ជូនពរពីចម្ងាយ! យាន Opportunity អាចនៅមាន​ជីវិតលើ​ភពព្រះអង្គារ ទោះបីបាន​រងព្យុះធូលី​ដ៏ខ្លាំងក្លា​បំផុត!

0

 

(អាមេរិក)៖ ក្រុមការងារ​​របស់អង្គការ NASA ដែលកំពុងគ្រប់គ្រង​​បេសកកម្មយាន​ទាំងឡាយនៅ​លើ​ភពអង្គារនោះ​បានអះអាងថា យានរុករក Opportunity ដែលបាន​គាំងដំណើរការ​​ជាច្រើនសប្តាហ៍​មកហើយ ដោយសារតែ​ព្យុះធូលី​ដ៏អាក្រក់​លើភព​អង្គារ​នោះ​អាចនៅ​មានជីវិត​នៅ​ឡើយទេ ប៉ុន្តែគេត្រូវការពេល​វេលា​បន្ថែមទៀត​​ ដើម្បីទទួល​ដំណឹងអំពីវា។ នេះបើតាម​ការ​ចេញផ្សាយ​ដោយ​​វែបសាយ Space នាព្រឹក​ថ្ងៃសៅរ៍ ទី០១ ខែកញ្ញា ឆ្នាំ២០១៨។

ព័ត៌មានបាន​បន្តទៀតថា ប្រសិនបើយាន Opportunity Mars Rover នៅមានដំណើរការ​នោះ យើងនឹងអាចទទួលបាន​ដំណឹងពីវានៅក្នុងពេល​ឆាប់ៗ ព្រោះយាននេះ​មានប្រព័ន្ធក្នុងការ​សម្អាតធូលី និងស្រូបកម្តៅព្រះអាទិត្យ​ដើម្បីដំណើរ​ការតួម៉ាស៊ីន​ឡើងវិញ ខណៈដែល​ស្ថានការណ៍​ព្យុះធូលី​បានស្ងប់ស្ងាត់​មួយ​រយៈ​ទៅហើយ នៅលើភព​ក្រហម​ដ៏គ្រោះ​​ថ្នាក់​នោះ។

បន្ទះស្រូបពន្លឺព្រះអាទិត្យ​នៅលើយាន Opportunity បានចាប់ផ្តើម​គ្រប​ដណ្តប់​ដោយ​ធូលីចាប់តាំង​ពីថ្ងៃទី១០​ ខែមិថុនាមកម្ល៉េះ នៅពេលដែលព្យុះធូលី​រំកិលដល់តំបន់​ដែលយាននេះ​កំពុងស្ថិតនៅ គឺស្ថិតនៅក្នុង​រណ្តៅ Endeavour Crater ដែលមានមុខ​កាត់រហូតដល់ទៅ ២២គីឡូម៉ែត្រ ស្ថិតនៅបណ្តោយ​ជ្រលង Perseverance Valley ដែលងងឹត។

សម្រាប់ព្យុះធូលី​បានរាលដាលលើផ្ទៃភពអង្គារ​កាន់តែខ្លាំង នៅថ្ងៃទី២០ ខែមិថុនា ប៉ុន្តែវាបានសាបសូន្យ​ទៅវិញទាំងស្រុងតែម្តង កាលពីចុងខែកក្កដា​កន្លងទៅនេះ។ ទោះបីជាបែប​នេះក្តី ជាង​១ខែទៅហើយ​ព័ត៌មានអំពី​យាន Opportunity នៅតែមិន​មានការបញ្ជាក់​ឲ្យដឹងនោះឡើយ ប៉ុន្តែក្រុមការងារ​អង្គការ NASA ជឿជាក់ថា យាននេះ​នៅតែអាចដំណើរបន្ត​ទៅមុខទៀត គ្រាន់តែយើងត្រូវរង់ចាំ​ការផ្តល់រលក​សញ្ញាពីវា នៅក្នុងពេលឆាប់ៗ​ខាងមុខ​ប៉ុណ្ណោះ។

គួរបញ្ជាក់តាម​ការបញ្ជាក់ពីក្រុមជំនាញ​របស់ NASA ពន្លឺព្រះអាទិត្យ​នៅតែ​ពិបាកឆ្លង​កាត់អ័ព្ទ-ធូលីដី ដើម្បីចូលទៅ​ដល់ជ្រលង Perseverance Valley ដែលងងឹត ប៉ុន្តែនៅពេល​ដែល​ធូលី​ថមថយបន្តិច​នោះ ពន្លឺព្រះអាទិត្យ​នឹងអាចជះចូលទៅក្នុងជ្រលង​គ្រប់គ្រាន់ ហើយ​យាន Opportunity នឹងអាចស្រូប​ពន្លឺព្រះអាទិត្យ​ ដើម្បីដំណើរការ​តួម៉ាស៊ីនឡើងវិញ៕

ចែករំលែក