ផ្កាយដុះ​កន្ទុយពណ៌បៃតង នឹងហោះមកកៀក​ផែនដី​នៅថ្ងៃទី០៧ ខែសីហា, ពេលនេះអ្នកវិទ្យាសាស្ត្រ​កំពុង​តាមដាន​មិនដា​ក់ភ្នែក!

0

 

(ម៉ូស្គូ)៖ អ្នកស្រាវជ្រាវ​នៅតំបន់អឌ្ឍគោល​ខាងជើង បាននិង​កំពុងតាមដាន​អាចម៍ផ្កាយដុះកន្ទុយ​ពណ៌បៃតងមួយ ដែលបញ្ចេញ​ពន្លឺ​​កាន់​តែ​​​ខ្លាំងទៅៗ ស្របពេលដែល​វាកំពុងឆ្ពោះទៅក្បែរ​ព្រះអាទិត្យ។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មាន​រុស្ស៊ី Sputnik នៅល្ងាច​ថ្ងៃចន្ទ ទី០៦ ខែសីហា ឆ្នាំ២០១៨។

ទំហំនៃដុំពពក​ធូលី-ឧស្ម័នរបស់អាចម៍​ផ្កាយដុះកន្ទុយ​ខាងលើ ត្រូវគេជឿជាក់ថា មានទំហំយ៉ាង​ហោចណាស់ធំ​ជាង​ពីរដង ធៀបជាមួយ​ទំហំ​របស់ភពព្រហស្បតិ៍ (Jupiter) ដែលជាភព​ធំបំផុតនៅក្នុងប្រព័ន្ធ​ព្រះអាទិត្យ។ The Incredible Hulk ដែលជាឈ្មោះ​ក្រៅគេដាក់ឲ្យ​អាចម៍​​ផ្កាយនោះ ដោយសារតែទំហំ​យក្សរបស់វា ត្រូវបានប្រទះឃើញ​ជាលើកដំបូងកាលពី​ខែកញ្ញា ឆ្នាំ២០១៧ ហើយវាត្រូវ​បានហ៊ុម​ព័ទ្ធ​​ដោយ​​​បណ្តុំធូលី ​​និង​ឧស្ម័​ន​អវកាស​ប្រវែង ២៦០,០០០គីឡូម៉ែត្រ ដែលទទួល​ថាមពល​ពី​ព្យុះព្រះអាទិត្យ។ ដោយ​មាន​​ឈ្មោះ​ផ្លូវ​ការ​ថា PanSTARRS អាចម៍ផ្កាយ​ដុះកន្ទុយនេះ ត្រូវគេរំពឹងថា នឹងខិតមក​ជិតផែនដីបំផុត​នៅថ្ងៃទី០៧ ខែសីហា ស្អែកនេះហើយ។

ចម្ងាយកៀកបំផុត​ដែលអាចម៍ផ្កាយ The Incredible Hulk នឹងធ្វើដំណើរ​ឆ្លងកាត់​ផែនដី​គឺប្រហែល ​១១៣.៤លានគីឡូម៉ែត្រ ប៉ុន្តែ​បណ្តុំ​​ពពកឧស្ម័ន​និងធូលីអវកាសដ៏​ធំសម្បើមរបស់វា អាចបង្កការរំខាន​មួយចំនួននៅក្នុងបរិយាកាស​ផែនដី​បាន។

គួរជម្រាបថា ​បើតាមតារាវិទូ​អាចម៍ផ្កាយដុះកន្ទុយ​ខាងលើ ​នឹងខិតទៅក្បែរ​ព្រះអាទិត្យបំផុត​​នៅថ្ងៃទី១៦ ខែសីហា ហើយនាពេល​នោះ​​​វានឹងពិបាករកមើល​ជាខ្លាំង នៅអំឡុងពាក់​កណ្តាលខែសីហា។ ចំណែកពេលវេលា​ដ៏ប្រសើរបំផុត​ដើម្បី​ចាំមើល​ផ្កាយដុះកន្ទុយ​ពណ៌បៃតងនេះ នៅតំបន់អឌ្ឍគោលខាង​ជើង​នៃផែនដី នាថ្ងៃទី០៧ និង០៨ ខែសីហា៕

ចែករំលែក