តើអ្នក​ដឹងទេថា អាចម៍ផ្កាយ Itokawa ដែលជប៉ុន​កំពុងស្រាវជ្រាវ​កកើតឡើង​ដូចម្តេច និង​មានអាយុប៉ុន្មាន​ឆ្នាំ?

0

 

(តូក្យូ)៖ អ្នកវិទ្យាសាស្រ្ត​ជប៉ុន ទីបំផុតទទួលបាន​ចម្លើយហើយថា ​អាចម៍ផ្កាយ​ក្បែរផែនដី​មួយដុំ​មានឈ្មោះថា អ៊ីតុកាវ៉ា (Itokawa) មានអាយុ​កាល​​យូរប៉ុណ្ណាហើយ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពីវែបសាយ Space.com នៅរសៀល​ថ្ងៃពុធ ទី២៩ ខែសីហា ឆ្នាំ២០១៨។​

អាចម៍ផ្កាយ​ខាងលើ ធ្លាប់ត្រូវបានឆ្លងកាត់​ការសិក្សាដោយ​យានបេសកកម្ម​​ប្រមូលគំរូតាង ហាយ៉ាប៊ូសា (Hayabusa) របស់ជប៉ុន កាលពីចន្លោះ​ឆ្នាំ​​២០០៣ រហូតដល់​ឆ្នាំ២០១០។ យោងតាមការ​វិភាគទៅលើទិន្នន័យ​​ និងគំរូតាង​​ដែល Hayabusa ប្រមូលបាន​ និងនាំយកមកកាន់​ផែនដី​​បានបង្ហាញ​ Itokawa មានប្រភព​ចេញមកពីដុំថ្មអវកាស​ដ៏ធំមួយ ដែលកកើតឡើងកាល​ពី ៤.៦ពាន់​លានឆ្នាំមុន ហើយ​បន្ទាប់មក​​ប្រហែល​ ១.៥ពាន់លានឆ្នាំមុន ការប៉ះទង្គិចគ្នា​យ៉ាងកក្រើក បានធ្វើឲ្យ​ដុំថ្មអវកាស​យក្សនេះ បែកខ្ញែកចេញ​ជាបំណែក ដែលធ្វើឲ្យ​កម្ទេច​កម្ទីរ​​របស់វា រួមផ្សំចូលគ្នាក្លាយ​ជាអាចម៍​ផ្កាយ Itokawa ដែលមានអង្កត់ផ្ចិត​ ២០០ម៉ែត្រ។

ប៉ុន្តែហេតុការណ៍​ទាំងប៉ុន្មានខាងលើ បានកើតឡើងនៅតំបន់​ខ្សែក្រវាត់អាចម៍ផ្កាយ​ចន្លោះ​ភពអង្គារ (Mars) និងភពព្រហស្បតិ៍ (Jupiter) ឯណោះទេ។ Itokawa ទើបត្រូវបាន​ធ្លាក់សំដៅមក​ផែនដី​កាលពីចន្លោះ ១០០,០០០ ទៅ ៤០០,០០០ឆ្នាំមុន ហើយបើតាម​ការព្យាករណ៍​​របស់​អ្នកវិទ្យាសាស្រ្ត នៅក្នុងរយៈពេល​ប៉ុន្មានលានឆ្នាំទៀត វាអាចនឹង​រលាយបាត់ ឬក៏ធ្លាក់ចូល​មកផែនដី។

គួរជម្រាបថា ខណៈពេល​នេះ បេសកកម្ម Hayabusa-2 របស់ជប៉ុន ក៏កំពុងត្រៀមខ្លួន​បញ្ជូនយានទៅចុះចត នៅអាចម៍​ផ្កាយ​​មួយឈ្មោះ​ថា រីយូគុ (Ryugu) ផងដែរ ដើម្បីប្រមូលគំរូតាង​យកមកផែនដី ស្រដៀងនឹង​បេសកកម្ម Hayabusa ទីមួយដែរ។ Hayabusa-2 នឹងបញ្ជូនយាន​ចុះចត​មួយគ្រឿងទៅលើ​ទីតាំង MA-9 នៅលើអាចម៍​ផ្កាយដែលមានអង្កត់ផ្ចិត ៤០០ម៉ែត្រនេះ នាខែតុលា​ខាងមុខ៕

ចែករំលែក