Oops! យានផ្ទុក​មីក្រូសារពាង្គកាយ នឹងត្រូវបាញ់​បង្ហោះទៅព្រះច័ន្ទ​នៃភពអង្គារ ដើម្បី​ពិសោធន៍​…

0

 

(ម៉ូស្គូ)៖ ក្រុមអ្នកវិទ្យាសាស្រ្ត​នៃប្រទេសរុស្ស៊ី កំពុងគ្រោងនឹងបញ្ចូនយានអវកាស​មួយគ្រឿង ដែលមានផ្ទុកពពួក​សារពាង្គកាយតូច (Microorganism) ទៅកាន់​​ព្រះច័ន្ទ Phobos របស់​ភពអង្គារ (Mars) ហើយនាំយកពួក​វាត្រឡប់មកផែនវិញ ដើម្បីសិក្សាពីការ​ប្រែប្រួល​ណាមួយ ដែលអាចកើត​មានឡើង​នៅអំឡុង​ពេលធ្វើដំណើរ​​ក្នុងបេសកកម្មនេះ។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញពី​សារព័ត៌​មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី០៤ ខែសីហា ឆ្នាំ២០១៨។

បើតាម​ប្រធាន​មន្ទីរពិសោធន៍​​ ផ្នែកសិក្សាទៅលើពពួកមីក្រូ​សារពាង្គកាយ នៃបណ្ឌិត​សភាវិទ្យាសាស្រ្ត​​របស់ប្រទេសរុស្ស៊ី លោកស្រី Natalya Novikova គម្រោង​ខាងលើនេះ នឹងត្រូវប្រព្រឹត្ត​ទៅក្រោមផ្នែក​នៃបេសកកម្ម​​ឈ្មោះថា Bumerang។ លោក​ស្រី Novikova បាន​​បញ្ជាក់ថា បេសកកម្ម Bumerang គឺជាការបង្កើត​ឡើងវិញនូវអតីត​បេសកកម្ម Fobos-Grunt ​ដែលការបញ្ជូន​បេសកកម្ម​ប្រមូលគំរូតាង​​​​ទៅកាន់​ព្រះច័ន្ទ Phobos ប៉ុន្តែគោលដៅ​របស់ Bumerang គឺបញ្ជូន​យាន​មានផ្ទុកមីក្រូ​សារពាង្គកាយ ហើយនាំយក​វាមកវិញ​ដើម្បី​សិក្សា​លើការ​ប្រែប្រួល។

គួរជម្រាបថា កាលពី​ខែវិច្ឆិកា ឆ្នាំ២០១១ រុស្ស៊ីបានព្យាយាម​ចាប់​ផ្តើមបេសកកម្ម Fobos-Grunt ឬ Phobos-Grunt ទៅកាន់​ព្រះច័ន្ទ Phobos របស់​ភពអង្គារ ប៉ុន្តែក្រោយពីបាន​ឡើងទៅដល់​​គន្លង​ផែនដី យានអវកាស​នេះ​ពុំអាចបញ្ឆេះ​ម៉ាស៊ីនវាបាន​ឡើយ។ រយៈពេល ​០២ខែក្រោយមក វាក៏បានចាប់​ផ្តើមធ្លាក់ចុះមក​បរិយាកាសផែនដីវិញ ហើយធ្លាក់​ទៅក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​៕

ចែករំលែក