យន្តហោះ​អវកាស VSS Unity នឹងនាំមនុស្សទៅ​ស្រទាប់មេសូ​របស់ផែនដី ដែលមាន​ទំនាញខ្សោយ​បំផុត!

0

 

(អាមេរិក)៖ យន្តហោះអវកាស​ថ្មី​បំផុតរបស់​ក្រុមហ៊ុន Virgin Galactic បានឡើងនៅ​លើផ្ទៃអាកាសជាថ្មី​ម្តងទៀត នៅក្នុងការធ្វើតេស្ត​​ហោះហើរលើកទីបី ដោយការសាកល្បង​លើកនេះ បានហោះឡើងដល់​ស្រទាប់បរិយាកាស​ខ្ពស់ជាង​ពេលមុនៗទៅទៀត។ នេះ​បើ​តាម​ការដកស្រង់ការ​ផ្សាយចេញពីវែបសាយ Space.com នៅល្ងាចថ្ងៃសុក្រ ទី២៧ ខែកក្កដា ឆ្នាំ២០១៨។

យន្តហោះ VSS Unity គឺជាយន្តហោះ​ប្រភេទ SpaceShipTwo ដែលត្រូវបាន​រចនាឡើង ដើម្បីនាំយកអ្នក​ដំណើរ​ចំនួន ០៦នាក់ ព្រមទាំង​អាកាសយានិក ០២នាក់ ឡើងទៅកាន់​ទីអវកាស ជាទីដែលពួក​គេអាចទទួលបាន​បទពិសោធន៍​នៃ​កម្លាំងទំនាញ​ខ្សោយបំផុត សម្រាប់រយៈពេល​​ប្រហែល ០៥នាទី មុនពេលហោះត្រឡប់​ចុះមកផែនដី​វិញ។

គួរជម្រាបថា ដើម្បីឡើងទៅដល់​ទីអវកាស យន្តហោះ VSS Unity ត្រូវ​​​ប្រើប្រាស់យន្តហោះ​សណ្តោង WhiteKnightTwo ឬ VMS Eve ​ដែលនឹងនាំយកវា​ទៅដល់រយៈកម្ពស់​សមរម្យមួយ រួចហើយ​ទើប​ព្រលែងឲ្យ VSS Unity ហោះហើរដោយ​ខ្លួនឯង​ផ្ទាល់​ទៅទីអវកាស​ ហើយក្រោយពីបានភ្លក្សរស់ជាតិ​​ទំនាញខ្សោយបំផុតនោះ ទើបយន្តហោះនោះចុះមកទុំលើ VMS Eve។

សម្រាប់ការហោះហើរ​សាកល្បងលើកទីបីនេះ ក្រុមហ៊ុន Virgin Galactic បានអះអាងថា វាគឺជាលើកទីមួយ​ដែល​​យន្តហោះ​​អវកាស​នេះ បានឡើងទៅដល់​ស្រទាប់បរិយាកាស​ផែនដី ដែលគេហៅថា មេសូ (Mesosphere) ដែលមាន​រយៈកម្ពស់ពីផ្ទៃដីប្រមាណ ៥២គីឡូម៉ែត្រ៕

ចែករំលែក