Oops! UFO របស់​ភពផែនដី​បង្ហាញរាង​នៅពីមុខសេតវិមាន នៃ​រដ្ឋធានី​វ៉ាស៊ីនតោន (រូបភាពខាងក្នុង)

0

 

(អាមេរិក)៖ យាន​អវកាស Orion របស់​អង្គការ NASA ឬ UFO ដែលត្រូវ​បានផលិត​ឡើងនៅលើភពផែនដីនេះផ្ទាល់ កំពុង​ត្រូវ​​ដាក់​​តាំង​បង្ហាញ​​​ក្នុង​សួន​ច្បារ​ភាគ​ខាង​ត្បូង​នៃសេតវិមាន​ ដោយវាគឺ​ជាផ្នែកមួយនៃ​ការតាំងពិព័រណ៍​ផលិតផលរបស់​អាមេរិក​ប្រចាំឆ្នាំ ដែលត្រូវបាន​ផ្តួចផ្តើមឡើង​ដោយ​​ប្រធានាធិបតីអាមេរិក​លោក ដូណាល់ ត្រាំ ផ្ទាល់។ នេះបើតាមការ​ដកស្រង់ការ​ផ្សាយចេញពី​វែបសាយ Space.com នៅព្រឹក​ថ្ងៃអង្គារ ទី២៤ ខែកក្កដា ឆ្នាំ២០១៨។

យានអវកាស​ខាងលើ អាចទទួលបានឱកាស​បង្ហាញរាងនៅសេតវិមានបែបនេះ គឺដោយសារស្នាដៃ​របស់ក្រុមហ៊ុន Lockheed Martin កាល​ពីឆ្នាំ២០១១ និងឆ្នាំ២០១២ ដែលបានប្រើប្រាស់​ផ្នែកផ្សេងៗ ដែលផលិតឡើង​ដោយក្រុមហ៊ុនជាង​មួយពាន់ នៅក្នុងទឹកដី​​សហ​រដ្ឋ​អាមេរិក​ផ្ទាល់។

យាន Orion ខាងលើ​ គឺជាយាន Orion តែមួយគ្រឿងគត់ ដែលធ្លាប់បានហោះហើរ គិតមកទល់​ពេលនេះ គឺកាលពីអំឡុងការ​ធ្វើតេស្ត​ហោះហើរកាល​ពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៤។ យាននេះអាច​ផ្ទុក​អវកាសយានិកបាន ០៤នាក់ និងត្រូវរចនាឡើង​ដើម្បីឡើងទៅ​អវកាស​​តាមរយៈគ្រាប់រ៉ុក្កែត​យក្ស SLS ដែល​កំពុងស្ថិត​ក្រោមការអភិវឌ្ឍ​របស់ NASA នៅឡើយ។ យាន​ និង​រ៉ុក្កែតនេះ គឺជាមូលដ្ឋានគ្រឹះ​​ដ៏​​សំខាន់ នៃគម្រោង​របស់ទីភ្នាក់ងារ​អវកាស NASA ក្នុងការបញ្ជូន​មនុស្សទៅកាន់​ឋានព្រះច័ន្ទ និងទៅកាន់​ភពអង្គារ។

គួរជម្រាបថា ការធ្វើតេស្តសាកល្បង​ដោយពុំមានមនុស្សជិះ​មួយផ្សេង​ទៀត ព្រមទាំងការ​ហោះហើរជាលើកដំបូង​​របស់ SLS គួរតែត្រូវ​ធ្វើឡើង​នៅចន្លោះខែធ្នូ ឆ្នាំ២០១៩ និងខែមិថុនា ឆ្នាំ២០២០ មុន​នឹងអាមេរិកចាប់ផ្តើមផែនការ​បង្កើត​ស្ថានីយអវកាសដំបូងនៅជុំវិញ​ព្រះច័ន្ទ ដែលជាជំហាន​ដ៏សំខាន់មុនទៅភព​អង្គារ៕

ចែករំលែក