ​ក្នុងលក្ខណៈ Prograde ឬអាចនិយាយ​បាន​ថា ​ក្នុងទិសដៅដូចគ្នា​ទៅនឹងរង្វិលជុំរបស់​ភពព្រហស្បតិ៍។ ក្រុមព្រះច័ន្ទ​ទាំងនេះ មានគម្លាតគោចរ​ និងមុំធៀបជាមួយ Jupiter ស្រដៀង​គ្នា​ ហើយពួកគេត្រូវ​អ្នកវិទ្យាសាស្រ្ត​ជឿជាក់ថា មានបំណែក​មានប្រភពមកពី​ព្រះច័ន្ទដ៏ធំមួយ ដែលបាន​បែកខ្ញែក​ខ្លួន។ ​ក្រុមព្រះច័ន្ទ​របស់ Jupiter នៅតំបន់​នេះ ប្រើពេលមិន​ដល់មួយឆ្នាំ​ឡើយ ដើម្បីធ្វើដំណើរ​ជុំវិញ​ភព​ព្រហស្បតិ៍។

ចំណែកឯព្រះច័ន្ទ​មួយចុងក្រោយ​វិញ ដែលមើលទៅមាន​លក្ខណៈចម្លែកជាង​គេវិញនោះ មានទីតាំងនៅឆ្ងាយ និងមានមុំខ្ពស់ជាង​​​ក្រុម​ព្រះច័ន្ទ Prograde ឯទៀតៗ ហើយចំណាយ​ពេលមួយ​ឆ្នាំកន្លះ ដើម្បីគោចរ​ជុំវិញ Jupiter។ ក្រៅពី​មិនដូច​​ក្រុមព្រះច័ន្ទផ្នែក​ខាងក្នុង​ដទៃ​ទៀតឡើយ ព្រះច័ន្ទ​ចម្លែកនេះ​មានគន្លងគោចរ ដែលឆ្លងកាត់​ក្រុមព្រះច័ន្ទផ្នែកខាងក្រៅ​ថែមទៀតផង ខណៈប្រការនេះ​អាចបង្កលទ្ធភាព​ថាអាចមានការប៉ះទង្គិចគ្នានា​ពេល​អនាគត៕ ​

ចែករំលែក