កងទ័ពអវកាស​ដំបូងបំផុត? ហេតុអ្វី​អាមេរិកចាំបាច់​ត្រូវតែបង្កើត​វាឡើង?

0

 

(វ៉ាស៊ីនតោន)៖ ខណៈសហរដ្ឋអាមេរិក​នាពេលថ្មីៗនេះ ទើបតែបានបង្ហាញ​គម្រោង​​អំពីការបង្កើតកងទ័ព​អវកាស សាស្រ្តាចារ្យម្នាក់មក​​ពីមហាវិទ្យាល័យ​ក្នុងទីក្រុងឡុងដ៍​នៃចក្រភព​អង់គ្លេស​បានបង្ហាញទស្សនៈមួយ​ចំនួន ជុំវិញគម្រោង​ពោពេញដោយ​មហិច្ឆតានេះ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី​សារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ២០១៨។

ទាក់ទិនទៅនឹង​ការងឿងឆ្ងល់​ដែលថា ការបង្កើតកងកម្លាំង​ប្រចាំទីអវកាស​ជារឿង​ចាំបាច់ ហើយអាចនាំ​ទៅរកបញ្ហាជម្លោះ​នៅទីនោះ​​ដែរ ឬយ៉ាងណានោះ លោក Harsh Pant បានលើក​ឡើងថា តម្រូវការនៃកងទ័ពអវកាស​នៅសហរដ្ឋអាមេរិក គឺមានតាំងតែ​ពីរយូរ​ណាស់មក​ហើយ ប៉ុន្តែពុំធ្លាប់មានការ​ព្រមព្រៀង​គ្នា​នោះទេ។ ទោះជាបែបនេះក្តី លោក ត្រាំ ហាក់ដូច​កំពុងតែពុះពារ​ឆ្លងកាត់​រឿងនេះ​។

«សម្រាប់ខ្ញុំ នៅចំណុចនេះ គឺវាពុំមែនជារឿងចាំបាច់ឡើយ ប៉ុន្តែបើគិតអំពី​សម័យកាលក្រោយវិញ អាមេរិកចង់​រក្សាជំហរដឹកនាំក្នុង​ផ្នែក​បច្ចេកវិទ្យា​ តាមរយៈការប្រកាសជាផ្លូវការ​ អំពីការបង្កើតទីបញ្ជាការ​​អវកាស»។ នេះបើតាមការ​បញ្ជាក់ពី​លោក Harsh ដែលកំពុងតែតាមដានមិនដាក់ភ្នែក ចំពោះសកម្មភាព និងគោលនយោបាយអវកាសថ្មីៗរបស់រដ្ឋបាល ត្រាំ។

ជុំវិញសំណួរមួយ​ផ្សេងទៀត​ថា តើគម្រោងនេះ​អាចបង្កឲ្យផ្ទុះបញ្ហាវិវាទ​​រវាង​ប្រទេស និងប្រទេសដែរ ឬក៏អត់នោះ លោក​​សាស្រ្តាចារ្យ Pant បានបន្តថា ខណៈធនធាន​លើផែនដី​កាន់តែខ្សត់ខ្សោយ​ទៅ ហើយមនុស្ស​លោកចាប់ផ្តើមរុករក​ក្នុងទីអវកាស​បានកាន់​តែឆ្ងាយ ​សំណួរទាក់ទិន​នឹងទីអវកាស ពុំមែនពាក់ព័ន្ធ​តែនឹងការប្រមូលផ្តុំ​សក្តានុពលក្នុងការប្រយុទ្ធ និង​ធ្វើសង្រ្គាម​ប៉ុណ្ណោះទេ តែក៏​មានការទាក់​ទង​នឹង​មធ្យោបាយ ដែលយើងនឹងត្រូវ​ធ្វើ​ដើម្បីបន្តកិច្ចការ​ប្រចាំថ្ងៃនាពេលអនាគត​ផងដែរ ពាក់ព័ន្ធនឹងដំណើរ​វិវឌ្ឍន៍​​នៃវិស័យ​ឧស្សាហ​កម្ម និងការប្រែប្រួល​នៃបច្ចេកវិទ្យា​នៅក្នុងសង្គម​ជាដើម។

គួរជម្រាបថា ​បើតាមសេចក្តីប្រកាស​របស់អនុប្រធានាធិបតីអាមេរិក នាដើមសប្តាហ៍នេះ កងទ័ពអវកាស​​របស់អាមេរិក នឹងត្រូវលេច​រូបរាងឡើង​ជាផ្លូវការនៅអំឡុងឆ្នាំ២០២០ ដែលគំរោងនេះនឹងក្លាយជាមហិច្ឆតាធំថ្មីមួយទៀត នៅក្នុងក្រសែ​ភ្នែកសត្រូវនានា​របស់អាមេរិក ព្រោះពួកគេបាន​មើលឃើញរួចទៅហើយថា អាមេរិក​កំពុង​ក្តោបក្តាប់​ពិភពលោក​​ទាំងមូល និងទីអវកាស តាមរយៈគ្រប់​វិធីដែលខ្លួនអាច​ធ្វើបាន៕

ចែករំលែក