ទីបំផុតអាចម៍ផ្កាយ​ទំហំជាង ៣៧គីឡូម៉ែត្រ នៅ​ចន្លោះ​ភព​អង្គារ-ព្រហស្បតិ៍​​ត្រូវបានដាក់​ឈ្មោះ​ជាផ្លូវការ!

0

(ប៉េកាំង)៖ អាចម៍ផ្កាយមួយដុំ​ត្រូវបានគេដាក់ឈ្មោះ​តាម​សាកលវិទ្យាល័យ ធានជិន (Tianjin) នៃប្រទេសចិន ​ក្រោមការទទួលស្គាល់​ពីអង្គការអន្តរជាតិ IAU ។ នេះបើតាមការ​ដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែសីហា ឆ្នាំ២០១៨។

អាចម៍ផ្កាយ​ឈ្មោះ ធានជិនដេស៊ូ (Tianjindaxue) ដែលមានន័យថា សាកលវិទ្យាល័យ Tianjin ដែលមានលេខ​កូដ ៨៩១៧ ត្រូវ​ប្រទះឃើញ​កាល​ពី​​ខែ​មីនា ឆ្នាំ១៩៩៦ ដោយក្រុមតារាវិទូ​​នៅឯមូលដ្ឋានសង្កេត​ទីអវកាស ស៊ីងឡុង (Xinglong) ភាគខាងជើង​ប្រទេសចិន ដែលមានបរិយាកាស​ថ្លាងាយអង្កេត​ទីអវកាស។

ជាមួយមុខកាត់​ប្រវែងជាង​ ៣៧.១គីឡូម៉ែត្រ ដុំថ្មអវកាសនេះ​ធ្វើគោចរក្នុង​តំបន់ខ្សែ​ក្រវាត់​អាចម៍ផ្កាយ (Asteroid Belt) ដែលស្ថិតនៅ​ចន្លោះ​ភពអង្គារ (Mars) និង​ភពព្រហស្បតិ៍ (Jupiter) ហើយវាត្រូវប្រើប្រាស់ ​៦.២៨ឆ្នាំនៃផែនដី ដើម្បីវិលជុំវិញ​ព្រះអាទិត្យបាន​មួយជុំ។

គួរជម្រាបថា ​ការដាក់ពាក្យសុំ IAU ដើម្បីដាក់ឈ្មោះឲ្យអាចម៍​ផ្កាយខាងលើ ទើបតែត្រូវបាន​ធ្វើឡើង​កាលពីឆ្នាំ២០១៧ ប៉ុណ្ណោះ។ អាចម៍​ផ្កាយគឺជាវត្ថុអវកាស​តែមួយគត់ ដែលអាច​ត្រូវដាក់​ឲ្យតាមម្ចាស់របក​គំហើញ​​របស់វា៕​

ចែករំលែក