ទីបំផុត ជប៉ុនរកបានកន្លែងចុះទៅ​យកគំរូតាងនៅលើអាចម៍ផ្កាយ Ryugu សម្រាប់បេសកកម្ម Hayabusa-2

0

 

(តូក្យូ)៖ ទីបំផុតទីតាំងនៅលើអាចម៍ផ្កាយ Ryugu ដែលបេសកកម្មប្រមូលគំរូតាងរបស់ជប៉ុន Hayabusa-2 នឹង​ត្រូវ​ធ្វើ​ការ​ចុះ​ចត​នា​ខែ​តុលា​​ខាងមុខនេះ ត្រូវកំណត់បានជាផ្លូវការហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី២៥ ខែសីហា ឆ្នាំ២០១៨។

យានចុះចតមានឈ្មោះកាត់ថា MASCOT របស់យានអវកាស Hayabusa-2 របស់ជប៉ុន នឹងធ្វើការចុះចតលើទីតាំងមួយ នៅអឌ្ឍ​គោល​ខាងត្បូងនៃអាចម៍ផ្កាយ Ryugu ដែលគេហៅថាតំបន់ MA-9។ ក្រុមការងារនៃបេសកកម្មបានឲ្យដឹងថា ទីតាំង MA-9 ត្រូវបានរើសយក​​ក្នុងចំណោមជម្រើសចំនួន០៩ផ្សេងទៀត គឺដោយសារតែ​សកត្តានុពលផ្នែកវិទ្យាសាស្រ្តនិងភាពអំណោយផលនៃការចុះចតទៅកាន់​ដ៏ល្អប្រសើររបស់វា។

គួរជម្រាបថា យាន Hayabusa-2 ដែលមានតម្លៃ១៥០លានដុល្លារ ត្រូវបានបាញ់បង្ហោះឡើងទីអវកាស កាលពីខែធ្នូ ឆ្នាំ២០១៤ ហើយ​បានទៅដល់​អាចម៍ផ្កាយ Ryugu នៅថ្ងៃទី២៧ ខែមិថុនាកន្លងទៅ។ ប្រសិនបើអ្វីប្រព្រឹត្តទៅតាមការគ្រោងទុក Hayabusa-2 នឹងសិក្សា​ទៅលើ Ryugu ​ពីចម្ងាយសម្រាប់រយៈពេល១៦ខែទៀត ហើយក្នុងអំឡុងពេលនោះ វាក៏នឹងបញ្ជូនយានចុះចត​មួយចំនួន ឲ្យទៅប្រមូល​យកគំរូតាង​​ពីអាចម៍ផ្កាយនោះផងដែរ។

យាន Hayabusa-2 ត្រូវគេកំណត់ពេលវេលាថា នឹងចាកចេញពីអាចម៍ផ្កាយ Ryugu នៅខែធ្នូ ឆ្នាំ២០១៩ ហើយគំរូតាងដែលប្រមូលបាន​ពី Ryugu នឹងត្រូវចុះមកផែនដីវិញនៅរយៈពេលមួយឆ្នាំក្រោយ គឺនៅខែធ្នូ ឆ្នាំ២០២០។ ដោយឡែក Hayabusa-2 ពុំមែនជាបេសកកម្ម​តែមួយគត់ ដែលកំពុងត្រៀមប្រមូលយកគំរូតាងពីអាចម៍ផ្កាយនោះឡើយ។ បេសកកម្មតម្លៃ៨០០លានដុល្លារ OSIRIS-REx របស់​​ NASA ក៏កំពុងឈានដល់ដំណាក់កាលចុងក្រោយ ក្នុងដំណើរឆ្ពោះទៅកាន់អាចម៍ផ្កាយ Bennu ដែលជាគោលដៅរបស់វាផងដែរ​ ​ដោយ​ OSIRIS-REx ត្រូវគេរំពឹងថាទៅដល់អាចម៍ផ្កាយទំហំ៥០០ម៉ែត្រនោះ នៅខែធ្នូឆ្នាំនេះ៕

ចែករំលែក