អត់​បាន​ទស្សនាយប់​មិញមែន​ទេ? ទាំងនេះ​ជារូបភាពច័ន្ទគ្រាស​នៅពេលទៀបភ្លឺ​ថ្ងៃសៅរ៍ (រូបភាពខាងក្នុង)

0

(ប៉េកាំង)៖ កាលពីវេលាយប់​រំលងអធ្រាតឈានចូលថ្ងៃសៅរ៍នេះ បាតុភូត​ច័ន្ទ​គ្រាស​ជាប្រវត្តិសាស្រ្ត ដែលមានរយៈពេលយូរជាង​គេបង្អស់​ប្រចាំ​​សតវត្សរ៍​ទី ​២១ នេះ បានលេចឡើង​នៅលើផ្ទៃមេឃ​ពេលរាត្រី នៃ​បណ្តា​ប្រទេស​មួយចំនួនក្នុងតំបន់​​អាមេរិកខាងត្បូង អាហ្រ្វិក អឺរ៉ុប អាស៊ី និងអូស្រ្តាលី។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសៅរ៍ ទី២៨ ខែកក្កដា ឆ្នាំ២០១៨។

បាតុភូតរាហ៊ូ​ចាប់​ច័ន្ទ​ខាង​លើនេះ បានចាប់​ផ្តើម​នា​យប់​​រំលងអធ្រាតឈាន​​ចូល​ថ្ងៃ​សៅរ៍ ទី២៨ ខែកក្កដានេះចាប់​ពីម៉ោង ០១៖៣០នាទី​រំលងអធ្រាត ហើយវា​មានរយៈពេល​​ជិតពីរម៉ោងពោលគឺ ០១ម៉ោង និង ៤៣នាទីរំលង​អធ្រាត។ និយាយរួម​​ទៅលោក​ខែ​ ត្រូវបាន​លេប​បាត់​ពី​ផ្ទៃមេឃ​ទាំងស្រុង​ពី​ម៉ោង ០២៖៣០នាទី ដល់ម៉ោង ០៤៖១៣នាទី រំលងអធ្រាត​ថ្ងៃដដែល (ម៉ោងនៅទី​ក្រុងភ្នំពេញ)។​

រយៈពេលខាង​​លើនេះ​ ខ្លីជាងព្រឹត្តិការណ៍ច័ន្ទគ្រាស​​ងងឹត​បាត់​ទាំង​ស្រុង​ ដែល​អាចបន្ត​ប្រព្រឹត្ត​ទៅយូរបំផុត​ត្រឹមតែ ០៤នាទីប៉ុណ្ណោះ ដោយច័ន្ទគ្រាសវែង​បំផុតអាចកើតមាន​សម្រាប់រយៈពេល ​០១ម៉ោង និង ៤៧នាទី។ ពេលចុង​ក្រោយ​បំផុត ដែលព្រឹត្តិការណ៍​ច័ន្ទគ្រាស​​ទាំងស្រុង​ បាន​​កើត​មាន​​ក្នុងរយៈពេល​ដ៏យូរ​បែបនេះ គឺតាំងពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០០០ មកម្ល៉េះ​ជាមួយរយៈពេល​សរុប​ ០១ម៉ោង និង៤៦នាទី។

គួរជម្រាបថា ដូចទៅនឹងបាតុភូត Super Blue Blood Moon ដែលបានកើតឡើងកាលពី​ខែមករាដើមឆ្នាំនេះដែរ ច័ន្ទគ្រាសនាថ្ងៃនេះ​បាន​លេចចេញជាពណ៌ក្រហម នៅពេលវាត្រូវបានកំបាំងដោយស្រមោលផែនដីទាំងស្រុង។ ព្រឹត្តិការណ៍ច័ន្ទគ្រាស​ពេញលេញដែលគេ​ហៅថា Total Lunar Eclipse នឹងកើតមានម្តង​ទៀត​នៅ​​ថ្ងៃទី២១ ខែមករា​ឆ្នាំក្រោយ ប៉ុន្តែវាពុំអាចមើល​ឃើញ​ពីតំបន់​អាស៊ីឡើយ ហើយ​ច័ន្ទគ្រាស​​នៅឆ្នាំក្រោយនេះ នឹងមានរយៈពេល​​​ត្រឹម ​​​៦២នាទី ប៉ុណ្ណោះ។​ សម្រាប់តំបន់​​អាស៊ីយើង នឹងត្រូវចាំ​រហូតទាល់តែដល់​​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ទើបមាន​ឱកាសអាច​​ទទួលបាន​ទស្សនីយភាព​បែបនេះ​ម្តង​​ទៀត៕

ចែករំលែក