កុំភ្លេចណាប្អូន! ពេលរំលងអធ្រាត​យប់នេះ គឺជាព្រឹត្តិការណ៍​ច័ន្ទគ្រាសដ៏កម្រ​ប្រចាំ​សតវត្សរ៍ ប៉ុន្តែ​សង្ឃឹមថា​មេឃនឹង​ស្រឡះ​​ទៅ​ចុះ…

0

 

(សិង្ហបុរី)៖ ទីបំផុត​បាតុភូតច័ន្ទគ្រាស​ងងឹតទាំងស្រុង ​ដែលជាព្រឹត្តិការណ៍​កម្រប្រចាំសតវត្សរ៍នេះ​តែម្តងនោះ នឹងឈានមក​ដល់ហើយ​ នាយប់រំលង​អធ្រាតឈានចូល​ថ្ងៃស្អែកនេះ ដូច្នេះហើយសូមត្រៀម​ខ្លួនចាំតាមដាន និងគយគន់ទស្សនីយភាព​ដ៏វិសេសវិសាលនេះ​​ទាំងអស់គ្នា។ នេះបើ​តាម​ការដកស្រង់​ការផ្សាយ​​ចេញ​​ពី​សារព័ត៌មាន Channel News Asia នៅរសៀល​ថ្ងៃចន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០១៨។

បន្ទាប់ពីព្រឹត្តិការណ៍​​ជាប្រវត្តិសាស្រ្ត​នៃ​បាតុភូត Super Blue​ Blood Moon កាលពីខែមករា​​ដើមឆ្នាំ២០១៨ កន្លងទៅនេះ ​អ្នកដែលចូលចិត្ត​​វិស័យ​តារាសាស្រ្ត​នៅ​ទ្វីប​អាស៊ីយើង​កំពុង​ទន្ទឹងរង់ចាំ​​ទស្សនា​ «បាតុភូត​​ច័ន្ទគ្រាស» ងងឹតទាំង​ស្រុង​​មួយ ដែល​មានរយៈពេល​យូរជាង​​គេ​បង្អស់​​​ប្រចាំសតវត្ស​រ៍​​ទី២១នេះ។

ម៉្យាងវិញទៀត នៅពេលជា​មួយគ្នានោះ​ភពអង្គារ (Mars) ក៏នឹងរះចែងចាំង​ឡើងនៅលើផ្ទៃ​មេឃ​កៀក​​នឹងព្រះ​ច័ន្ទ ដែល​ងាយ​ស្រួល​​ក្នុង​​ការ​មើល​ឃើញ​​ដោយភ្នែកទទេ​​ថែមទៀតផង (វាក៏អាស្រ័យ​លើលក្ខខណ្ឌ​​អាកាសធាតុ​ដែរ ដោយត្រូវការមេឃស្រឡះល្អខ្លាំង)។ នា​អំឡុង​ចុង​ខែកក្កដានេះ ភពអង្គារ កំពុងស្ថិតក្នុង​គន្លងគោចរកៀក​ជាមួយផែនដី​បំផុត ដែលជារឿងមិនធ្លាប់កើតមានជាង ១០ឆ្នាំមកហើយ។​

បាតុភូតរាហ៊ូ​ចាប់ច័ន្ទ​ខាង​លើនេះ នឹងចាប់​ផ្តើម​នា​យប់​រំលងអធ្រាតឈាន​​ចូលថ្ងៃ​សៅរ៍ ទី២៨ ខែកក្កដា គឺចាប់​ពីម៉ោង ០១៖៣០នាទី​រំលងអធ្រាតតទៅ ហើយវា​នឹងមានរយៈពេល​​ជិតពីរម៉ោងពោលគឺ ០១ម៉ោង និង ៤៣នាទីរំលង​អធ្រាត។ និយាយរួម​ទៅលោក​ខែ​នឹងត្រូវលេប​បាត់ពី​ផ្ទៃមេឃ​ទាំងស្រុងពី​ម៉ោង ០២៖៣០នាទី ដល់ម៉ោង ០៤៖១៣នាទី រំលងអធ្រាតថ្ងៃដដែល (ម៉ោងនៅទីក្រុងភ្នំពេញ)។​

រយៈពេលខាង​​លើនេះ​ ខ្លីជាងព្រឹត្តិការណ៍ច័ន្ទគ្រាស​​ងងឹត​បាត់​ទាំង​ស្រុង​ ដែល​អាចបន្ត​ប្រព្រឹត្ត​ទៅយូរបំផុត​ត្រឹមតែ ០៤នាទីប៉ុណ្ណោះ ដោយច័ន្ទគ្រាសវែង​បំផុតអាចកើតមាន​សម្រាប់រយៈពេល ​០១ម៉ោង និង ៤៧នាទី។ ពេលចុង​ក្រោយ​បំផុត ដែលព្រឹត្តិការណ៍​ច័ន្ទគ្រាស​​ទាំងស្រុង​ បាន​​កើត​មាន​​ក្នុងរយៈពេល​ដ៏យូរ​បែបនេះ គឺតាំងពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០០០ មកម្ល៉េះ​ជាមួយរយៈពេល​សរុប​ ០១ម៉ោង និង៤៦នាទី។

ដូចទៅនឹងបាតុភូត Super Blue Blood Moon ដែរ ព្រះច័ន្ទនៅពេលអធ្រាតឈានចូលថ្ងៃទី២៨ ខែកក្កដានេះ នឹងលេចឡើងដោយ​​មាន​ពណ៌​​​ក្រហម​ក្នុងអំឡុងពេលនៃបាតុភូត​ច័ន្ទគ្រាស ប៉ុន្តែវានឹងមានទំហំតូចជាង​នាលើកនេះ។ បើតាមទីភ្នាក់ងារ​​អវកាស​អាមេរិក NASA បាតុភូតច័ន្ទគ្រាស​នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ អាចត្រូវមើលឃើញ​ពី​តំបន់អាមេរិកខាងត្បូង ​អឺរ៉ុប អាហ្វ្រិក អូស្រ្តាលី និងអាស៊ី។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ច័ន្ទគ្រាស​ទាំងស្រុងដែលគេ​ហៅថា Total Lunar Eclipse នឹងកើតមានម្តង​ទៀត​នៅ​​ថ្ងៃទី២១ ខែមករា​ឆ្នាំក្រោយ ប៉ុន្តែវាពុំអាចមើល​ឃើញ​ពីតំបន់​អាស៊ីឡើយ ហើយច័ន្ទគ្រាស​​នៅឆ្នាំក្រោយនេះ នឹងមានរយៈពេល​​​ត្រឹម ​​​៦២នាទី ប៉ុណ្ណោះ។​ សម្រាប់តំបន់​​អាស៊ីយើង នឹងត្រូវចាំ​រហូតទាល់តែដល់​​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ទើបមាន​ឱកាសអាច​​ទទួលបាន​ទស្សនីយភាព​បែបនេះ​ម្តង​​ទៀត៕

ចែករំលែក