ក្រុមតារា​វិទូចិន​រកឃើញផ្កាយយក្ស​មួយដួង ដែលផ្ទុក​សារធាតុ Lithium ច្រើនជាង​ផ្កាយ​ធម្មតា ៣,០០០ដង!

0

 

(ប៉េកាំង)៖ តារាវិទូ​ចិន​​ទើបបានប្រទះឃើញ​​ផ្កាយដ៏ធំមួយដួង​ ដែលមានផ្ទុក​សារធាតុ​លីចូម (Lithium) ច្រើនជាងគេ​បង្អស់ ដែលអាច​​ជួយផ្តល់​ចម្លើយថ្មីថែមទៀត ទាក់ទិននឹងដំណើរ​វិវឌ្ឍន៍​នៃ​​ចក្រវាឡយើងនេះ។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃអង្គារ ទី០៧ ខែសីហា ឆ្នាំ២០១៨។

ដួងតារា​ខាងលើ ដែលមាន​បរិមាណសារធាតុ​ Lithium ដល់ទៅ ៣,០០០ដង ច្រើនជាង​ផ្កាយធម្មតា ត្រូវបានរកឃើញ​នៅក្នុងទិសនៃ​​កញ្ចុំផ្កាយ Ophiuchus ដែលស្ថិតនៅ​ចម្ងាយប្រហែល ៤,៥០០ឆ្នាំពន្លឺ ពីភពផែនដី។ ការរកឃើញ​ផ្កាយយក្ស​នេះ ត្រូវបានធ្វើឡើង​តាមរយៈ​ការ​ប្រើ​ប្រាស់​​ប្រព័ន្ធ​តេឡេស្កូប LAMOST ដែលស្ថិត​នៅខេត្ត ហេបៃ (Hebei) ភាគ​ខាងជើង​​​ប្រទេសចិន។ កែវយឺតមាន​សមត្ថភាពសង្កេត​មើល​វត្ថុ​​អវកាស​ចំនួនប្រមាណ ៤,០០០ ក្នុងពេលតែមួយ ហើយវាបាន​ចូលរួមចំណែកយ៉ាង​ច្រើន ដល់ការសិក្សា​ទៅលើសណ្ឋាន​នៃ​កាឡាក់ស៊ី​។​

គួរជម្រាបថា Lithium ត្រូវគេចាត់​ទុកថា គឺជា​សារធាតុមួយក្នុង​​ចំណោមសារធាតុផ្សំ​​សំខាន់ៗទាំង ៣ ដែល​បានធ្វើ​​សំយោគ​នៅក្នុង​មហាព្រឹត្តិការណ៍​​បន្ទុះ Big Bang រួមជាមួយ​​​អ៊ីដ្រូសែន និងអេល្យូម។ ជាធម្មតាតារា​នានា​តែងតែមានសារធាតុ​ទ្រទ្រង់ចំហេះ​ខាងលើនេះ ក្នុងបរិមាណយ៉ាងច្រើនមហិមា ហើយការ​រកឃើគនេះ នឹងជួយឲ្យអ្នក​វិទ្យាសាស្ត្រ សិក្សាបានកាន់​តែប្រសើរ​អំពីរបៀប​នៃការកកើតកាឡាក់ស៊ី និង​ប្រព័ន្ធផ្កាយ​នៅក្រោយ​បន្ទុះ Big Bang៕

ចែករំលែក