អាវុធថ្មី​នៃកងទ័ព​អាកាស​អាមេរិក៖ «មិនទាន់​លឺសំឡេង​ផង មូលដ្ឋាន​សត្រូវត្រូវខ្ទេចបាត់​ទៅ​ហើយ…»

0

​(ម៉ូស្គូ)៖ ក្រសួង​ការពារជាតិ​អាមេរិក បានស្នើឱ្យសភា​ទម្លាក់កញ្ចប់ថវិកាជាង ២០លានដុល្លារ ដើម្បីយកទៅ​ប្រើប្រាស់ក្នុង​ការអភិវឌ្ឍ​ «អាវុធដែលអាចវាយប្រហារ លឿនជាង​សំឡេងរបស់វា ០៥ដង» សម្រាប់​បំពាក់​ឱ្យកងទ័ពអាកាស​​អាមេរិក។ នេះបើ​តាមការផ្សាយរបស់សារព័ត៌មាន Bloomberg ដកស្រង់ដោយ Sputnik នៅព្រឹកថ្ងៃពុធ ទី១៨ ខែកក្កដា ឆ្នាំ២០១៨។

យោងតាម​សារព័ត៌មាន Bloomberg ក្រសួងការពារជាតិ​អាមេរិក ក៏នឹងស្នើ​ផងដែរ​នូវ​កញ្ចប់ថវិកា ៦៥លានដុល្លារ សម្រាប់ការធ្វើ​តេស្ដបាញ់​សាកល្បងអាវុធ​លឿនជាង​សំឡេង​ដោយកងទ័ពជើងគោក ដែលអាចនឹងធ្វើ​ឡើងលឿនជាង​ការពឹងទុក។ «អាវុធ​លឿនជាងសំឡេង​នឹងមិនមែនជា​អត្ថប្រយោជន៍ ដែលយើង​អាចផ្ដល់ឱ្យមនុស្ស ដែលចង់​ធ្វើជាសត្រូវរបស់​យើងនោះទេ… ហើយ​អ្នកនឹងបាន​ឃើញពីសមត្ថភាព​របស់វា​ យ៉ាងយូរនៅដើម​ឆ្នាំ២០២០»។ នេះគឺជាការ​បញ្ជាក់របស់​មន្ត្រីស្រាវជ្រាវសព្វាវុធ​ នៃមន្ទីរបញ្ចកោណ​លោក ម៉ៃខឺល ហ្គ្រីហ្វីន (Michael Griffin)។

គួររំលឹកថា សេចក្ដីរាយការណ៍​ពីការស្នើសុំកញ្ចប់ថវិការបស់​ក្រសួងការពារជាតិ​អាមេរិក កើតមានឡើងតែមួយ​សប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីទីភ្នាក់ងារ​ស៊ើបការណ៍​សំងាត់អាមេរិក បានឱ្យដឹងថា យន្ដហោះចម្បាំង​រុស្ស៊ី MiG-31 បានធ្វើតេស្ដបាញ់​មីស៊ីលលឿន​ជាង សំឡេង​ឈ្មោះ Kinzahl ដោយជោគជ័យ​ជាមួយការបាញ់ចំគោល​នៅចំងាយ ៨០០គីឡូម៉ែត្រ ពីយន្ដហោះ​ចម្បាំង៕

ចែករំលែក