ដឹងទេ? តើភព​ណាខ្លះក្នុងប្រព័ន្ធ​ព្រះអាទិត្យយើង ដែល​នៅមានខ្សែក្រវ៉ាត់ព័ទ្ធជុំវិញ?

0

(ភ្នំពេញ)៖ បើនិយាយពីខ្សែក្រវ៉ាត់ ឬ Ring អ្នករាល់គ្នាប្រហែល​ជានឹកស្រមៃដល់​ភពសៅរ៍តែមួយ​ប៉ុណ្ណោះ តែតាមពិតទៅភព​មួយចំនួនទៀត ក៏នៅមានខ្សែក្រវ៉ាត់​នៅឡើយ បើទោះបីជាភពទាំង​នោះត្រូវបានបង្កើតឡើងរាប់ពាន់​លានឆ្នាំ​មកហើយ​ក៏ដោយ។ ខាងក្រោមនេះ គឺជាភពធំៗ​នៅក្នុងប្រព័ន្ធព្រះអាទិត្យ​​ដែលនៅមាន​ខ្សែក្រវ៉ាត់ដុំថ្មព័ទ្ធជុំវិញ៖

១. ភពសៅរ៍៖ ជាភព​លេខរៀងទី ៦ បន្ទាប់ពីព្រះអាទិត្យ​ ដែលមានទំហំ​ធំ​លំដាប់ទីពីរ​ផងដែរ។ ភពនេះល្បីល្បាញ​ខាងសម្រស់ស្អាត ដោយសារតែពណ៌សប្បុរ និងជាពិសេសបំផុតនោះ គឺខ្សែក្រវ៉ាត់ (Ring) ដ៏ធំធេង​នៅព័ទ្ធជុំវិញ និង​មាន​កម្រាស់​ស្តើង (១គីឡូម៉ែត្រ) លាតសន្ធឹង​ចំនួន ០៤ស្រទាប់ធំៗ ដែលមាន​ប្រវែងបញ្ចូលគ្នា​ជាធ្នាប់ ២៨២,០០០គីឡូម៉ែត្រ សុទ្ធសឹងតែ​ជាដុំថ្មធំៗ​មានទំហំ​ប៉ុនរថយន្តក្រុងក៏មាន។

២. ភពអ៊ុយរ៉ាណុស៖ ភពឧស្ម័នយក្សលេខរៀងទី ៧ បន្ទាប់ពីព្រះអាទិត្យនេះ ក៏មានខ្សែក្រវ៉ាត់ឲ្យយើងមើលឃើញផងដែរថា ប៉ុន្តែវាស្តើង និងតិចជាង​ភពសៅរ៍។ ខ្សែក្រវ៉ាត់​ភពអ៊ុយរ៉ាណុស ត្រូវបានអ្នកវិទ្យាសាស្ត្រ​អះអាងថា មានចំនួន​ពីរកងធំៗ និងនៅមានអាថ៌កំបាំង​បន្ថែមទៀតពីខ្សែ​ក្រវ៉ាត់នេះ ដែលមិនទាន់អាច​បកស្រាយចេញ។ បន្ទះខ្សែក្រវ៉ាត់ទាំងមូលរបស់អ៊ុយរ៉ាណុស​មានប្រវែង ១០០គីឡូម៉ែត្រ និងកម្រាស់​តែ ១០០ម៉ែត្រ​ប៉ុណ្ណោះ​ជាមធ្យម។

៣. ភពព្រហស្បតិ៍៖ ជាធម្មតាអ្នកប្រហែល​ជាមិនអាចមើលឃើញ​ខ្សែក្រវាត់ នៃភពឧស្ម័ន​យក្សលេខ ១ និងស្ថិតនៅលំដាប់លេខ​រៀងទី ៥ បន្ទាប់ពី​​ព្រះអាទិត្យនេះ​ឡើយ ប៉ុន្តែជាក់ស្តែង​​ភពព្រហស្បតិ៍ក៏​មានក្រវ៉ាត់របស់ខ្លួនដែរ។ ខ្សែក្រវ៉ាត់​ភពនេះចែកចេញ​ជាបី​ផ្នែក​ធំៗ ដោយរួមបញ្ចូល​គ្នាទៅគឺមានប្រវែងសន្ធឹង ៦,៤០០គីឡូម៉ែត្រ និងកម្រាស់​បន្ទះឌីសរបសស់វារហូតដល់ ៣០គីឡូម៉ែត្រឯណោះ ដោយសារតែដុំទាំងឡាយ​មិនតម្រៀបគ្នាឲ្យមានរបៀប ដូចជាបន្ទះឌីសរបស់ភពសៅរ៍នោះឡើយ។

៤. ភពណិបទូន៖ បើនិយាយពីភពឧស្ម័នយក្សទាំងអស់ គឺភពណិបទូនដែលជាភព​ចុងគេលេខរៀងទី ៨ នៃប្រព័ន្ធព្រះអាទិត្យ​មានខ្សែក្រវ៉ាត់តិច​ និងស្ទើរតែមើលមិនឃើញ​នោះឡើយ ប៉ុន្តែវាមានរហូតដល់ទៅ ៥ រង្វង់ ឬស្រទាប់ឯណោះ ព្រមទាំងមានប្រវែង​សន្ធឹងរហូតដល់ ៥៧,០០០គីឡូម៉ែត្រ។ អាថ៌កំបាំងជាច្រើននៅតែមាន ចំពោះខ្សែក្រវ៉ាត់នៃភពណិបទូន ខណៈទិន្នន័យទាំង​អស់បានមក​ពីយាន Voyager។

៥. ចុះភពផែនដី? តាមពិត​ទៅភពនានាទាំងអស់នៅក្នុងប្រព័ន្ធព្រះអាទិត្យ សុទ្ធតែធ្លាប់​មានខ្សែក្រវ៉ាត់រៀងៗខ្លួន នៅក្នុងដំណើរការនៃការបង្កើតភព តាមរយៈការស្រូបទាញ​កម្ទេចកម្ទីរដុំថ្ម និងធូលីនានា ដើម្បីពង្រីកមាឌនៃភពទាំងនោះ ប៉ុន្តែដោយសារតែ​ភពខ្លះមានទំហំតូច ដូច្នេះវាអាចសម្អាតកម្ទេចកម្ទីរជុំវិញខ្លួនវាយ៉ាងស្អាត។ បន្ថែមពីនេះ​ទៀតភពយក្សខ្លះមានកម្លាំងទំនាញខ្លាំង ដោយវាបានស្រូបទាញដុំថ្មតូចធំៗ មកគោចរជុំវិញខ្លួនវា បង្កើតចេញជាខ្សែក្រវ៉ាត់តែម្តង៕

ចែករំលែក