គ្មានវិធី​ផ្សេងទេ! បើចង់ដឹងថា​ភពអង្គារធ្លាប់​មានជីវិត ឬក៏​អត់នោះ ត្រូវតែ​បញ្ជូនមនុស្ស​ទៅរុករក​ដោយ​ផ្ទាល់…

0

 

(វ៉ាស៊ីនតោន)៖ អតីត​​ប្រធាន​ក្រុមអ្នក​វិទ្យាសាស្រ្ត នៃទីភ្នាក់ងារអវកាស​អាមេរិក NASA លោក Ellen Stofan បានលើក​ឡើងថា ​ប្រសិន​បើ​ពួកយើងចង់រុករក និងស្វែងយល់​ពីដានសំខាន់ៗ​ទាំងឡាយ នៃ​ទម្រង់ជីវិតកាល​ពីអតីត​កាល​នៅលើភពអង្គារ (Mars) ​យានរ៉ូបូត​​ពុំអាច​សម្រេច​គោលដៅ​នេះ​បានដោយខ្លួនឯង​ឡើយ គឺយើងត្រូវការ​មនុស្សឲ្យនៅ​ទីនោះ​ដែរ។ នេះបើតាម​ការដកស្រង់ការផ្សាយចេញ​ពី​​វែប​សាយ Space.com នៅព្រឹក​ថ្ងៃចន្ទ ទី២៧ ខែសីហា ឆ្នាំ២០១៨។

លោក Stofan បានបង្ហាញ​ការជឿជាក់​ថា ​ជីវិត​ទំនងជាអាចមានវត្តមាន​នៅ​លើ Mars ប៉ុន្តែលោកពុំ​គិតពួកវាបានវិវត្តន៍​ទៅមុខ​​យ៉ាង​ស្មុគ​ស្មាញនោះ​ឡើយ ពោលគឺត្រឹមជា​ពពួកមីក្រូសារពាង្គកាយ​ប៉ុណ្ណោះ ហើយ​សំណល់​ហ្វូស៊ីល​​ប្រភេទនេះ នឹង​ពិបាកក្នុងការស្វែងរក​ខ្លាំង​មែន​ទែន។ ហេតុដូច្នេះ​ទើបយើង​ត្រូវ​ការបញ្ជូន​មនុស្ស​ទៅកាន់​​ទីនោះ ដើម្បីធ្វើការសិក្សា​ស្វែងយល់ឲ្យ​ស៊ីជម្រៅ ដែលយានរ៉ូបូត​ពុំមាន​សមត្ថ​ភាព​អាចធ្វើ​បាន។

គួរជម្រាបថា ​ជាច្រើនឆ្នាំកន្លង​ទៅនេះ ​យានចុះចតនិងរុករក​ចំនួន ០៨គ្រឿង បានធ្វើដំណើរទៅដល់​ភពអង្គារដោយ​ជោគជ័យ ​​ហើយ​បេសកកម្ម​ដែលមានភាពលេចធ្លោ​បំផុតនាពេលបច្ចុប្បន្ន គឺយាន ​Curiosity របស់ NASA ដែលត្រូវបានរចនាឡើង​ ដើម្បី​ស្វែងរកកន្លែង​ដែលជីវិតអាច​នឹងមានវត្តមានកាល​ពីអតីតកាល ប៉ុន្តែបេសកកម្ម​នេះ ពុំមានគោលដៅស្វែងរកដាន​នៃជីវិត​ឡើយ។

ដូច្នេះសរុបសេចក្តីមក ការបញ្ជូនមនុស្សទៅភពអង្គារនៅតែជាគំរោងដ៏សំខាន់បំផុត ដែលអង្គការ NASA ត្រូវតែសម្រេចឲ្យបាន ប្រសិនបើចង់រកឲ្យឃើញថា តើធ្លាប់មាន​ជីវិតក្នុងទម្រង់ណាមួយ នៅលើភពអង្គារដែរ ឬទេ។ គួររំលឹកថា អង្គការបាន​ពន្យារពេលរួច​ទៅហើយក្នុងការនាំមនុស្ស​ទៅភពអង្គារ រហូតដល់​ឆ្នាំ២០៤០ឯណោះ៕

ចែករំលែក