ចិនកំពុង​សម្ងំផលិតយានអវកាស​ពិសេសមួយ មានសមត្ថភាព​ពន្យារអាយុ​ផ្កាយរណប!

0

 

(ប៉េកាំង)៖ ក្រុមអ្នកវិទ្យាសាស្រ្ត​ចិន​កំពុងបង្កើត​យាន​អវកាសប្រភេទថ្មីមួយ ដែលអាច​ជួយ​ពន្យារអាយុ​កាល​ដំណើរ​ការ​នៃផ្កាយ​រណប​​បាន តាមរយៈការ​ផ្លាស់ទី​ផ្កាយរណប​ដែលគោចរ​ខុសទីតាំង ទៅកាន់​គន្លងដែល​កំណត់ទុក​វិញបាន។ នេះបើតាម​ការដកស្រង់ការ​ផ្សាយ​​ចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៣ ខែសីហា ឆ្នាំ២០១៨។

គម្រោងខាងលើ​កំពុងស្ថិតក្រោមការស្រាវជ្រាវ​ និងអភិវឌ្ឍន៍របស់​ក្រុមវិស្វករជំនាញ​នៃបណ្ឌិតសភា​​បច្ចេកវិទ្យា និងវិទ្យាសាស្រ្ត​ចិន។ យានអវកាស​ជំនួយថ្មីនេះ កំពុងត្រូវគេរចនា​ឡើងដើម្បីអាចឲ្យ​វាតភ្ជាប់ទៅជាមួយផ្កាយរណប​​ទាំងឡាយ ដែលជិត​អស់សាំង ឬជួប​បញ្ហា​បច្ចេកទេស តាមរយៈដៃរ៉ូបូតរបស់វា ហើយ​​​ជួយ​រុញច្រាន​​ផ្កាយរណបនោះ ទៅកាន់គន្លង​ដែលត្រឹមត្រូវវិញ។ យានអវកាស​នេះ ​អាចចល័តដោយ​ស្វ័យប្រវត្តិ ដើម្បីធ្វើ​ប្រតិបត្តិការ​ពន្យារអាយុកាល​នេះ។

គួរជម្រាបថា ការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍​សម្រាប់​យានអវកាសខាងលើ អាចចំណាយ​ពេលប្រមាណ ០២ឆ្នាំ ហើយនៅពេល​ចូល​​បម្រើសេវា​វាត្រូវគេរំពឹងថា នឹងអាចជួយ​ពន្យារអាយុកាល​ធ្វើប្រតិបត្តិឲ្យ​ផ្កាយរណបជាច្រើន​គ្រឿង បានយ៉ាងតិច ១០ឆ្នាំបន្ថែម តាមរយៈការ​បន្ថែមឥន្ធនៈ និងអូសទាញផ្កាយរណប​ដែលបាត់បង់​ម្ចាស់ការនោះ​ឲ្យទៅរកគន្លងត្រឹមត្រូវវិញ៕

ចែករំលែក