បំណែកយាន​រុស្ស៊ីធ្លាក់មកលើ​ផែនដីវិញ តែសំណាងល្អ​មិនបង្កគ្រោះ​ថ្នាក់!

0

 

(ម៉ូស្គូ)៖ បំណែកនៃយាន​ដឹកទំនិញ Prgress MS-08 របស់ប្រទេស​រុស្ស៊ី ទម្លាក់ខ្លួនចូលមក​កាន់បរិយាកាសផែនដីវិញ នាថ្ងៃព្រហស្បតិ៍​នេះ ដោយធ្លាក់ចំតំបន់​ដាច់ស្រយាលមួយកន្លែង នៅលើមហាសមុទ្រ​ប៉ាស៊ីហ្វិក។ នេះបើតាមការ​បញ្ជាក់ពីមន្រ្តីនៃ​មជ្ឈមណ្ឌល​គ្រប់គ្រង​យាន​អវកាសរុស្ស៊ី ដកស្រង់សម្តី​ដោយ​សារព័ត៌មាន TASS នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី៣០ ខែសីហា ឆ្នាំ២០១៨។

​យាន​អវកាស Progess MS-08 បានផ្តាច់ចេញពី​​ស្ថានីយអវកាស​អន្តរជាតិ ISS កាលពី​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ហើយក្នុងអំឡុង​​ពេល ០៧ថ្ងៃ ក្រោយមក វាត្រូវបាន​គេប្រើប្រាស់ នៅក្នុងការធ្វើ​ពិសោធន៍ផ្នែកវិទ្យាសាស្រ្ត​មួយ។ យានដឹក​ទំនិញនេះ​បាននៅស្ថិត​ជាប់​ ISS ចាប់តាំងតែ​ពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ ដើម្បីបញ្ជូន​ស្បៀងអាហារ ប្រេងឥន្ទនៈ និងបរិក្ខាផ្គត់ផ្គង់​សំខាន់ៗដទៃទៀត រួមមាន​អុកស៊ីសែន និងទឹក​ជាដើម។

គួរជម្រាបថា បច្ចុប្បន្ន​យានអវកាស Progress MS-09 គឺជាយានដឹកទំនិញ​តែមួយគត់ចុងក្រោយ​គេ នៃយានស៊េរី Progress MS ដែល​​បន្តស្ថិតនៅជាប់​នឹងស្ថានីយ ISS។ ចំណែកយាន​ដឹកទំនិញបន្ទាប់​ទៀត​ គឺ Progress MS-10 នឹងត្រូវបញ្ជូន​ទៅកាន់ ISS នៅខែតុលា​​ខាងមុខ៕

ចែករំលែក