ស្ងាត់ៗឥណ្ឌា​ចេញមុខ​អះអាងថា នឹងនាំមនុស្ស​ឡើងទីអវកាស​ឲ្យបាននៅ​ឆ្នាំ២០២២…

0

(ញូដេលី)៖ មហិច្ចតាធំ​មួយរបស់ប្រទេស​ឥណ្ឌា នោះគឺការនាំអវកាស​យានិក​ដោយ​ផ្ទាល់ដៃខ្លួនឯង​ឡើងទៅកាន់ទៅ​ទីអវកាស នៅឆ្នាំ២០២២​ខាងមុខនេះ ហើយបើ​សម្រេចបាន​តាមការគ្រោងទុកនោះ មហាយក្សនេះ​នឹងក្លាយជាប្រទេស​ទីបួននៅលើ​ពិភពលោក​ដែលសម្រេចបានជោគជ័យ​នេះផង​ដែរ។ នេះបើតាម​ការ​ចេញផ្សាយ​ដោយ​វែបសាយ Space នារសៀល​ថ្ងៃសៅរ៍ ទី០១ ខែកញ្ញា ឆ្នាំ២០១៨។

តាមការផ្សាយ​របស់កាសែត Hindustan Times របស់ឥណ្ឌា កាលបរិច្ឆេទ​នៃការ​សម្រេចជោគជ័យ​ខាងលើនេះ គឺត្រូវបានកំណត់ដោយ​អង្គការស្រាវជ្រាវ​អវកាសឥណ្ឌា (ISRO) ប៉ុន្តែក្រុមការងារ​របស់ស្ថាប័ន​ជាតិនេះ បានធ្វើការងារ​របស់ខ្លួនពាក់ព័ន្ធ​នឹង​គំរោងបញ្ជូនមនុស្ស​ទៅទីអវកាស តាំងតែ​ពីឆ្នាំ២០០៤មកម្ល៉េះ ហើយ​ពេលនេះ ISRO ហ៊ានធានា​អះអាងថា ខ្លួនគ្មានបញ្ហានោះ​ឡើយចំពោះកាលបរិច្ឆេទ​ខាងលើនេះ។

កាលពី​ថ្ងៃទី១៥ ខែសីហា​កន្លង​ទៅថ្មីៗនេះ នាយករដ្ឋមន្ត្រី​ឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បានថ្លែងយ៉ាង​ឱឡារឹកថា «ប្រទេសរបស់យើង​​បានធ្វើដំណើរទៅមុខដ៏អវកាស​នៅក្នុង​វិស័យអវកាស។ ប៉ុន្តែក្រុមអ្នក​វិទ្យាសាស្ត្ររបស់យើង​មានក្តីសង្ឃឹម។ នៅឆ្នាំ២០២២​​​ខាងមុខនេះ​ដែលជាខួបទី ៧៥ឆ្នាំ នៃឯករាជ្យភាព​របស់ឥណ្ឌា ជនជាតិ​ឥណ្ឌាជាបុរស ឬក៏ស្ត្រីមួយរូប​នឹងឡើងទៅកាន់​ទីអវកាស​ ជាមួយនឹងទង់ជ័យ​របស់យើង​នៅ​ក្នុងដៃ…»។

នៅឆ្នាំ២០២០ ក្រុមការងារ​អវកាសឥណ្ឌា នឹងធ្វើការបាញ់​បង្ហោះ​យាន​តែមិនមានផ្ទុកអវកាសយានិក​នោះឡើយ ទៅកាន់ទីអវកាស​ដើម្បីជាការធ្វើតេស្ត​សមត្ថភាព និងប្រព័ន្ធសុវត្ថិភាព មុខនឹងធ្វើការបញ្ជូន​មនុស្សទៅតែម្តង​នៅក្នុងឆ្នាំ២០២២ ខណៈដែលគ្រាប់រ៉ុក្កែត​សម្រាប់បំពេញបេសកកម្ម​ជាប្រវត្តិសាស្ត្រនេះ គឺ GSLV MK III កំពុងត្រូវបាន​អភិវឌ្ឍន៍យ៉ាងឆាប់រហ័សផងដែរ។

គួរបញ្ជាក់ថា មហាយក្សឥណ្ឌា​មិនខុសពីមហាយក្សចិននោះឡើយ ប៉ុន្មានឆ្នាំចុងក្រោយ​នេះហាក់បង្ហាញនូវសន្ទុះ​យ៉ាងខ្លាំង នៅក្នុងការស្រាវជ្រាវទីអវកាស​ដូចជា​ឥណ្ឌា ដែលបាន​បញ្ជូនយាន ទៅថតភពព្រះអង្គារបានសម្រេច​ជោគជ័យ និង​បានបាញ់​បង្ហោះ​ផ្កាយរណប​​រាប់រយគ្រឿង​ដ៏គួរឲ្យភ្ញាក់ផ្អើល ខណៈចិនវិញ​មានការសិក្សាអំពី​ទីអវកាស ព្រមទាំងការ​គំរោងធំៗ​ក្នុងការស្រាវជ្រាវ​ឋានព្រះច័ន្ទ​ជាដើម៕

ចែករំលែក