ផ្កាយរណប Galileo ដ៏សំខាន់​នឹងត្រូវអឺរ៉ុប​លែងឲ្យប្រើ! ដូច្នេះអង់​គ្លេសមានតែបង្កើត​ខ្លួនឯងមួយ​ទៀត…

0

 

(ឡុងដ៍)៖ នាយករដ្ឋមន្រ្តី​អង់គ្លេស​លោកស្រី ថេរ៉េសា ម៉ាយ (Theresa May) បានបង្គាប់ឲ្យ​មន្រ្តីពាក់ព័ន្ធ ចាប់ផ្តើម​អភិវឌ្ឍន៍​ប្រព័ន្ធផ្កាយរណបថ្មីសម្រាប់​ចង្អុល​បង្ហាញទីតាំង (Navigation Satellite) នៅចំពោះមុខបញ្ហា​វិវាទ​ជាមួយ​សហភាពអឺរ៉ុប (EU) ជុំវិញសិទ្ធិប្រើ​ប្រាស់​​ប្រព័ន្ធផ្កាយរណប Galileo របស់ EU ក្រោយអង់គ្លេស​ចាកចេញពី​សហភាពអឺរ៉ុប។ នេះបើតាម​សេចក្តីរាយការណ៍របស់ព័ត៌មាន​អង់គ្លេស Telegraph ដកស្រង់​ខ្លឹមសារ​ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី២៧ ខែសីហា ឆ្នាំ២០១៨។​

រដ្ឋមន្រ្តីហិរញ្ញវត្ថុ​អង់គ្លេសលោក ហ្វីលីព ហាម៉ុនដ៍ (Philip Hammond) ជាដំបូងបានចុះហត្ថលេខាលើមូលនិធិ​​ទំហំ​ ១២៩លានដុល្លារ ដើម្បីរៀប​ចំផែន​ការ​លម្អិត​​​សម្រាប់​​គម្រោង​​អភិវឌ្ឍន៍​​​ផ្កាយរណប​ខាងលើ ដែលត្រូវគេប៉ាន់​ប្រមាណថា អាចនឹងចំណាយ​ទុនចន្លោះពី​ ៣.៨៦ពាន់លានដុល្លារ រហូត​ដល់ ៦.៤៣​ពាន់លានដុល្លារ។

ការបង្ហើបឲ្យដឹងពីព័ត៌មាននេះ បានកើតមានឡើង​ស្របពេលដែល​​​ក្រុម​មន្រ្តី EU បានលើក​ឡើង​ថា ចក្រភពអង់គ្លេស​ដែលគ្រោងនឹង​ដកខ្លួនចេញពីសហភាពអឺរ៉ុប​ក្នុងរយៈពេល ០៧ខែ​ខាងមុខនោះ អាចនឹងត្រូវ​ដក​ហូត​​សិទ្ធិទទួលបាន​​ព័ត៌មាន​​សន្តិសុខ​សំខាន់ៗ​​​​របស់​ប្រព័ន្ធផ្កាយរណប​អឺរ៉ុប Galileo។

គួរជម្រាបថា Galileo ដែលជាកម្មវិធីផ្កាយ​រណប​តម្លៃជាង ១១ពាន់លានដុល្លារ និងកំពុងត្រូវអភិវឌ្ឍន៍​ឡើងដោយ​ EU ដើម្បី​ប្រឡង​​​ប្រណាំងជាមួយប្រព័ន្ធ GPS របស់​អាមេរិកនោះ មានគោលដៅចម្បង​ប្រាប់ពីទីតាំង​ ក៏ដូចជានាំផ្លូវ និងផ្តល់ព័ត៌មាន​ពីពេលវេលាបាន​ត្រឹមត្រូវ​ជាក់លាក់ សម្រាប់រដ្ឋាភិបាល ជនស៊ីវិល ឧស្សហកម្ម និងយោធា៕

ចែករំលែក