អំណាច​អវកាសរបស់រុស្ស៊ី​កាន់តែថមថយ, មូលហេតុ​គឺមកពី​មហាយក្សចិន…

0

 

(ម៉ូស្គូ)៖ ប្រទេសដែលមាន​សមត្ថភាពបាញ់បង្ហោះ​ផ្កាយ​រណបដំបូងគេ កំពុងតែបាត់បង់​គុណសម្បត្តិ​​របស់ខ្លួន ក្នុងវិស័យ​អវកាស​ទៅ​កាន់​​គូប្រជែង​មួយចំនួនដូច​ជាក្រុមហ៊ុនអវកាស​ឯកជនរបស់​អាមេរិក SpaceX និងជាពិសេសនោះ​គឺចិនតែម្តង។ នេះបើតាម​ការដក​ស្រង់ការផ្សាយ​ចេញពី​វែបសាយ Defense One នៅ​រសៀលថ្ងៃចន្ទ ទី០៦ ខែសីហា ឆ្នាំ២០១៨។

កាលពីខែកក្កដា​កន្លងទៅនេះ វិស័យអវកាសរុស្ស៊ី​បានជួបប្រទះបញ្ហា​ជាច្រើន រួមានទាំងការចាប់​ខ្លួនអ្នកវិទ្យាសាស្រ្ត​ដែល​​គេ​សង្ស័យ​ថា បានលួចផ្តល់​ព័ត៌មានផ្នែក​បច្ចេកវិទ្យាទៅឲ្យប្រទេសដទៃ ព្រមទាំងសេចក្តី​ប្រកាសរបស់​​ទីភ្នាក់ងារ​អវកាសរុស្ស៊ី Roskosmos ស្តីពីការ​លុបចោល​នូវការធ្វើតេស្តហោះ​ហើរ​សាកល្បង នៃយានអវកាស Federation ដែលគ្រោង​ធ្វើឡើង​នា​ឆ្នាំ២០២២។

ប៉ុន្តែបញ្ហា​សំខាន់​ទាក់ទិននឹងកិច្ចប្រឹងប្រែង​ ក្នុងវិស័យ​អវកាសរុស្ស៊ី មិនមែនទើប​កើតមានឡើង​នាពេលថ្មីៗនេះ​ឡើយ។ តួយ៉ាង​បើតាម​​សារព័ត៌មានរុស្ស៊ី Lenta.ru ការខាតបង់ធ្ងន់ធ្ងរ​បំផុតរបស់រុស្ស៊ី គឺការផ្ទេរ​​បច្ចេកវិទ្យា​ស្តីពី​ការ​​បញ្ជូន​មនុស្សទៅរុករក​ក្នុងទីអវកាស​របស់​ខ្លួន ទៅឲ្យ​ប្រទេស​ចិន។

ការទទួលបាន​ព័ត៌មាន និងបច្ចេកវិទ្យាសំខាន់​ៗ​ចាប់តាំងពីទសវត្សរ៍​​ ៩០មក ចិន​បានធ្វើ​ការឥទ្ធិពលអវកាស​​​​របស់រុស្ស៊ីធ្លាក់ចុះ​ជាខ្លាំង ខណៈមហាយក្ស​នៅអាស៊ីនេះ ត្រូវបាន​គេសង្កេតឃើញ កំពុងបោះជំហាន​ឆ្ពោះទៅកាន់​រក​​​​ប្រទេស​​កំពូល​មួយក្នុងវិស័យអវកាស​នាពេល​អនាគត តាមរយៈការជះលុយយ៉ាងច្រើនសន្ធឹក​សន្ធាប់ និងការបញ្ចេញគំរោង​ធំៗ​ជាច្រើន ដែលប្រទេស​មួយចំនួន​មិនអាចធ្វើតាម​បាន។

គួរជម្រាបថា ក្រៅពីចិន ក្រុមហ៊ុនអវកាសឯកជន​​​មួយចំនួន​របស់​សហរដ្ឋអាមេរិក ជាពិសេសគឺ SpaceX ដែលទើបតែបង្កើត​​ឡើង​កាល​ពីឆ្នាំ២០០២ ប៉ុណ្ណោះនោះ ក៏ជាដៃគូប្រកួត​ប្រជែង​ ដែលមិនអាចមើលរំលង​បានផងដែរ​សម្រាប់រុស្ស៊ី។ ពីមុនរុស្ស៊ី​បានដើរតួយ៉ាងសំខាន់ក្នុង​ការធ្វើឲ្យវិស័យអវកាស​របស់ខ្លួន ក្លាយជាភាពចាំបាច់​ដែលប្រទេស​នានាអាច​មកពឹងពាក់ ប៉ុន្តែដោយសារ​តែក្រុមហ៊ុនបរទេស​ជាច្រើនកំពុង​រីកមុខ ដូច្នេះការជាប់​គាំង​របស់រុស្ស៊ី ចំពេលប្រកួតប្រជែងបំផុតនេះ គឺជាការទាញ​អតីតមហា​អំណាចកំពូល​អវកាសនេះ ឲ្យកាន់តែដុនដាប៕

ចែករំលែក