ទីបំផុតវាចាប់ផ្តើមដំណើរការ​អង្កេតហើយ! ដំណឹង​ពីភពអេលៀន​នឹងមានក្នុង​ពេលយ៉ាងតិច០២ឆ្នាំ!

0

 

(វ៉ាស៊ីនតោន)៖ ផ្កាយរណប​ឆ្លុះភពថ្មីបំផុតរបស់​ទីភ្នាក់ងារអវកាស NASA បានចាប់ផ្តើម​ធ្វើប្រតិបត្តិការ​របស់វាហើយ​កាលពីសប្តាហ៍​មុន ហើយសំណុំ​ទិន្នន័យដំបូង​របស់វា ត្រូវគេរំពឹងថា នឹងបញ្ជូនមកកាន់​ផែនដីនៅខែសីហា​ខាងមុខ។ នេះបើតាម​ការដកស្រង់ការ​ផ្សាយ​ចេញពី​ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃ​ចន្ទ ទី៣០ ខែកក្កដា ឆ្នាំ២០១៨។

កែវយឺតអវកាស​ដែលមានឈ្មោះ​ពេញថា Transiting Exoplanet Survey Satellite នេះ​ត្រូវបានគេបាញ់បង្ហោះឡើង​ ទៅទីអវកាស​កាល​ពី​ថ្ងៃទី១៨ ខែមេសា ហើយវាគឺជាផ្កាយរណប​ដែលមានតួនាទី​ តាមឆ្លុះរក​ភពអេលៀន​ដែលស្ថិតនៅក្រៅ​រង្វង់នៃប្រព័ន្ធ​ព្រះអាទិត្យយើង។ ​កែវយឺតអវកាស TESS នឹងធ្វើការសង្កេត​ទៅលើ​កម្រិត​ពន្លឺ​​នៃផ្កាយ​​ជាង ​២០០,០០០ដួង សម្រាប់​រយៈពេល ០២ឆ្នាំ ដើម្បី​ស្វែងរកវត្ត​មាន​​​ភពនៅ​ជុំវិញពួកវា។

គួរជម្រាបថា បច្ចុប្បន្ន TESS កំពុងស្ថិតលើគន្លង​ដ៏ខ្ពស់លើផែនដី ដែលពុំធ្លាប់មានផ្កាយរណប​ណា ប្រើប្រាស់កាលពីមុនមកឡើយ ហើយវា​នឹងធ្វើការសិក្សា​ទៅលើផ្ទៃមេឃប្រមាណ ៩០ភាគរយ ហើយបាញ់​បញ្ជូនទិន្នន័យ​ត្រឡប់មកផែនដីវិញ​ជារៀងរាល់ ១៣.៥ថ្ងៃម្តង។

ដោយ​ផ្តោតទៅលើ​ពពួក​ផ្កាយ​​ដែលមានពន្លឺចាប់ពី ៣០ ទៅ ១០០ដងភ្លឺជាង​​ផ្កាយដែល​កែវយឺត​អវកាស Kepler ធ្លាប់បានសង្កេត TESS ​ក៏​នឹង​ជួយត្រួសត្រាយ​ផ្លូវ​សម្រាប់ការសិក្សា​នាពេលអនាគត​ ​​ជាមួយ​កែវយឺត​អវកាស James Webb របស់ NASA ផងដែរ ដែលគ្រោងនឹងបាញ់បង្ហោះនៅខែមីនា ឆ្នាំ២០២១៕​

ចែករំលែក