អ្នកនៅប៉ូល​ខាងជើង​ផែនដី​ទើបមើល​​ឃើញ! ផ្កាយដុះ​កន្ទុយពណ៌​បៃតង នឹងហោះកៀក​យើងក្នុង​ចម្ងាយ ១០០លានគីឡូម៉ែត្រ!

0

 

(អាមេរិក)៖ ផ្កាយដុះកន្ទុយពណ៌បៃតង ដែលគេដាក់​ឈ្មោះ​ឲ្យ​ថា Incredible Hulk បានធ្វើដំណើរ​មកឆ្លងកាត់កៀកផែនដីបំផុត​​នៅ​ចម្ងាយ​​ជាង​ ១០០​លានគីឡូម៉ែត្រ។ នេះបើតាមការ​ដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី០៨ ខែសីហា ឆ្នាំ២០១៨។

សម្រាប់អ្នក​ដែលរស់នៅអឌ្ឍគោល​ខាងជើងនៃផែនដី អាចមើលឃើញ​អាចម៍ផ្កាយដុះកន្ទុយ ដែលមាន​រហស្សនាម​ថា The Incredible Hulk ដោយសាតែទំហំ និងពណ៌ដ៏ចម្លែករបស់វា ធ្វើដំណើរឆ្លងកាត់ផ្ទៃមេឃ នាពេលវេលា​យប់ថ្ងៃអង្គារ និងថ្ងៃពុធសប្តាហ៍នេះបាន។

ដោយមាន​ឈ្មោះផ្លូវការថា C/2017 S3 អាចម៍ផ្កាយ​ដុះកន្ទុយ​នេះ ត្រូវបានប្រទះឃើញជាលើកដំបូងកាលពី​ខែធ្នូ ឆ្នាំ២០១៧ ដោយ​​តេឡេស្កូប PanSTARRS នៅ​កោះហាវ៉ៃ។ ម៉្យាងវិញទៀត នេះប្រហែលជា​លើកទីមួយហើយ វាបានធ្វើដំណើរឆ្លង​កាត់ប្រព័ន្ធព្រះ​អា​ទិត្យ​របស់យើង។

គួរជម្រាបថា ​អាចម៍ផ្កាយខាងលើ​ត្រូវគេរំពឹងថា ទៅដល់កៀក​ព្រះអាទិត្យបំផុតនៅថ្ងៃទី១៥ ខែសីហា រួចហើយនឹងក្រឡឹង​ត្រឡប់​ឆ្ពោះ​ចេញទៅក្រៅ​ព្រះអាទិត្យវិញ ដោយឆ្លងកាត់ផ្ទៃមេឃ​របស់យើងជាថ្មី​ម្តងទៀត៕

ចែករំលែក