តើនរណា​ជាអ្នកហៅ ឬដាក់​ឈ្មោះថា Earth (ផែនដី) ដំបូង​គេ​បង្អស់?

0

 

(ភ្នំពេញ)៖ ខុសពីភពនានា​នៅក្នុងប្រព័ន្ធព្រះអាទិត្យ​យើងនេះ ដែលត្រូវបាន​​មនុស្ស​លោក​លើភពផែនដី​ជាអ្នកដាក់ឈ្មោះឲ្យក្រោយ​ពីការអង្កេត និងរកឃើញនា​រាប់រយរាប់ពាន់​ឆ្នាំកន្លងមកនេះ ប៉ុន្តែដែនដី​ដែលយើងទាំងអស់គ្នា​កំពុងស្ថិតនៅ​រាល់ថ្ងៃនេះ តើយើងមាន​ដឹងទេថា នរណាជាអ្នក​ដាក់ឈ្មោះឲ្យនោះ? (ក្នុង​ចំណុចនេះ គឺយើងចង់សំដៅ​ទៅលើ​ឈ្មោះថា Earth ជាភាសា​អង់គ្លេស មិនមែនផែនដី​ជាភាសាខ្មែរនោះ​ឡើយ)។

ជាការពិតចម្លើយ​​គឺស្ថិតនៅក្នុងភាពស្រពិចស្រពិល​ខ្លាំង​នៅឡើយ ព្រោះតាមរយៈការ​ស្រាវជ្រាវពីក្រុមអ្នក​​ប្រវត្តិវិទូកន្លងមកនេះ គឺគេមិនទាន់​​អាចដឹងថា តើឈ្មោះថា Earth នេះនរណាជា​អ្នកដាក់ឈ្មោះឲ្យ ឬក៏អាយុកាលនេះឈ្មោះថា Earth នោះ​ឡើយ ប៉ុន្តែសម្រាប់​ភាសាដំបូងៗ​ ​ដែលពាក្យនេះ​ត្រូវ​បាន​កម្លាយមកនោះ គឺគេអាច​​ដឹ​ងបាន។

ឈ្មោះថា «ផែនដី ឬ Earth» នេះ​គឺចេញមក​​ពីពាក្យ​ក្នុង ភាសាអង់គ្លេស និង​អាល្លឺម៉ង់ «’eor(th)e/ertha’ and ‘erde’» ដែលមាន​ន័យ​ថា ​ផ្ទៃដី (Ground)។ ប៉ុន្តែអ្នក​​បង្កើត​​ឈ្មោះនេះ​​ពុំត្រូវបាន​​គេដឹង​នោះ​ឡើយ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​​​អារម្មណ៍​ទាក់​​ទិន​​នឹង​ឈ្មោះ​​របស់ភព​នេះ​គឺថា Earth ជាភពតែមួយគត់​​ក្នុង​ប្រព័ន្ធព្រះអាទិត្យ ដែលមិនមាន​ឈ្មោះតាម​​អាទិទេព​​​របស់​​ក្រិច ឬក៏រ៉ូមាំង​ដូចជា ពុធ (Mercury), សុក្រ (Venus), អង្គារ (Mars), ព្រហស្បតិ៍ (Jupiter), សៅរ៍ (Saturn), អ៊ុយរ៉ាណុស (Uranus) និង​ណិបទូន (Neptune) ជាដើម។

គួរបញ្ជាក់ថា ថ្វីត្បិតតែ​ឈ្មោះ Earth ឬផែនដី​មិនត្រូវបាន​ដឹងពីប្រភពដើមមែន ប៉ុន្តែវាច្បាស់​​ណាស់ថា គឺកើតចេញពីពាក្យ​ប្រមូលផ្តុំ ដើម្បីសម្គាល់​អំពីភាពធំធេងណាមួយ ដែលគ្មានកោះត្រើយ នៅក្នុងទស្សន​របស់មនុស្សពីបុរាណ​ និងជាតិសាសន៍និមួយៗ។ ឧទាហរណ៍ដូចជា​ឈ្មោះ​ខ្មែរយើង​ហៅថា «ផែនដី» នោះគឺការផ្សំគ្នារវាងពាក្យ ផែន (បន្ទះ) បូកនិងពាក្យដី ដែលចង់សំដៅទៅ​លើ​ផ្ទៃដីដ៏ធំធេងដែល​មនុស្សម្នា សត្វ និងរុក្ខជាតិ​កំពុងតាំងនៅ៕

ចែករំលែក