សល់តែ​០៦ឆ្នាំ​ទៀតទេ​! តើ​ក្រុមហ៊ុន SpaceX អាចនាំ​មនុស្សទៅចុះដើរលើ​ភព​អង្គារ ដូច​គំរោង​ដែរ​ឬទេ?

0

 

(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន​អវកាស SpaceX របស់​លោក អេឡូន ម៉ាសក៍ (Elon Musk) បានរៀបចំ​សន្និសីទ​មួយដោយ​ស្ងាត់ៗ ​ជាមួយ​ការចូលរួម​​អង្គការ NASA និងក្រុម​អ្នកជំនាញ​ឯទៀត ដើម្បីបង្កើតគម្រោងប្រកប​ដោយមហិច្ឆតាមួយ សម្រាប់ការ​បញ្ជូនមនុស្សឲ្យ​ទៅជាន់លើដី​របស់​ភព​អង្គារ (Mars) និងការសាងសង់​មូលដ្ឋាននៅលើភព​ក្រហម​នោះតែម្តង។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញពី​វែបសាយ Business Insider នៅព្រឹក​ថ្ងៃអង្គារ ទី១៤ ខែសីហា ឆ្នាំ២០១៨។

សន្នីសីទ Mars Workshop ដែលទំនងជា​លើកដំបូងបង្អស់​ខាងលើ ត្រូវគេ​រាយការណ៍ថា បានធ្វើឡើង​កាលពី​សប្តាហ៍មុន​នៅឯរដ្ឋ Colorado ដោយ SpaceX បានផ្ញើលិខិត​អញ្ជើញ​ទៅកាន់​អ្នកវិទ្យាសាស្រ្ត​ និងវិស្វករជំនាញៗ​ប្រមាណ ៦០នាក់ និងបានស្នើ​មិនឲ្យ​ពួក​គេផ្សព្វផ្សាយ​ពីដំណឹង នៃព្រឹត្តិការណ៍​នេះឡើយ។ ក្នុងនោះ​បណ្តាប្រធានៗ​នៃបេសកកម្ម​រុករកនៅ​ភពអង្គារ​របស់ NASA ត្រូវគេ​​រាយ​ការណ៍ថា ក៏បានចូលរួម​ក្នុងសន្និសីទនេះ​ផងដែរ។

គួរជម្រាបថា លោក Elon Musk មានបំណងចង់ចាប់​ផ្តើម​បេសកកម្ម​បញ្ជូនមនុស្ស​លើកដំបូង​ទៅកាន់ភពអង្គារ នៅឆ្នាំ២០២៤ ក្រោយ​ពីមានការចេញ​បេសកកម្ម​ដោយពុំមាន​អវកាសយានិក នៅឆ្នាំ២០២២ ទៅកាន់ទីនោះ ហើយបើជោគជ័យ​នឹងមានការសាងសង់​មូល​ដ្ឋានជាបន្ត​បន្ទាប់ទៀត។

សម្រាប់ការបញ្ជាក់​ពីគំរោងនាំមនុស្សទៅភពអង្គារនេះ គឺត្រូវបានធ្វើឡើងជាផ្លូវការ​នៅឆ្នាំ២០១៦ និងឆ្នាំ២០១៧ ដោយ SpaceX បានសន្យាបោះជំហាន​មុនអង្គការ​ NASA រហូតដល់ទៅ​ជាងមួយទសវត្សរ៍​ឯណោះ ខណៈដែល​អង្គការ NASA ទើបតែ​ពន្យារពេល​ក្នុងការបញ្ជូនមនុស្ស​ទៅជាន់ដីភពអង្គារ ទៅអំឡុង​ទសវត្សរ៍​២០៤០វិញ ដែលធ្វើឲ្យអ្នក​គាំទ្រទាំងឡាយ​ខកចិត្តមិនស្ទើរ​នោះឡើយ។

ទោះបីជា​បែបនេះក្តី ងាកមកកាន់​ក្រុមហ៊ុន SpaceX វិញនោះ អ្វីៗ​ក៏ហាក់មិនទាន់​ជាការប្រាកដ​ប្រជានោះដែរ ព្រោះការនាំមនុស្ស​ចាកចេញពីភព​ផែនដី និងធ្វើដំណើរប្រើពេល​រាប់ខែឆ្នាំឆ្លង​កាត់ទីអវកាស​បែបនេះ គឺមិនមែនជារឿងងាយៗនោះឡើយ ព្រោះ​មនុស្សមិនមែន​ជាគ្រឿងយន្ត​ដែលអាចផលិត​ចេញមក ដើម្បីស៊ូទ្រាំ​នឹង​បរិស្ថាន​មច្ចុរាជ​របស់ទីអវកាស​នោះដែរ។ ដូច្នេះរយៈពេល ០៦ឆ្នាំ គឺពិតជាមិនយូរឡើយនៅក្នុងការរង់ចាំ ប៉ុន្តែការពន្យារពេលក៏អាចកើតមានបន្ថែមទៀតផងដែរ៕

ចែករំលែក