ទីភ្នាក់ងារ​អវកាសចិន​បង្ហាញគំរូយានឆាងអឺ ដែលត្រូវចុះចត​លើផ្ទៃព្រះច័ន្ទ និងស្នើគ្រប់​គ្នាជួយដាក់​ឈ្មោះឲ្យផង!

0

 

 

(ប៉េកាំង)៖ ទីភ្នាក់ងារអវកាស​ចិនបាន​បង្ហាញខ្លួន​ គំរូយានអវកាសទី០៤ ​សម្រាប់ចុះចតនៅលើឋានព្រះច័ន្ទ ដែលមានឈ្មោះបណ្តោះ​អាសន្នថា «Chang’e-4» និងបានដាក់ចេញ​នូវព្រឹត្តិការណ៍មួយ ដើម្បីប្រកួតប្រជែង​ដាក់ឈ្មោះឲ្យយានមួយនេះ​ថែមទៀតផង។ នេះបើ​តាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែសីហា ឆ្នាំ២០១៨។

យានអវកាសខាងលើ ដែលត្រូវបានគ្រោងនឹងបាញ់បង្ហោះឡើងទៅទីអវកាសនៅខែធ្នូចុងឆ្នាំនេះ នឹងធ្វើការចុះចតនៅចំហៀង​ផ្នែក​ម្ខាង​ទៀតរបស់ព្រះច័ន្ទ ដែលមិនបែរមករកផែនដី (The Dark Side or The Far Side of the Moon) ហើយវាគឺជាគម្រោងទីមួយពុំធ្លាប់មាន​​​​នៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ ដោយ​កាលពីទសវត្សរ៍កន្លងទៅនេះ ​ឧបករណ៍​ជាច្រើនព្រមទាំងមនុស្ស បានធ្វើដំណើរទៅដល់​លើ​ផ្ទៃ​របស់ព្រះច័ន្ទ ប៉ុន្តែក្នុងចំណោមនោះ ពុំមានការទៅដល់តំបន់ Far Side ឡើយ។ ​

​យានចុះចតនេះ ក៏នឹងមានផ្ទុក​យានរុករក (Rover) មួយគ្រឿងផងដែរ ដែលមានកង់សម្រាប់ចល័តចំនួន០៦ ដើម្បីធ្វើការស្រាវជ្រាវរុក​រកលើតំបន់អាថ៌កំបាំងនៃឋានព្រះច័ន្ទ។ គួរជម្រាបថា ព្រះច័ន្ទដែល​ជាភពរណបតែមួយគត់របស់ផែនដី ធ្វើគោចរដោយវិលជុំវិញភព​របស់យើង ក្នុងលក្ខណៈចម្លែកមួយ (ដោយសារបាតុភូតទំនាញ Tidal Lock ពីផែនដី) ដែលធ្វើឲ្យផ្ទៃតែម្ខាងប៉ុណ្ណោះរបស់វា អាចត្រូវមើលឃើញពីផ្ទៃផែនដី។ ទោះបីពេលខ្លះត្រូវ​គេ​ហៅ​ថា​ The Dark Side ក៏ដោយ តំបន់មួយចំហៀងទៀតរបស់ព្រះច័ន្ទ គឺពុំមានភាពងងឹតសូន្យឈឹងនោះឡើយ។

សម្រាប់ការដាក់ឈ្មោះវិញ គឺដូចដែលបានលើកឡើងខាងលើអ៊ីចឹង ដោយ «Chang’e-4» គ្រាន់តែជាឈ្មោះហៅសម្គាល់​ជាបណ្តោះ​អាសន្នមួយប៉ុណ្ណោះ ខណៈឈ្មោះពិតរបស់វា នឹងត្រូវកំណត់តាមរយៈព្រឹត្តិការណ៍ដាក់ឈ្មោះជាសាធារណៈ។ បើតាម​ការបញ្ជាក់ពី​អាជ្ញាធរចិន មនុស្សទាំងអស់គ្នានៅជុំវិញពិភពលោក អាចផ្ញើសំណើដាក់ឈ្មោះ​ឲ្យយាននេះបាន តាមអនឡាញ តាមរយៈការចូល​ទៅកាន់ Link នេះ http://h5.zhongguowangshi.com/h5/collection/index.html (សូមបញ្ជាក់ទាល់តែចេះភាសាចិន)។

ចំណែកលទ្ធផលចុងក្រោយនឹងត្រូវប្រកាសនៅខែតុលាខាងមុខ។ ឈ្មោះរបស់យានចុះចត​កាលពីមុន នៅលើឋានព្រះច័ន្ទគឺ Yutu ដែល​ជាឈ្មោះរបស់អម្បូរ​សត្វទន្សាយ​មួយ នៅក្នុងរឿងទេវកថា​​របស់ចិន។ យាននោះ ត្រូវបានបាញ់បង្ហោះកាលពីឆ្នាំ២០១៣ ហើយ​បានចុះចតលើព្រះច័ន្ទដោយជោគជ័យ៕

ចែករំលែក