ឆ្នាំ២០២៥ មនុស្ស​នឹងកសាង​ស្ថានីយជុំវិញ​ព្រះច័ន្ទ ហើយ​ក្រោយ​មកទៀត មនុស្សនឹងអាចស្នាក់​នៅលើព្រះច័ន្ទ​បាន…

0

 

(អាមេរិក)៖ ទីភ្នាក់ងារ​អវកាសអាមេរិក NASA ត្រូវគេ​រាយការណ៍ថា កំពុងរៀបចំ​គម្រោងដើម្បីបង្កើត​ស្ថានីយអវកាស​តូចមួយ នៅក្បែរគន្លង​​​នៃ​ឋាន​ព្រះច័ន្ទ នៅខ្ទង់​ឆ្នាំ២០២៥។ បើតាមសេចក្តី​រាយការណ៍របស់​សារព័ត៌មាន​អាមេរិក USA Today ស្ថានីយ​ច្រកផ្លូវនេះ នឹងធ្វើឲ្យបេសកកម្ម​​ដឹកជញ្ជូនមនុស្ស​ជាប្រចាំ​​ទៅ​ឋានព្រះច័ន្ទ កាន់តែអាច​ទៅរួចខ្លាំង​ថែមទៀត ស្របពេលដែល​ក្រុមហ៊ុន​នៅក្នុងវិស័យឯកជន កំពុងផ្តោតសំខាន់​លើការបញ្ជូន​របស់​​របរ​នានា ឡើងទៅកាន់ទីអវកាស។

លោក Bob Richards ដែលជា CEO របស់​ក្រុមហ៊ុន Moon Express បានលើក​ឡើងថា អ្វីដែលបានកើតឡើ​ងចំពោះវិស័យ​បាញ់បង្ហោះ​យានអវកាស​បែបពាណិជ្ជកម្ម ច្បាស់ជានឹងកើត​មានឡើងចំពោះ​វិស័យ​ពាណិជ្ជកម្មទាក់ទង​នឹងឋានព្រះច័ន្ទដូចគ្នា​អ៊ីចឹងដែរ។

ក្រុមហ៊ុន Moon Express ត្រូវបានបង្កើត​ឡើងកាលពីឆ្នាំ២០១០ ជាមួយគោលដៅរុករក និងខួងយក​ប្រភពធនធាន​នៅលើផ្ទៃរបស់ព្រះច័ន្ទ។ ​នា​ពេលកន្លង​មកនេះ Moon Express បាននិងកំពុង​ធ្វើការដើម្បីកាត់​បន្ថយការចំណាយ​សម្រាប់បេសកកម្ម​រ៉ូបូត ប៉ុន្តែលោក Richards បាន​បង្ហាញក្តី​ជឿជាក់ថា នាអនាគត​ដ៏ខ្លីខាងមុខ មនុស្សលោក​នឹងអាចស្នាក់នៅ​លើឋាន​ព្រះច័ន្ទបាន។

​កិច្ចប្រឹងប្រែង​ដែលផ្តោតសំខាន់ទៅលើ​ឋានព្រះច័ន្ទ គឺស្របទៅតាម​ការណែនាំរបស់​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ កាល​ពីខែធ្នូ ឆ្នាំ២០១៧ ដែលជំរុញឲ្យ​ NASA បញ្ជូន​អវកាស​យានិកត្រឡប់ទៅកាន់​ព្រះច័ន្ទ​ជាថ្មីម្តងទៀត ដែលវាគឺជា​ការផ្លាស់ប្តូរ ពីការផ្តោត​សំខាន់​របស់​រដ្ឋបាលអតីត​ប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា ស្តីពីការបញ្ជូន​មនុស្សទៅ​ភពអង្គារ (Mars)។ ចាប់តាំងពី​បេសកកម្ម​អាប៉ូ​ឡូ ១៧ ​របស់អាមេរិក​កាលពីឆ្នាំ​១៩៧២មក គឺពុំដែលធ្លាប់​មានមនុស្ស​ទៅជាន់លើឋាន​ព្រះច័ន្ទឡើយ។

NASA សព្វថ្ងៃកំពុង​សហការជាមួយក្រុមហ៊ុន​ដូចជា Moon Express ជុំវិញគម្រោង​ដើម្បីបង្ហោះ​ក្រុមយាន​រ៉ូបូតចុះចត ដែលបំពាក់​នូវ​​ឧបករណ៍វិទ្យាសាស្រ្ត ឆ្ពោះទៅកាន់​ឋានព្រះច័ន្ទ ឲ្យបានឆាប់បំផុត​នៅឆ្នាំ២០១៩។ បើតាមការ​គូសបញ្ជាក់​របស់ USA Todays ​​​គម្រោង​​ស្ថានីយអវកាស​របស់ NASA នឹងពុំអាច​បញ្ជូនអវកាសយានិក​ទៅកាន់ផ្ទៃព្រះច័ន្ទ​ឡើយ បើពុំមាន​យានចុះចត ដែលផ្គត់ផ្គង់​ដោយ​ដៃគូ​​​ ប៉ុន្តែក្រុមហ៊ុន​ដូចជា SpaceX របស់​លោក Elon Musk និង Blue Origin របស់​លោក Jeff Bezos អាចជួយដល់​រឿងនេះបាន។

ម៉្យាងវិញទៀត របកគំហើញនៃ​ប្រភពធនធានទឹក នា​ពេលថ្មីៗនេះ​នៅលើផ្ទៃព្រះច័ន្ទ នឹងកាន់តែធ្វើ​ឲ្យការផ្គត់ផ្គង់ដល់​ស្ថានីយអវកាស​ កាន់តែមាន​ភាពងាយស្រួល​ទៅទៀត។ កាលពីខែឧសភា​កន្លងទៅ លោក Bezos បានដាក់ចេញ​នូវគម្រោង​របស់លោក ដើម្បីបង្កើត​​មូលដ្ឋាន​មួយលើឋាន​ព្រះច័ន្ទ ​ទោះបីជាមាន ឬពុំមានការជួយពី NASA ក៏ដោយ។ ជាមួយគ្នា​នេះដែរ​កាលពីសប្តាហ៍មុន អ៊ីស្រាអែល​បានប្រកាសពី​គោលបំណង​របស់ខ្លួន ក្នុងការបញ្ជូនយាន​ចុះចតមួយគ្រឿង នៅលើផ្ទៃឋានព្រះច័ន្ទ ជាមួយការជួយជ្រោមជ្រែង​ពី​​សំណាក់​គ្រាប់រ៉ុក្កែត Falcon 9 របស់ SpaceX។

គួរជម្រាបថា ថ្ងៃសុក្រ​សប្តាហ៍នេះគឺជាគម្រប់​ខួប ៤៩ឆ្នាំ នៃការបោះជំហាន​យក្សរបស់មនុស្ស​លោកយើង គឺនៅពេល​ដែលបេសកកម្ម​ Apollo 11 បានចុះទៅដល់​ផ្ទៃឋានព្រះច័ន្ទ កាលពី​ឆ្នាំ១៩៦៩ ហើយក្រៅពីព្រះច័ន្ទ និងផែនដី មនុស្សលោក​មិនដែលបាន​ទៅជាន់ទីកន្លែង​ណាផ្សេងទៀតនៅ​ឡើយទេ នៅក្នុងប្រព័ន្ធ​ព្រះអាទិត្យ៕

ចែករំលែក