មហាអស្ចារ្យ! កែវយឺតអវកាស Hubble ថតរូបកាឡាក់ស៊ីចំនួន ១៥,០០០ និងផ្កាយនានាចាប់កំណើត ក្នុងរូបតែមួយប៉ុស្តិ៍ប៉ុណ្ណោះ!

0

(អាមេរិក)៖ រូបភាពដ៏អស្ចារ្យ​ដែលត្រូវបានថត​ ដោយកែវយឺតអវកាសវ័យ​ចំណាស់ Hubble របស់​អង្គការ NASA នោះកំពុងតែទាក់ទាញការ​ចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់អ្នក​តាមដានតារាសាស្ត្រ ខណៈរូបថតតែមួយប៉ុស្តិ៍ប៉ុណ្ណោះ អាចឲ្យយើង​ឃើញកាឡាក់ស៊ី​រហូតដល់ទៅ ១៥,០០០កាឡាក់ស៊ី និងសកម្មភាព​នៃការចាប់​កំណើត​របស់តារាមួយ​ចំនួនថែមទៀត។ នេះបើតាមការ​ចេញផ្សាយដោយវែបសាយ​អង់គ្លេស Express នាព្រឹក​ថ្ងៃសៅរ៍ ទី១៨ ខែសីហា ឆ្នាំ២០១៨។

ព័ត៌មានបាន​បន្តទៀតថា យ៉ាងហោចណាស់​កញ្ចុំផ្កាយ ឬកាឡាក់ស៊ី​ចំនួន ១២,០០០ ក្នុងចំណោម​កាឡាក់ស៊ីទាំង ១៥ពាន់ខាងលើនេះ ត្រូវបានគេអង្កេត​ឃើញពាសពេញ​ចក្រវាឡនៅក្នុងរយៈពេល​ប៉ុន្មានថ្ងៃមកហើយ។ វាកាន់តែ​បង្ហាញយ៉ាងច្បាស់ថា ភពផែនដី​នេះ គ្រាន់តែជាចំណុច​ដ៏តូចមួយ នៅក្នុងកាឡាក់ស៊ី​មាលគីវេយ៍ ឬក៏ត្រឹមជា​កម្ទេចចូលីនៃចក្រវាឡ​ដែលមនុស្សភាគ​ច្រើនជឿថា គ្មានព្រំដែន​កំណត់តែប៉ុណ្ណោះ។

រូបភាពច្នៃប្រឌិតឡើង​បន្ថែមដោយ NASA ក្រោយពីកែវយឺត​អវកាស Hubble ផ្តិតបាន​នោះ គឺមានបង្ហាញអំពីពណ៌​ចំរុះដ៏ស្រស់បំព្រង និងប្រកបដោយការ​ស្រមើស្រមៃខ្ពស់​បំផុត ជាពិសេសគឺការរំលេច​ព័ត៌មានស្វាយ និងពន្លឺក្រហម-លឿង ដែលធ្វើឲ្យ​អ្នកតាមដាន​កាន់តែមានអារម្មណ៍អណ្តែត​អណ្តូង បើទោះបីជាធាតុពិត​ជាក់ស្តែង ភ្នែក​របស់មនុស្សមិន​អាចមើលឃើញទៅ​លើផ្ទៃមេឃ ឲ្យចេញជាទិដ្ឋភាព​បែបនោះក៏ដោយ។

ភាពអស្ចារ្យ​បន្ថែមពីខាងលើនេះ​ទៀត គឺបណ្តុំផ្កាយមួយចំនួន​នៅក្នុងរូបភាព ត្រូវបាន​ក្រុមតារា​វិទូអះអាងថា បានកើតមាន​ឡើងកាលពី​រយៈពេល ៣ពាន់លានឆ្នាំ ក្រោយបន្ទុះប៊ីកប៊ែង (Big Bang) ដែលបានកើតឡើងកាលពី​រយៈពេល ១៣.៧​ពាន់លាន​ឆ្នាំ​កន្លងទៅ​​នេះ។ យ៉ាងណា​​ក៏ដោយ Hubble នៅតែបន្ត​ការងាររបស់​​ខ្លួនជានិច្ច បើទោះបីជាវាបានដើរហួស​កាល​កំណត់ក្នុង​បេសកកម្ម​តាំងតែពី​ឆ្នាំ២០១៥ ក៏ដោយ។

គួរបញ្ជាក់ថា Hubble ត្រូវបាន​បាញ់បង្ហោះ នឹងដំណើរការ​នៅទីអវកាសកាល​ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៩០ ដោយវាត្រូវបាន​គ្រោងឲ្យដំណើរ​ការរយៈពេល ២៥ឆ្នាំ គិតចាប់តាំង​ពី​ឆ្នាំដែលត្រូវបានបាញ់​បង្ហោះនោះមក ប៉ុន្តែដោយសារ​តែវានៅដំណើរការ​យ៉ាងល្អ​នោះ ទើបទីភ្នាក់ងារ​អវកាសអាមេរិក NASA នៅតែរក្សាវត្តមាន​របស់វា ដើម្បីជាប្រយោជន៍​​នៃការរុករកទីអវកាស​ដដែល ខណៈកែវយឺតអវកាស​នានាផ្សេងៗទៀតក៏កំពុងដំណើរការ និងគ្រោង​បញ្ចប់ដំណើរ​ផងដែរ៕

ចែករំលែក