ពិតមែនឬ? អ្នក​វិទ្យាសាស្ត្រ​អះអាងថា «នៅប៉ូល​ខាងត្បូង​ភពអង្គារ មានលាក់​ទឹក​ច្រើន​ណាស់»

0

(អាមេរិក)៖ ភពក្រហម Mars (ភពអង្គារ) ត្រូវបានអ្នកវិទ្យាសាស្រ្តជឿជាក់ថា ទំនងជាមានលាក់​បាំងនូវ​ផ្ទៃបឹង​មួយ​ មានទំហំ​ជិត ២០គីឡូ​ម៉ែត្រ ដែលកំពុងពួនសំងំ​នៅពីខាងក្រោម​ផ្ទាំងទឹកកក​ជម្រៅ​ ១.៦គីឡូម៉ែត្រ នៅប៉ូលខាងត្បូង​របស់វា។ នេះបើតាមការ​ដក​ស្រង់​​ការ​ផ្សាយ​​ចេញពី​វែបសាយ Space.com នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី២៦ ខែកក្កដា ឆ្នាំ២០១៨។

កន្លងមកនេះ​ក្រុមអ្នក​វិទ្យាសាស្ត្រ ​ពុំធ្លាប់មាន​ភស្តុតាងរឹងមាំ​ច្រើន​សម្រាប់វត្តមាន​ នៃប្រភពទឹក​ដ៏ធំបែបនេះ​ឡើយ ប៉ុន្តែធ្លាប់​បានផ្តល់​ភស្តុតាង​រឹង​មាំ​ជាច្រើន ទាក់ទិននឹង​វត្តមាននៃកម្រិត​ទឹកតិចតួច​ទៅ​ នៅលើភពព្រះអង្គារ។ យ៉ាងណាក៏ដោយ ការសិក្សា និងរក​ឃើញថ្មីនេះ ​នៅតែជារឿងគួរ​ឲ្យចាប់អារម្មណ៍​ដដែល។

ដោយឡែក​អ្នកវិទ្យាសាស្រ្តត្រូវតែ​រកឲ្យឃើញផ្ទាល់​ៗ​ថា ប្រភពទឹក​ខាងលើ​មានវត្តមាន​ប្រាកដជាមុនសិន និងស្វែងយល់​ឲ្យ​​បាន​​ជាក់ច្បាស់​អំពី​លក្ខណៈ​​ផ្សេងៗ ដែលប្រភព​ទឹកនោះមាន ពោលគឺវាតម្រូវឲ្យមាន​ប្រភេទ​បេសកកម្មសមស្រប ប៉ុន្តែនា​ខណៈពេលនេះ​ ពុំ​ទាន់​មាន​​ការ​រចនា​បង្កើត​ឡើង​​នោះ​ទេ កុំថាឡើយ​រឿងបាញ់បង្ហោះឡើង​ទៅកាន់​ទីអវកាសនោះ។

គួរជម្រាបថា កិច្ចសិក្សាស្រាវជ្រាវ​ខាងលើ​បានយោងទៅលើការចងក្រង​ទឹ្រស្តីរយៈពេល ០៣ទសវត្សរ៍ ​​ដោយ​​អ្នកវិទ្យាសាស្រ្ត​អំពី​​​​ឱកាសដែល​ប្រភពទឹក​អាចមានវត្តមាន​ នៅក្រោមតំបន់ប៉ូល​របស់ភពអង្គារ ដូចទៅនឹង​ផែនដីដែរ។

ចំណុចបន្ថែម៖ កាលពី​ខែកញ្ញា ឆ្នាំ២០១៥ អង្គការ NASA បានចេញ​សេចក្តី​​ប្រកាស​ដ៏ធំមួយ ដែលនាំឲ្យ​កក្រើកពិភព​វិទ្យាសាស្ត្រ នោះគឺការរក​ឃើញវត្តមានទឹក​រាវ ហូរនៅលើផ្ទៃភពព្រះអង្គារ​ក្នុងចំនួនតិចតួច ហើយវាពិតជា​សញ្ញា​មួយ​ដ៏ប្រសើរថ្លៃថ្លា ក្នុងការអនុញ្ញាត​ឲ្យក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ បន្តប្រើយាន​តាមដាន​អំពី​លក្ខណៈបន្ថែម​នៃភពអង្គារ ដែលកាល​ពីរាប់រយរាប់ពាន់​លានឆ្នាំមុន អាចធ្លាប់មាន​ជីវិតរស់នៅ ឬក៏បរិយាកាស​ស្រដៀងនឹង​ភពផែនដី​នេះ៕

ចែករំលែក