នៅថ្ងៃអនាគត​ដ៏ខ្លី អាមេរិក​មិន​ចង់ពឹងលើម៉ាស៊ីនរ៉ុក្កែត​រុស្ស៊ី RD-180 សម្រាប់​វិស័យអវកាស​​ទៀត​ឡើយ!

0

 

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក​កំពុងតែខិតខំប្រឹងប្រែង​ជាខ្លាំង ដើម្បីបញ្ឈប់​ការពឹងអាស្រ័យ​របស់ខ្លួន ទៅលើ​ម៉ាស៊ីនគ្រាប់​រ៉ុក្កែតធុន RD-180 របស់​ប្រទេសរុស្ស៊ី។ នេះបើតាម​ការឲ្យដឹងពីលោក ជីម ប្រៃឌិនស្តាញ (Jim Bridenstine) ប្រធានទីភ្នាក់ងារ​អវកាសអាមេរិក NASA ដកស្រង់សម្តី​ដោយ​​​​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃចន្ទ ទី១៣​ ខែសីហា ឆ្នាំ២០១៨។

ថ្លែងក្នុងបទសម្ភាសន៍​មួយជាមួយស្ថានីយ​ទូរទស្សន៍ C-SPAN លោក Jim Bridenstine បានលើក​ឡើងថា សហរដ្ឋអាមេរិក​កំពុងធ្វើការ​ខិតខំប្រឹងប្រែង​ជាខ្លាំង ដើម្បីឲ្យខ្លួនលែង​ពឹងផ្អែកលើ​ម៉ាស៊ីនរ៉ុក្កែត​របស់រុស្ស៊ី RD-180 តទៅទៀត។ លោក Bridenstine បានរំលឹក​ថែម​ទៀតថា នាពេលកន្លងមក​ក៏ធ្លាប់មាន​អវកាសយានិក​អាមេរិកស្ថិត​នៅលើ ISS ដែលធ្លាប់​បានទៅដល់​ស្ថានីយអវកាស​អន្តរជាតិ ដោយ​ការធ្វើដំណើរ​តាមរយៈ​គ្រាប់រ៉ុក្កែត​រុស្ស៊ី Soyuz ផងដែរ។

គួរជម្រាបថា បច្ចុប្បន្នរុស្ស៊ី​កំពុងធ្វើការផ្គត់ផ្គង់​​​ម៉ាស៊ីន RD-180 ទៅដល់​​សហរដ្ឋអាមេរិក នៅក្រោមកិច្ចសន្យា​មួយកាលពី​ឆ្នាំ១៩៩៧ ខណៈទីភ្នាក់ងារ​អវកាស NASA កំពុងអាស្រ័យ​លើ​ម៉ាស៊ីននេះ ដើម្បីផ្តល់ថាមពល​ដល់​​​ផ្នែកដំបូងនៃ​គ្រាប់រ៉ុក្កែត Atlas V ដែលប្រើ​សម្រាប់​​ដឹកជញ្ជូនទំនិញធ្ងន់ៗ​ឡើងទៅទីអវកាស។ ជាមួយគ្នា​នេះដែរ លោក Bridenstine បានសង្កត់​ធ្ងន់ថា អង្គការ NASA មានបំណង​​មិនចង់ពឹងផ្អែក​លើ​រុស្ស៊ី ប៉ុន្តែចង់បន្តរក្សា​ទំនាក់ទំនងល្អ​ជាមួយទីក្រុងម៉ូស្គូ៕

ចែករំលែក