ប្រទេសរុស្ស៊ី​អំពាវនាវ​ឲ្យអាមេរិក បោះបង់មហិច្ឆតាបង្កើតទ័ព​អវកាស​ចោលទៅ!

0

(ម៉ូស្គូ)៖ ក្រសួងការ​បរទេសរុស្ស៊ី ​បានចេញមុខ​អំពាវនាវ​យ៉ាងទទូច​ឲ្យ​​សហរដ្ឋអាមេរិក បោះបង់ចោល​គម្រោង​ «ពង្រឹងវិស័យ​ការពារ​ជាតិនៅលើទី​អវកាស» ដោយយោង​លើហេតុផលថា វាអាចបំផ្លិចបំផ្លាញ​​​ស្ថិរភាព​យុទ្ធសាស្រ្ត​នៃពិភពលោក។ នេះបើតាមការ​ដកស្រង់ការ​ផ្សាយ​ចេញពី ទីភ្នាក់ងារព័ត៌មានចិន​ស៊ីនហួរ នៅ​ព្រឹកថ្ងៃ​សៅរ៍ ទី២៨ ខែកក្កដា ឆ្នាំ២០១៨។

ការទទូច​ខាងលើ​របស់រដ្ឋាភិបាល​ទីក្រុងម៉ូស្គូ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​សភា​តំណាងរាស្រ្ត​អាមេរិក ទើបតែបានអនុម័ត​​ច្បាប់​ស្តីពី​​វិស័យ​ការពារជាតិ​សម្រាប់ឆ្នាំ​សារពើពន្ធ​២០១៩ ដែលជំរុញការអភិវឌ្ឍ និងដាក់ពង្រាយ​​ឧបករណ៍​​សែនស័រយោធា (Sensor) នៅទីអវកាសនាឆ្នាំ២០២២ ដើម្បីធានា​ឲ្យបាននូវប្រសិទ្ធភាព​ នៃសមត្ថភាព​ការពារមីស៊ីល​របស់​ទីក្រុង​វ៉ាស៊ីនតោន។ ជុំវិញរឿងនេះ​រុស្ស៊ី​បាន​​​​​​​​ប្រកាស​ជំហរ​ប្រឆាំងដាច់ខាត​ចំពោះគម្រោងបែបនេះ ហើយផ្តល់អាទិភាពតែទៅលើបេសកកម្មរុករក​នៅទីអវកាស ក្រោម​គោល​ដៅ​សន្តិ​ភាព​តែ​​មួយ​​មុខ​គត់។

គួរជម្រាបថា នាពេលកន្លងទៅនេះ​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានបង្ហាញពីគោលជំហរ​យ៉ាងរឹងមាំ ក្នុងការបង្កើត​​​កង​អង្គភាពយោធា​អវកាសមួយដាច់​ដោយឡែក ពីកងអង្គភាពដ៏ទៃទៀត​របស់អាមេរិក​ផងដែរ។ បច្ចុប្បន្ន​ការគ្រប់គ្រង​ទីអវកាស គឺស្ថិតនៅក្នុងដៃរបស់កងទ័ព​អាកាសអាមេរិក ប៉ុន្តែ​អ្វីដែល​អាមេរិកចង់បាននោះ គឺការបង្កើតវាដាច់ដោយឡែកតែម្តង ដើម្បីឲ្យ​មានការធ្វើ​ទំនើបកម្ម​កាន់តែ​ខ្លាំងក្លា៕

ចែករំលែក