ថ្មចំណាស់​ជាងគេ​បំផុតលើ​ផែនដី មានអាយុកាល​ស្ទើរមិន​គួរឲ្យ​ជឿ និងបាន​មកពី​អាចម៍​ផ្កាយ!

0

(ស៊ីដ​នី)៖ ថ្មដ៏ចំណាស់ជាង​គេបង្អស់នៅលើ​ពិភពលោក ត្រូវគេសិក្សាស្រាវជ្រាវ​ឃើញថា បានមកពីលទ្ធផល​នៃការប៉ះទង្គិច​រវាងដុំអាចម៍​ផ្កាយ ជាមួយនិង​ផែនដីកាលពី ០៤ពាន់លាន​ឆ្នាំមុន។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពីទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃ​អង្គារ ទី១៤ ខែសីហា ឆ្នាំ២០១៨។

ការសិក្សាស្រាវជ្រាវ​ថ្មីមួយរបស់សាកលវិទ្យាល័យ​អូស្រ្តាលី ឃើធីន (Curtin University) បានលើក​ឡើងថា បណ្តុំថ្មខាងលើ​ដែលស្ថិតក្នុងតំបន់ អាខាស្តា ជីណែស (Acasta Gneiss) នៅភាគពាយ័ព្យ​​ប្រទេស​កាណាដា គឺជាលទ្ធផលនៃការ​ដែលអាចម៍ផ្កាយ បានធ្លាក់មក​បុកចំផែនដី ហើយរលាយចូល​គ្នា​ជាមួយស្រទាប់ភព​របស់យើង ដែលធ្វើឲ្យ​សំណុំថ្មយក្សនោះ​កកើត​ឡើង។

អ្វីដែលនាំឲ្យ​ក្រុម​អ្នកវិទ្យាសាស្រ្តធ្វើការ​សន្និដ្ឋានបែបនេះ គឺដោយសារតែ​សមាសធាតុផ្សំរបស់ថ្ម​ចំណាស់ខាងលើ មានភាពខុ​ស​គ្នា​ពី​សមាសធាតុផ្សំ​នៃស្រទាប់ផ្នែក​ខាងលើកាលពីសម័យបុរាណ​​របស់ភពផែនដី ហើយមួយវិញ​ទៀត គឺ​ការរលាយ​នៃថ្មទាំងនោះ​បាន​កើតមានឡើង​ នៅមិនឆ្ងាយ​ពីសំបកផែនដី​ឡើយ (មិនជ្រៅ)។

គួរជម្រាបថា សម័យកាលនា ០៤ពាន់លានឆ្នាំមុន គឺជាពេលដែលអាចម៍ផ្កាយ​ក្នុងចំនួនច្រើនសន្ធឹក​សន្ធាប់ បានធ្លាក់មកចំ​ផែនដី ដែល​​បង្កឲ្យមាន​ការរំលាយ និងការវិវត្តន៍ចុះឡើង​នៃ​ពាសពេញផ្ទៃស្រទាប់ខាងលើ​នៃភពរបស់​យើង៕

ចែករំលែក