ក្រោយចប់​ការងារនៅ​ភពភ្លុយតូ ពេលនេះ​យាន New Horizons កំពុងឆ្ពោះ​ទៅរកគោលដៅ​ថ្មី និង​ស្ថិតចុង​បំផុត…

0

(អាមេរិក)៖ ទីបំផុតយាន​អវកាស New Horizons របស់​អង្គការ NASA បានប្រទះឃើញ​​គោលដៅបន្ទាប់ ដែលស្ថិតនៅចុងប្រព័ន្ធ​ព្រះអាទិត្យហើយ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពីវែបសាយ The Verge នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី៣០ ខែសីហា ឆ្នាំ២០១៨។

កាលពីពេល​ថ្មីៗនេះយាន​អវកាស New Horizons បានផ្តិតយករូបភាព​ដំបូងបង្អស់ នៃអាចម៍​ផ្កាយ​មានឈ្មោះថា Ultima Thule ដែល​វា​​កំពុងធ្វើដំណើរ​សំដៅ​ទៅរក។ ក្រុម​ការងារ New Horizons កំពុង​ត្រៀមរៀបចំ​បញ្ជូនយាន​អវកាស​នេះ​ឲ្យទៅក្បែរ​ Ultima Thule នៅថ្ងៃ​​ចូលឆ្នាំសកល​នៃឆ្នាំ២០១៩ ខាងមុខនេះ។

យានអវកាស New Horizons បាននិងកំពុងហោះ​ឆ្ពោះទៅកាន់ Ultima Thule ចាប់តាំងតែ​ពីខែកក្កដា ឆ្នាំ២០១៥ មកម្ល៉េះ​ពោល​គឺប៉ុន្មានខែ​ក្រោយពីវាបាន​ហោះឆ្វែល​ភព Dwarf Planet ភ្លុយតូ (Pluto) កាលពី​ខែកក្កដា ឆ្នាំដដែល។ ​ក្រោយពីបាន​ជួប Pluto ហើយ​ ទីភ្នាក់ងារ​អវកាស NASA បាន​សម្រេច​​បន្តបេសកកម្ម New Horizons ទៅមុខទៀត ​ដើម្បីឲ្យ​វាអាច​ហោះឆ្វែល​គោលដៅ​មួយផ្សេង​ទៀត​ នៅតំបន់ចុងប្រព័ន្ធ​ព្រះអាទិត្យ។ ​​

ក្រុមការងារ New Horizons ក៏បានសម្រេចជ្រើស​រើស​អាចម៍ផ្កាយ Ultima Thule ឬ 2014 MU69 ដោយសារវាស្ថិតក្នុងទីតាំងអំណោយ​ផលមួយ នៅឆ្ងាយពីភ្លុយតូ ហើយមិនត្រូវ​ការប្រើប្រាស់ឥន្ទនៈច្រើន ដើម្បី​ឲ្យ New Horizons ផ្លាស់ប្តូរ​គន្លងធ្វើ​ដំណើររបស់វា ដើម្បីទៅ​ជួបដុំថ្ម​អវកាសនេះ​ឡើយ។

គួរបញ្ជាក់ថា យានអវកាស New Horizons ត្រូវបានបាញ់​បង្ហោះចេញពីភពផែនដី​កាលពី​ឆ្នាំ២០០៦ និងទៅដល់ប្រព័ន្ធភពភ្លុយតូកាលពីខែកក្កដា ឆ្នាំ២០១៥។ យាន​នេះបានថត​រូបពិតមិនធ្លាប់មាន​របស់ភពភ្លុយតូ ក្រោយពីភពបម្រុង​នេះត្រូវបាន​តេឡេស្កូបលើផែនដី​រកឃើញកាលពី​ឆ្នាំ១៩៣០។ ភពភ្លុយតូបាន​របូតនាមជាភព​ទី ៩ នៅក្នុងប្រព័ន្ធ​ព្រះអាទិត្យកាលពីឆ្នាំ២០០៦ ដោយសារតែ​វាមានទំហំតូចពេក និង​មានគន្លង​ល្អៀង​គោចរ​​ជុំវិញព្រះអាទិត្យ បើធៀបនឹង​ភពទាំង ៨ ទៀត៕

ចែករំលែក