NASA ត្រៀមបាញ់បង្ហោះផ្កាយរណបឡាស៊ែរឡើងអវកាសនៅខែក្រោយ ដើម្បីតាមដានបម្រែបម្រួលនៃផ្ទាំងទឹកកកលើផែនដី

0

 

(អាមេរិក)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA កំពុងត្រៀមខ្លួនបាញ់បង្ហោះផ្កាយរណបបំពាក់ប្រព័ន្ធកាំរស្មីឡាស៊ែរដ៏ទំនើបមួយ ដែល​នឹងចំណាយពេល០៣ឆ្នាំ ដើម្បីធ្វើការសិក្សាទៅលើ​ការប្រែប្រួលនៃផ្ទាំងទឹកកក​របស់ផែនដី ពីទីអវកាស។ នេះបើតាមការដកស្រង់​​ការផ្សាយចេញពីវែបសាយ Space.com នៅរសៀលថ្ងៃសុក្រ ទី២៤ ខែសីហា ឆ្នាំ២០១៨។

​ផ្កាយរណបខាងលើ ដែលមានឈ្មោះកាត់ថា ICESat-2 បច្ចុប្បន្ន ត្រូវគេគ្រោង​នឹងបាញ់បង្ហោះនៅពាក់កណ្តាល​ខែកញ្ញាខាងមុខ ហើយ​វានឹងមានសមត្ថភាពវាស់វែងលើ​កម្រិត​នៃ​ប្រែប្រួល​​របស់ផ្ទាំងទឹកកកនៅលើផែនដី ពីរដូវកាលមួយទៅមួយ។ ទំហំនៃតំបន់​ផ្ទាំង​ទឹកកក ដែល​វាត្រូវធ្វើការសិក្សាអាចធំជាងឬប្រហាក់ប្រហែលនឹងទំហំរបស់សហរដ្ឋអាមេរិកទាំងមូល ខណៈកម្រិត​នៃការបម្រែបម្រួលអាច​នឹង​តិចតួចខ្លាំង។

ផ្កាយរណប ICESat-2 ដែលមានតម្លៃជាង០១ពាន់លានដុល្លារ និងមានទំហំស្មើរថយន្តខ្នាតតូចមួយគ្រឿងនោះ នឹងដើរតាម​គម្រោង​​ធំៗ​ចំនួន០២ កាលពីមុនរបស់ NASA ដែលតាមដាន​កម្រាស់ផ្ទាំងទឹកកកលើផែនដី គឺបេសកកម្ម ICESat និង Operation IceBridge។

គួរជម្រាបថា បើតាមការកំណត់ ផ្កាយរណបខាងលើ នឹងត្រូវបាញ់ចេញពីមូលដ្ឋានទ័ពអាកាស Vandenberg ក្នុងរដ្ឋកាលីហ្វរញ៉ា នៅ​ថ្ងៃ​ទី១៥ ខែកញ្ញា ​នៅវេលាព្រឹកចន្លោះម៉ោង៥៖៤៦នាទីនិង០៨៖៤៦នាទី។ ការបាញ់បង្ហោះ ICESat-2 នឹងក្លាយជាការធ្វើដំណើរ​លើកចុង​​ក្រោយរបស់គ្រាប់រ៉ុក្កែត Delta II នៃក្រុមហ៊ុន United Launch Alliance ដែល​បាន​បញ្ជូនឧបករណ៍ផ្សេងៗឡើងទៅកាន់ទីអវកាស​​ជាង​១៥០លើក ក្នុងអំឡុងរយៈពេល​​ជិត៣០ឆ្នាំ៕

ចែករំលែក