រូបភាព​ស្អាតៗ និងអស្ចារ្យ​បន្ថែមទៀត​ហើយ​ត្រូវ Juno ផ្តិតយក​បាននៅភព​ព្រហស្បតិ៍ (រូបភាព​ខាងក្នុង)

0

 

(អាមេរិក)៖ ទីភ្នាក់ងារអវកាស​អាមេរិក NASA បានបញ្ចេញកម្រង​រូបភាពដ៏អស្ចារ្យ​​មួយសំណុំ​ថតបានដោយ​យាន​អវកាស Juno ​ដែល​បង្ហាញពីសណ្ឋាន​បរិយាកាសយ៉ាងស្មុគស្មាញ​របស់ភពព្រហស្បតិ៍ (Jupiter)។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញពី​វែបសាយ Space.com នៅល្ងាច​ថ្ងៃ​​ពុធ ទី២៩ ខែសីហា ឆ្នាំ២០១៨។

សំណុំ​រូបភាពខាងលើនេះ​ត្រូវ Juno ផ្តិតយកទិដ្ឋភាព​បានកាលពីថ្ងៃទី១៦ ខែកក្កដា​កន្លងទៅ និងបានស្តែង​ឲ្យឃើញពី​លក្ខណៈ​​បរិយាកាស ​​នៅ​អឌ្ឍគោល​ខាងជើង​របស់ភពព្រហស្បតិ៍ រួមមានព្យុះពណ៌​សដូចគុជ​ស្នូត​ពណ៌ទឹកក្រូច ​ដែលគេហៅថា North North Temperate Belt ព្រមទាំង​ព្យុះពណ៌​ក្រហមមួយ ដែលមានរហស្សនាម​ថា Little Red Spot (តូចជាងព្យុះយក្ស Great Red Spot)​ ជាដើម។

ការចាប់​យក​​រូបភាពនេះ ត្រូវបានធ្វើឡើង​នាអំឡុងការបោះឆ្វែល​លើកទី១៤ មកកៀក​ផ្ទៃរបស់ Jupiter នៅត្រឹម​ចម្ងាយ​ប្រហែល ៦,០០០គីឡូម៉ែត្រ។​ ភពព្រហស្បតិ៍មាន​សារធាតុ​វិទ្យុសកម្ម និងដែនម៉ាញេទិចខ្លាំង​ជាងគេបំផុតក្នុងប្រព័ន្ធ​ព្រះអាទិត្យ ដូច្នេះ​យាន Juno ត្រូវបានផលិត​ឡើងយ៉ាង​ពិសេស ដើម្បីទប់ទល់​នឹងបរិស្ថានកំណាច​ទាំងអស់នេះ។

គួរជម្រាបថា យាន Juno ដែលមាន​តម្លៃ​ ១.១ពាន់លានដុល្លារ ត្រូវបាន NASA បញ្ជូនឡើង​​ទីអវកាសកាលពី​ខែសីហា ឆ្នាំ២០១១ ហើយ​បាននិងកំពុង​បន្តសិក្សាស្រាវជ្រាវ​ និងប្រមូលទិន្នន័យ​ពី​ភព​ឧស្ម័នយក្ស Jupiter ចាប់​តាំងតែពី​ខែកក្កដា ឆ្នាំ២០១៦ មក​ហើយវាត្រូវគេ​រំពឹងថា នឹង​បន្តប្រតិបត្តិការ​សម្រាប់រយៈពេលជិត ០៣ឆ្នាំទៀត៕

ចែករំលែក