ជិតក្លាយ​ជាការពិត​ហើយ! កងទ័ពអវកាស​ដំបូង​លើលោក នឹងលេច​ចេញនៅឆ្នាំ​២០២០!

0

 

(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ទីបំផុតបាន​ប្រកាស​ពី​គម្រោងប្រកបដោយ​មហិច្ឆតារបស់ខ្លួនថា​ កងទ័ព​អវកាស​នឹងត្រូវឡើងជា​កងអង្គភាព​ទី ៦ នៃយោធា​របស់សហរដ្ឋអាមេរិក មិនឲ្យលើសពី​ឆ្នាំ២០២០ នោះឡើយ។ នេះបើតាម​ការដកស្រង់ការផ្សាយ​​ចេញពី ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសុក្រ ទី១០​ ខែសីហា ឆ្នាំ២០១៨។

នាពេលកន្លង​មកនេះ​លោក ដូណាល់ ត្រាំ បានខិតខំលើកស្ទួយ​គម្រោងខាងលើជាខ្លាំង ដោយលោក​ចង់បង្កើតកងកម្លាំង​យោធា​​ដាច់​ដោយឡែកមួយ ដែលមានសារៈសំខាន់​ស្មើនឹងកងទ័ព​អាកាស និងកងទ័ពជើង​គោកដែរ ប៉ុន្តែផ្តោតទៅលើ​ទីអវកាស។ សម្រា់​សេចក្តី​ប្រកាស​ស្តីពីព័ត៌មានលម្អិត​ នៃគម្រោងប្រកបដោយ​មហិច្ឆតា​នេះ ត្រូវបានធ្វើ​ឡើង​ដោយ​អនុប្រធានាធិបតី​អាមេរិក​លោក ម៉ៃក៍ ផែន (Mike Pence)។

គួរជម្រាបថា កងទ័ពអវកាសនេះ​ត្រូវគេរំពឹងថា មានទទួលបន្ទុក​សំខាន់ៗ​នៅទីអវកាស ដែលរួមមាន​ទាំង​ការគ្រប់​គ្រង​លើ​ផ្កាយរណប​ GPS និងប្រព័ន្ធ​សែនស័រ (Sensor) តាមដានការ​បាញ់មីស៊ីល​ជាដើម។ យ៉ាងណាមិញ ក្រុមអ្នករិះគន់​​បានមើលឃើញ​គម្រោងនេះថា​ជា​​​រឿងមិន​ចាំបាច់ និងចាយ​វាយ​ឥតប្រយោជន៍ ​ពីព្រោះថា​​កិច្ចទាំងនេះ កំពុងត្រូវបានមើលខុ​សត្រូវ​ប្រកបដោយ​ប្រសិទ្ធភាព ដោយ​ទ័ព​អាកាស​អាមេរិករួចស្រេច​ទៅ​ហើយ។

បញ្ជាក់បន្ថែម៖ នៅក្នុងអត្ថបទមួយ​មានចំណង​ជើងថា «Houston, We Have a Space Force» Wall Street Journal បាន​សរសេរថា «គម្រោង​​នេះ​មិនគួរ​លេចចេញ​ជារូបរាងឡើយ​នាពេលនេះ ទោះបីជា​លោក ដូណាល់ ត្រាំ គិតត្រូវអំពី​ការគំរាមកំហែង​​ពី​គូប្រជែងក៏ដោយក្តី»។ សារ​ព័ត៌​មាន​នេះ​​​បាន​​​លើក​ឡើង​ថា បញ្ហានោះ​គឺមិនមែនទីអវកាស​ ពុំសាកសមនឹងទទួលចំណាប់អារម្មណ៍​របស់យើងឡើយ ប៉ុន្តែយោធាសព្វថ្ងៃ​កំពុង​មានបន្ទុក​ខ្លាំង ទាក់ទិននឹង​វត្តមាននៃស្ថាប័ន​ចំណុះ និងថ្លៃចាយវាយផ្សេងៗ​ដ៏ច្រើនសន្ធឹក​សន្ធាប់ ដែល​អាច​​ធ្វើ​​ឲ្យ​​​ការ​​បង្កើត​​កង​​ទ័ព​​​អវកាស​​ ដាច់​ដោយ​​ឡែក​​មួយ​ទៀត​​នោះ ពុំមែនជា​គំនិតល្អ​ឡើយ។

ម៉្យាងវិញទៀត វាក៏នឹងបង្កឲ្យមាន​ការប្រកួតប្រជែង​គ្នា រវាងកងអង្គភាព​នីមួយៗ នៃកងកម្លាំង​ប្រដាប់អាវុធអាមេរិក​ផងដែរ ជាពិសេស​នោះ គឺរវាងកងទ័ព​អវកាសថ្មី និងកងទ័ព​អាកាស ដែលបច្ចុប្បន្នមាន​តួនាទីមើលការខុស​ត្រូវ លើសកម្មភាពយោធា​នៅទីអវកាស​​​​ប្រមាណ​​៩០ភាគរយ​តែម្តង ដើម្បីដណ្តើមយក​កញ្ចប់ថវិកាពីក្រសួង​ការពារជាតិ។ យ៉ាងណាមិញ លោក​ប្រធានាធិបតីអាមេរិក បាននិងកំពុងបន្ត​លើកឡើង​ អំពីគម្រោងបង្កើតទ័ពអវកាសនេះ នៅតាម​​ព្រឹត្តិការណ៍​យោធា និងការជួបអ្នកគាំទ្រ​ផ្នែកនយោបាយ​នានា ដែលរាល់ការថ្លែង​ទាក់ទិននឹងគំនិតនេះ លោក ត្រាំ តែងតែទទួលបាន​​ការទះដៃសាទរ​ពីសំណាក់អ្នក​ចូលរួម៕

ចែករំលែក