ហេតុអ្វី​ដាយណូស័រ​អាចបន្តវត្តមាន ១៨០លានឆ្នាំ និងមាន​ច្រើនប្រភេទ​លើភពផែនដី?

0

(ឡុងដ៍)៖ ទីបំផុត​អ្នកវិទ្យាសាស្រ្ត​អង់គ្លេស​មួយក្រុម​បានប្រកាសថា ពួកគេបានរកឃើញ​ហើយថា​ តើ​ DNA របស់ដាយណូស័រ​​​មាន​លក្ខណៈពេញលេញ​បែបណានោះ។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពី​សារព័ត៌មានអង់គ្លេស BBC នៅរសៀល​ថ្ងៃចន្ទ ទី២៧ ខែសីហា ឆ្នាំ២០១៨។

ក្រុមអ្នកស្រាវជ្រាវ​នៅសាកលវិទ្យាល័យ Kent ​បានឲ្យដឹងការខិតខំ​របស់ពួកគេ បានគាស់កកាយរកឃើញ​​ពីអាថ៌កំបាំង​​នៃ​ហ្សែន (Gene) ​ដែលនៅពីក្រោយ​មូលហេតុថា តើហេតុអ្វីបានជា​សត្វដាយណូស័រ មានរូបរាងនិងទំហំខុសៗ​គ្នាច្រើនបែប​នេះ។ ​​ភាពខុស​គ្នា​​យ៉ាង​សម្បូរបែបនេះ បានជួយឲ្យប្រភេទសត្វ​យក្សទាំងនេះ វិវត្តន៍ខ្លួនយ៉ាង​ឆាប់រហ័ស ដើម្បីសម្របការការប្រែប្រួល​​នៃបរិស្ថានជុំវិញ ហើយជួយពួក​វាឲ្យគ្របគ្រង់លើផែនដី បាន​អស់រយៈពេលប្រមាណ ១៨០លានឆ្នាំ។

​ដើម្បីកំណត់ពី​​បុគ្គលិកលក្ខណៈនៃ Gene របស់ពពួកសត្វដាយណូស័រ​ដំបូងៗបំផុត ក្រុមអ្នកវិទ្យាសាស្រ្ត​ខាងលើ បានប្រើប្រាស់​ក្បួន​បច្ចេកទេស​តាម​បែបគណិតវិទ្យា ពិសោធន៍ទៅលើសត្វ​សម័យបច្ចុប្បន្ន ដែលមានខ្សែស្រឡាយ​ជិតស្និទ្ធ​នឹង​ដាយណូស័រ​បំផុត គឺ​ពពួក​បក្សី និង​អណ្តើក ប៉ុន្តែមានគម្រោង​ដើម្បីបង្កើត​សត្វដាយណូស័រ​ឲ្យមានជីវិត​ឡើងវិញ ដូចក្នុងភាពយន្ត Jurassic Park នោះ​ទេ។

យ៉ាងណាក៏​ដោយ ក្រុមអ្នកវិទ្យាសាស្ត្រនៅ​មិនទាន់បញ្ចេញ​របាយការណ៍ និងលទ្ធផល​សិក្សាជាផ្លូវការ​នៅឡើយទេ ដោយវាកំពុងស្ថិត​នៅក្នុងការចងក្រង​នៅឡើយ ប៉ុន្តែ​អ្វីដែល​គេ​ប្រាកដច្បាស់​នោះ គឺវានឹងបង្ហាញអំពីមូលហេតុ​នៃការបន្តពូជពង្ស​របស់​ដាយណូស័រ ដែលមានច្រើនប្រភេទ និងរយៈពេលរាប់​រយលានឆ្នាំ ដែលខុស​ពីមនុស្ស​លោកយើង​ទើបតែមានវត្តមាន​លើផែនដីជាង ១លានឆ្នាំមកនេះ​ប៉ុណ្ណោះ។

គួរជម្រាបថា ​ទោះបីជាហ្សែន​របស់ពួកវាមានភាពអស្ចារ្យ​ខ្លាំងក៏ដោយ បញ្ហាប្រឈមចុង​ក្រោយ​ដែលដាយណូស័រ ពុំអាចយកឈ្នះ​​បាន​នោះគឺ ការធ្លាក់ស្រោច​មកលើផែនដី នៃកម្ទេចអាចម៍ផ្កាយដ៏ច្រើនសន្ធឹក​សន្ធាប់ កាលពី ៦៦លានឆ្នាំមុន ដែលបានធ្វើឲ្យអម្បូរ​​សត្វ​យក្ស​ទាំងអស់នេះ​បាត់ចេញពីផែនដី លើកលែងតែពពួក​មានស្លាបចេះហោះ​ ដែលបានវិវត្តន៍មក​ក្លាយជាសត្វ​បក្សី៕

ចែករំលែក