(អាមេរិក)៖ ពិតជាព្រឹត្តិការណ៍ដ៏កម្រមួយទៀតហើយ ដែលនឹងកើតមានឡើងនៅយប់ថ្ងៃព្រហស្បតិ៍នេះ ដោយភពសុក្រ និងព្រហស្បតិ៍ នឹងបង្ហាញខ្លួននៅលើផ្ទៃមេឃ អមដោយព្រះច័ន្ទមួយចំនិតតែម្តង ដោយភពព្រហស្បតិ៍មានពន្លឺពណ៌ស និងភ្លឺល្មមស្ថិតនៅខាងឆ្វេងរបស់ទីតាំងព្រះច័ន្ទ ខណៈភពសុក្រវិញមានពណ៌ស និងភ្លឺជាងភពព្រហស្បតិ៍ស្ថិតនៅឆ្ងាយខាងស្តាំឆ្ងាយពីព្រះច័ន្ទបន្តិច។ នេះបើតាមការចេញផ្សាយដោយ Space នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១៦ ខែសីហា ឆ្នាំ២០១៨។
ព្រឹត្តិការណ៍ខាងលើនេះ បានកើតមានឡើងមួយយប់រួចទៅហើយ ដោយកាលពីយប់ថ្ងៃពុធ ទី១៥ ខែសីហានោះ ក៏មានស្ថានភាពមិនខុសពីគ្នាប៉ុន្មាននោះដែរ។ ពន្លឺរបស់ភពព្រហស្បតិ៍ និងភពសុក្រងាយចំណាំនោះទេ ដោយវាមានសភាពភ្លឺ និងមានលំនឹង មិនភ្លឹបភ្លែតៗ ដូចជាពន្លឺផ្កាយផ្សេងៗទៀតនោះឡើយ។ សម្រាប់ពេលវេលាដែលអាចឲ្យយើងឃើញព្រឹត្តិការណ៍នេះ គឺនៅចន្លោះម៉ោង ៨៖៣០យប់ ដល់ម៉ោង ១០៖០០នាទីយប់។
គួរបញ្ជាក់ថា លោកអ្នកមិនចាំបាច់មានតេឡេស្កូបអ្វីនោះឡើយ ដើម្បីបានឃើញទិដ្ឋភាពខាងលើនេះ ដោយគ្រាន់តែប្រើភ្នែកមួយគូរបស់អ្នកគឺគ្រប់គ្រាន់។ ប៉ុន្តែប្រសិនបើចង់ឲ្យបាតុភូតយប់នេះកាន់តែច្បាស់នោះ លោកអ្នកអាចមានតេឡេស្កូប ឬកែវយឺតល្មមៗមួយក៏កាន់តែប្រសើរផងដែរ ដើម្បីងាយស្វែងរកទិសនៃភពនីមួយៗដូចបានជម្រាបជូនខាងលើនេះ។ សម្រាប់ព្រឹត្តិការណ៍ទាំងមូល អាចទស្សនាបានពេញភ្នែកនៅពេលមេឃស្រឡះល្អ ដោយគ្មានពពកតែប៉ុណ្ណោះ៕