ពិតមែនឬ? អ្នកវិទ្យាសាស្ត្រ​អះអាងថា «បើចង់​រកសញ្ញា​នៃជីវិត​លើ Europa អ្នកមិនចាំបាច់​ជីក​ជ្រៅពេក​នោះ​​ឡើយ​…»

0

(អាមេរិក)៖ របាយការណ៍​សិក្សាថ្មីមួយ​បានបង្ហាញឲ្យ​ឃើញថា ប្រសិនបើសញ្ញា​នៃជីវិត ពិតជាមាន​នៅលើព្រះច័ន្ទ​ទឹកកក Europa របស់​ភព​ព្រហស្បតិ៍ (Jupiter) មែននោះ ​ពួកវាប្រហែល​ជាមិនលំបាកខ្លាំង​ក្នុងការរុករក ដូចទៅនឹងអ្វីដែល​​អ្នក​​វិទ្យាសាស្រ្ត​ធ្លាប់​​បាន​គិត​​នោះ​ឡើយ។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពី​វែបសាយ Space.com នៅរសៀល​ថ្ងៃ​អង្គារ ទី២៤ ខែកក្កដា ឆ្នាំ២០១៨។

ព្រះច័ន្ទ Europa ដែលមាន​មុខកាត់ ​៣,១០០គីឡូម៉ែត្រ កំពុងផ្ទុកនូវសមុទ្រ​ដ៏ធំមហាសាល​មួយ លាក់ពួន​ពីខាងក្រោម​នៃស្រទាប់ទឹកកក​ផ្នែក​ខាងលើរបស់វា។ អ្វីដែល​ពិសេសនោះ គឺអ្នកវិទ្យាសាស្រ្ត​យល់ថា ផ្ទៃទឹកនេះ ស្ថិតនៅជាប់​ទៅនឹងស្នូលផ្សំ​ឡើងពីថ្ម​របស់ Europa តែម្តង ដែលជាហេតុ​អាចធ្វើឲ្យ​មានប្រតិកម្មគីមី​គួរឲ្យចាប់​អារម្មណ៍ និងស្មុគស្មាញ​យ៉ាងសំបូរបែប។

ដូច្នេះហើយ​អ្នកវិទ្យាសាស្រ្ត​បាន​ចាត់​ទុក ព្រះច័ន្ទ Europa គឺជាជម្រើស​ដ៏ប្រសើរបំផុត​ នៅក្នុងប្រព័ន្ធ​អាទិត្យ ដែលអាចមាន​លទ្ធភាព​​ជាទីជម្រកនៃទម្រង់​ជីវិត​ក្រៅ​ភព​​ផែន​ដី​ ហើយវាក៏ពិភព​អំណោយផល ​សម្រាប់ការប្រមូលយកគំរូតាង​សំខាន់ៗនានា​ផងដែរ។

បច្ចុប្បន្ននេះ NASA កំពុងដាក់គោលដៅ​ ដើម្បី​​ប្រមូលគំរូ​តាងពីទីនោះ​នាពេលឆាប់ៗ​ខាងមុខ ដោយទីភ្នាក់ងារអវកាស​អាមេរិកមួយ​នេះ កំពុងអភិវឌ្ឍន៍​បេសកកម្ម​បញ្ជូនយាន​ស្រាវជ្រាវ ពីលើផ្ទៃអាកាស​មួយឈ្មោះ​ថា Europa Clipper ដែលត្រូវបាន​កំណត់ថា នឹងចាប់ផ្តើម​​​​នៅ​ដើម​ទសវត្សរ៍​​ឆ្នាំ២០២០។ ជាមួយ​គ្នានេះ NASA ក៏កំពុងធ្វើកិច្ចការ​ទៅលើ​​បេសកកម្ម ដើម្បីបញ្ជូន​យានសម្រាប់​ចុះចត​មួយ​គ្រឿង​​ផ្សេងទៀត​ផងដែរ ដើម្បីរុករក​ភស្តុតាងនៃ​ទម្រង់ជីវិត នៅក្បែរ​ឬនៅលើផ្ទៃ​របស់ Europa។

យ៉ាងណាមិញ​វាមិនច្បាស់​ឡើយថា យានចុះចត Europa នោះ​នឹងត្រូវ​ជីកដីជ្រៅ​ដល់កម្រិតណា ដើម្បីអាចមាន​ឱកាសរកឃើញ​សញ្ញានៃជីវិតណា​មួយ។ ដោយឡែកការ​សិក្សាថ្មីៗនេះ​បានឲ្យដឹងថា នៅកន្លែងដែល​អំណោយ​ផលបំផុត យានចុះចត​​ត្រូវគេជឿ​ជាក់ថា នឹង​ត្រូវ​ជីកដីត្រឹម​តែ ០១សង់ទីម៉ែត្រប៉ុណ្ណោះ ខណៈកន្លែង​មិនសូវអំណោយ​ផល គឺចន្លោះពី ១០ ទៅ ២០សង់ទីម៉ែត្រ៕

ចែករំលែក