នៅទីបំផុត​យាន Solar Parker កំពុងហោះ​ឆ្ពោះទៅព្រះអាទិត្យ​ហើយ ដើម្បីបើក​កកាយអាថ៌កំបាំងធំៗ​បន្ថែម​ទៀត!

0

 

(វ៉ាស៊ីនតោន)៖ ទីបំផុត​យាន​អវកាស Parker Solar Probe ដែលជាយាន​លឿនបំផុត​ក្នុងប្រវត្តិសាស្រ្ត​ ត្រូវបានបាញ់បង្ហោះឡើង​ទៅកាន់​ទីអវកាសហើយ តាមរយៈ​គ្រាប់រ៉ុក្កែត​ខ្នាត Delta IV ​របស់​ក្រុមហ៊ុន United Launch Alliance ចេញពី​រដ្ឋផ្លូរីដា​ភាគអាគ្នេយ៍​អាមេរិក​កាល​ពីម្សិលមិញនេះ ដើម្បីឆ្ពោះទៅសិក្សាស្រាវជ្រាវ​ព្រះអាទិត្យ នៅរយៈចម្ងាយ​កៀកបំផុត ដែលពុំធ្លាប់មានយាន​​ណាមួយធ្លាប់សម្រេច​​បាន​កាលពីមុន​មកឡើយ។ នេះបើតាមការដកស្រង់​ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃចន្ទ ទី១៣ ខែសីហា ឆ្នាំ២០១៨។

យានអវកាស​ទំហំប៉ុនរថយន្តខ្នាតតូច​មួយគ្រឿងនេះ នឹងធ្វើដំណើរឆ្លង​កាត់តំបន់ដ៏ក្តៅ​របស់ព្រះអាទិត្យ​ឈ្មោះថា Corona ដែលជា​ស្រទាប់​បរិយា​កាស​​ផ្នែកខាង​ក្រៅ​របស់​វា ដោយត្រូវប្រឈម​មុខ​ជាមួយ​កម្តៅ​ និង​រលកវិទ្យុសកម្មដ៏អាក្រក់ៗរាប់មិនអស់។ បេសកម្មនេះ គឺជាការធ្វើដំណើរ​ទៅកៀកផ្កាយ​ដំបូងបំផុត ដែលធ្វើឡើងដោយ​មនុស្សលោក និងវា​នឹងជួយផ្លាស់​ប្តូរការយល់ដឹង​របស់យើង​ទាំងស្រុងអំពី​ព្រះអាទិត្យ​។

ប្រសិនបើអ្វីៗ​ប្រព្រឹត្តទៅតាម​ការគ្រោងទុក យានអវកាស​នេះ​នឹងធ្វើការ​ហោះឆ្វែល Flyby យ៉ាងកៀកចំនួន ២៤លើក​ ជុំវិញព្រះអាទិត្យ​សម្រាប់អំឡុងពេល ០៧ឆ្នាំខាងមុខ ក្នុង​ចម្ងាយ​ត្រឹម ​៦.២លានគីឡូម៉ែត្រ​ប៉ុណ្ណោះ ពីផ្ទៃ​នៃដុំបាល់ភ្លើង​​ដ៏មហិមានេះ ដែល​ចម្ងាយនេះ​គឺ​កៀក​ជាងគ្រឿង​យន្តអវកាស​នានា ដែល​ធ្លាប់បាន​មក​ក្បែរ​ព្រះអាទិត្យដល់ទៅ ០៧ដង។

ហេតុដូច្នេះហើយ យាន​អវកាស Parker Solar Probe ត្រូវហ៊ុមព័ទ្ធដោយ​​​​ខែលពិសេស​មាន​កម្រាស់ ១១.៤សង់ទីម៉ែត្រ ដែល​នឹង​​ការ​ពារ​​យាន ពីកម្រិតវិទ្យុសកម្ម​​ដែលខ្លាំងជាង​អ្វីយើងធ្លាប់​ទទួល​រង​នៅលើ​ផែនដីដល់ទៅ ៤៧៥ដង និងសីតុណ្ហភាព​​ដែល​អាច​កើន​​ដល់ ​១,៣៧០អង្សាសេ​បាន។ ម៉្យាងវិញទៀត​ឧបករណ៍​នានា​នៅលើ Parker Solar Probe នឹងអាចធ្វើប្រតិបត្តិការ​​តាមធម្មតាបាន នៅ​ក្នុង​លក្ខខណ្ឌ​​​ដ៏លំបាកក្បែរ​​ព្រះអាទិត្យ។

គួរជម្រាបថា យាន Parker Solar Probe ស្ទើរតែត្រូវបាន​គេបង្ហោះ​កាលពីរសៀល​ថ្ងៃសៅរ៍មកម្ល៉េះ ប៉ុន្តែដោយសារបញ្ហា​​មួយចំនួន NASA បានសម្រេចពន្យារពេល​មកបាញ់នៅថ្ងៃអាទិត្យម្សិលមិញវិញ​ ដើម្បីធានាសុវត្ថិភាព​ចំពោះយាន​ដែលមានតម្លៃ ១.៥ពាន់លានដុល្លារ​មួយ​គ្រឿងនេះ៕


ចែករំលែក