អង្គការ NASA បញ្ចេញរូបភាពដ៏អស្ចារ្យមួយសន្លឹកនៃ​ខ្សែក្រវាត់​របស់ភពសៅរ៍

0

 

(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានបញ្ចេញនូវរូបភាព​​មួយសន្លឹក ដែលបង្ហាញពីទិដ្ឋភាពដ៏អស្ចារ្យ​ថ្មីមួយ នៃ​ចិញ្ចៀន​ឬខ្សែក្រវាត់របស់ភពសៅរ៍ (Saturn) ដែលជាលក្ខណៈសម្គាល់ពិសេសប្រចាំភពឧស្ម័នយក្សមួយនេះ។ នេះបើតាមការដកស្រង់ការ​ផ្សាយចេញពីវែបសាយ Space.com នៅរសៀលថ្ងៃសុក្រ ទី២៤ ខែសីហា ឆ្នាំ២០១៨។

រូបភាពខាងលើ ត្រូវបានផ្តិតយកដោយ​យានអវកាស Cassini នៅមុនពេលដែលវាបានបញ្ចប់បេសកកម្មរបស់ខ្លួន តាមរយៈការទម្លាក់​ខ្លួនកម្ទេចចោលទៅក្នុងភពសៅរ៍ កាលពីឆ្នាំមុន។ រូបភាពដ៏អស្ចារ្យមួយសន្លឹកនេះ រួមផ្សំឡើងចេញពីរូបភាព​ជាច្រើនសន្លឹកផ្សេងទៀត ដែល Cassini ថតបានតាំងពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០០៧ម្ល៉េះ នៅចម្ងាយ​ប្រហែល៧២៥,០០០គីឡូម៉ែត្រពីភពសៅរ៍។

គួរជម្រាបថា ​បើតាមអង្គការ NASA កម្ទេចកម្ទីរ​​នៃទឹកកក ដែលបង្កើតចេញជាខ្សែក្រវាត់របស់ Saturn ស្ថិតក្នុងទំហំខុសៗគ្នា ដោយ​រួម​មាន​តាំងពីតូចៗប៉ុន​គ្រាប់ខ្សាច់ រហូតដល់ធំៗប៉ុនភ្នំ​ ហើយវាវាស្ថិតនៅចម្ងាយ២៨២,០០០គីឡូម៉ែត្រពីភពសៅរ៍ និងមានកម្រាស់​ស្តើង​ខ្លាំង ដោយកន្លែងភាគច្រើនមានកម្រាស់ត្រឹម១០ម៉ែត្រប៉ុណ្ណោះ៕

ចែករំលែក