ក្រុមការងារ New Horizons ត្រៀមអង្កេត​អាចម៍ផ្កាយ 2014 MU69 ដែលនឹងជះស្រមោលលើផែនដីនៅឆ្នាំ២០១៩…

0

 

(អាមេរិក)៖ ក្រុមការងារនៃបេសកកម្ម New Horizons របស់អង្គការ NASA កំពុងត្រៀមខ្លួន​សម្រាប់ការតាមដាន​លើក​ចុង​ក្រោយ​ពីផែនដី ទៅលើថ្មអវកាសមួយមានឈ្មោះថា 2014 MU69 ដែលយាន New Horizons នឹង​ហោះទៅឆ្វែល​នៅដើមឆ្នាំ២០១៩​។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែសីហា ឆ្នាំ២០១៨។

នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ដុំថ្មអវកាស 2014 MU69 នឹងធ្វើដំណើរឆ្លងកាត់​នៅពីខាងមុខ ឬកំបាំង (Occult) ផ្កាយដ៏ឆ្ងាយមួយ ដែល​ឱកាសនេះនឹងធ្វើឲ្យវាជះស្រមោលព្រាលៗ​មកលើតំបន់ចំនួនពីរលើផែនដី គឺនៅសេណេហ្គាល់ និងកូឡុំប៊ី ជាទីដែលក្រុមការងារ New Horizons នឹងត្រៀមខ្លួនរង់ចាំជាមួយ​កែវយឺត​របស់ពួកគេ។​

គោលបំណងនៃការធ្វើបែបនេះ គឺដើម្បីសិក្សាស្វែងយល់ឲ្យបានច្រើនតាមតែអាចធ្វើបាន ​អំពី​ 2014 MU69 ឬអាចហៅឈ្មោះមួយ​ទៀត​ថា Ultima Thule ដែល New Horizons នឹងហោះឆ្វែលទៅកៀក​នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩។ បាតុភូត Occultation នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ នឹងផ្តល់តំរុយ​ខ្លះ​ៗ​​ជុំវិញអ្វីដែលអាចត្រូវរំពឹងទុកពី​ថ្មអវកាស Ultima Thule ហើយជួយ​អ្នកវិទ្យាសាស្រ្ត​កែសម្រួល​គម្រោង​ហោះ Flyby របស់ពួកគេ។​

ដោយឡែក វាពុំមែនជាលើកទីមួយឡើយ ​ដែលក្រុម New Horizons បានធ្វើការតាមដានស្រមោលរបស់ Ultima Thule។ កាល​ពី​ឆ្នាំ​ទៅ​មិញ ក្រុមអ្នកវិទ្យាសាស្រ្ត បានធ្វើដំណើរទៅកាន់​អាហ្សង់ទីន និងអាហ្រ្វិកខាងត្បូង ដើម្បីសង្កេតបាតុភូត Occultation ហើយ​នា​ពេល​នោះ ​​​ទិន្នន័យដែលក្រុមការងារនៅអាហ្សង់ទីនប្រមូលបាន បាន​ផ្តល់ប្រយោជន៍​ជាច្រើនក្នុងកំណត់រយៈចម្ងាយនៃគម្រោងហោះ Flyby នៅ​ចម្ងាយ​៣,៥០០គីឡូម៉ែត្រ។

គួរជម្រាបថា ការសង្កេត​​​កាលពីឆ្នាំ២០១៧ ក៏បានបង្ហាញតំរុយដែរថា Ultima Thule តាមពិតប្រហែលអាចជាដុំថ្មពីរ​ធ្វើគោចរ​ក្នុង​គ​​​​ន្លង​ជាមួយ​គ្នា ហើយ​វាថែមទាំងអាចមានព្រះច័ន្ទទៀតផង។​ បើតាមការបញ្ជាក់ពីក្រុមការងារ New Horizon ​ពុំមានគម្រោងសង្កេតបាតុ​ភូត Occultation ណាផ្សេងត្រូវបានគ្រោងឡើង​​ហួសពីគម្រោងនាចុងសប្តាហ៍នេះឡើយ៕

ចែករំលែក