លទ្ធផលសិក្សាថ្មី៖ រូបធាតុ​ងងឹត Dark Matter និង​ថាមពលងងឹត Dark Energy អាច​មានពិត​មែន…

0

 

(អាមេរិក)៖ ទិន្នន័យចុងក្រោយ​ពីបេសកកម្ម Planck របស់អឺរ៉ុប ដែលបាន​បង្កើតឡើងយ៉ាង​លម្អិត​នូវផែនទី​ នៃពន្លឺ​ដ៏ចំណាស់​​របស់ចក្រវាឡ​ ចាប់ពីឆ្នាំ២០០៩ រហូតដល់ឆ្នាំ២០១៣ បានបញ្ជាក់ថា រូបធាតុងងឹង​ដែលគេហៅថា Dark Matter និងថាមពល​ងងឹត​ដែលគេហៅ Dark Energy ទោះបីជា​ចម្លែក និងពិបាកក្នុងការពន្យល់​ក៏ដោយ គឺទំនងជា​មានវត្តមាន​ ដូចការសន្និដ្ឋាន​កន្លងមកប្រាកដ​មែន។ នេះបើ​តាមការ​ដកស្រង់ការ​ផ្សាយចេញ​ពីវែបសាយ Space.com នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែកក្កដា ឆ្នាំ២០១៨។

បើតាមទីភ្នាក់ងារ​អវកាស​អឺរ៉ុប លទ្ធផលបញ្ជាក់​ខាងលើ គឺជាកេរ្តិ៍តំណែល​ដ៏សំខាន់ជាង​គេបំផុត ដែលបានបន្សល់​ទុកពីយាន​ស្រាវជ្រាវ​ Planck។ ដូចទៅនឹង​បេសកកម្មចំនួន ០២ ផ្សេងទៀត​របស់ទីភ្នាក់ងារ​អវកាស​អាមេរិក NASA ដែលធ្វើឡើង​នៅមុនវា Planck បានសិក្សា​​ទៅលើរលកវិទ្យុសកម្ម​ដែលគេហៅថា Cosmic Microwave Background ឬ CMB។

CMB បានចាប់ផ្តើម​សាយភាយនៅពាស​ពេញចក្រវាឡ នៅប្រមាណ ៣៨០,០០០ឆ្នាំ ក្រោយពីមហាព្រឹត្តិការណ៍​បន្ទុះ Big Bang ពោល​គឺ​មិនយូរ​ប៉ុន្មាននោះឡើយ ដែលផ្កាយ​ដំបូងៗបានចាប់​ផ្តើមរះឡើង ហើយការសង្កេត​ទៅលើ​ពន្លឺនេះ អាចលាតត្រដាង​​​នូវ​អាថ៌កំបាំង​​​​​សំខាន់ៗ អំពីសម័យកាល​ដំបូងរបស់​ចក្រវាឡ។

គួរជម្រាបថា បើតាមម៉ូដែល​ដែលបង្កើតឡើង ចេញពីលទ្ធផលស្រាវជ្រាវ​ខាងលើ ចក្រវាឡ​រួមផ្សំឡើងពីរូបធាតុ​ធម្មតា (Normal Matter) ដែលយើងអាច​មើល និងប៉ះបាន ព្រមទាំង​ប្រភេទរូបធាតុងងឹង​ដ៏ត្រជាក់ (Dark Matter) ដែលមិនស្រូប ឬបំផ្លាត​ពន្លឺនោះ​ឡើយ ដូច្នេះ​ហើយការរុករក​ចង់ឲ្យឃើញវា​ដោយផ្ទាល់ គឺពុំអាចទៅ​រួចនោះទេ។ ចំណែកឯ​មួយទៀត គឺថាមពលងងឹត (Dark Energy) ជា​ថាមពល​​​អាថ៌កំបាំង ដែលហាក់​កំពុងដើរតួជា​កម្លាំងចលករ​ក្នុងការជំរុញ​ល្បឿន​ នៃការពង្រីកវិសាលភាព​របស់ចក្រវាឡ។ ​

ក្នុងចំណោមវត្ថុទាំង​ ០៣ នេះ Normal Matter មានបរិមាណតិច​ជាងគេ គឺមិនដល់ ០៥ភាគរយឡើយ នៃ​ថាម​ពល ​និង​ម៉ាស់ចក្រ​វាឡទាំង​មូល​។ មកទល់ពេល​នេះ វានៅតែមិនទាន់ច្បាស់​មួយរយភាគរយ​នៅឡើយទេថា Dark Matter និង Dark Energy គឺជាអ្វីឲ្យ​ប្រាកដ ខណៈដែលពួកវា​កំពុងបន្តបង្កើត​ការងឿងឆ្ងល់​ចំពោះ​តារាវិទូ ប៉ុន្តែ​ការ​សិក្សានឹងធ្វើ​ឡើងជាបន្តបន្ទាប់ ដើម្បីធ្វើ​ការបកស្រាយ និងបញ្ជាក់​អំពីវត្តមាន​របស់ពួកវា៕

ចែករំលែក