តោះៗមក​តាម​ដាន! តើភព​ណាខ្លះបញ្ចេញ​ពន្លឺចែងចាំងលើផ្ទៃមេឃ នៅអំឡុងខែកញ្ញា​នេះ?

0

 

(អាមេរិក)៖ ក្នុងអំឡុងខែកញ្ញានេះ ភពភ្លឺៗមួយចំនួន​នឹងបង្ហាញខ្លួនតាម​កន្លែង ក៏ដូចជាពេលវេលា​ខុសៗគ្នា នៅលើផ្ទៃមេឃរបស់ភពផែនដីយើង ដែលនឹង​ក្លាយជា​ទិដ្ឋភាពប្លែកភ្នែក និងគួរឲ្យចាប់អារម្មណ៍​ផងដែរ។ នេះបើតាម​ការដកស្រង់ការផ្សាយ​​ចេញ​ពី​វែប​សាយ Space.com នៅល្ងាចថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០១៨។

ក្នុងខែនេះ ភពសុក្រ (Venus) នឹងបង្ហាញខ្លួននៅ​ក្រោយថ្ងៃលិច ហើយរំកិល​ចុះ​ទៅភាគនិរតី​នៃផ្ទៃ​មេឃបន្តិចម្តងៗ ខណៈ​ភពព្រហស្បតិ៍ (Jupiter) នឹងអាចត្រូវមើល​​ឃើញ​នៅខាងឆ្វេងដៃ​​​ពីខាងលើភពសុក្របន្តិច ប៉ុន្តែពន្លឺ​របស់វា គឺខ្សោយជាង​ភពសុក្រ ហើយអ្វីដែលងាយ​ឲ្យយើងចំណាំនោះ គឺភពទាំងពីរនេះ​មានពន្លឺ​នឹងនរ មិនព្រិចៗដូច​ជាពន្លឺផ្កាយនានានោះ​ឡើយ។

បន្ថែមពីខាងលើនេះទៀត ភពទាំងពីរនឹង​ខិតរកគ្នា​ដោយសន្សឹមៗ ប៉ុន្តែនាចុងខែ​កញ្ញា ភព Venus នឹងងាកចេញទៅ​ភាគខាងលិច​ឃ្លាតឆ្ងាយពី Jupiter វិញ។ សម្រាប់ទិសដែលប្រសើរ​បំផុត ដើម្បីរកមើល​ភពសៅរ៍ (Saturn) គឺនៅ​​ចន្លោះ​ភាគ​ខាង​ត្បូង និងភាគនិរតីនៃផ្ទៃ​មេឃ ខណៈ​ភពអង្គារ (Mars) ដែលបញ្ចេញ​ពន្លឺភ្លឺជាងនោះ នឹងបង្ហាញរាងនៅ​ចន្លោះភាគខាងត្បូង ​និង​​ភាគ​អាគ្នេយ៍ នៅពេលម៉ោង ៨៖០០នាទីយប់ទៅហ្នឹងអាចមើលឃើញតែម្តង។

គួរជម្រាបថា ភពអង្គារ​នឹងប្រជែងគ្នា​បញ្ចេញពន្លឺ​ នៅអំឡុងដើមខែកញ្ញា ហើយប្រកួតជាមួយ Sirius ដែលជាផ្កាយភ្លឺចែងចាំងជាង​គេ​បង្អស់​រហូតដល់ជិត​ចុង​ខែកញ្ញា ប៉ុន្តែខណៈដែលវា​នឹងបន្តឃ្លាតឆ្ងាយពី​ផែនដី ពន្លឺ​របស់ភព Mars ក៏នឹងមានការថយ​ចុះផងដែរ​ក្នុង​ខែ​កញ្ញា​នេះ ខណៈ​​កាល​ពីចុងខែកក្កដាកន្លងទៅ វាបានគោចរមក​នៅជិតភព​ផែនដីបំផុត ក្នុងគម្លាតតែជាង ៥៧​លានគីឡូម៉ែត្រប៉ុណ្ណោះ។

សម្រាប់​ភពពុធ​ (Mercury) ដែលជាភពតែ​មួយគត់រះឡើងនា​ពេលព្រឹកព្រលឹមនេះ យើងអាចក្រលេក​ឃើញវាបាន នៅចន្លោះ​ភាគ​​ខាង​កើត​​ និង​​ភាគ​ឦសាននៃផ្ទៃមេឃ ក្នុងអំឡុង​សប្តាហ៍ទីមួយនេះនៃខែកញ្ញាតែម្តង។ សម្រាប់ភពសុក្រ ពុធ សៅរ៍ និងព្រហស្បតិ៍ គឺមានពន្លឺពណ៌សដូចគ្នា គ្រាន់តែខ្លាំង និងខ្សោយជាងគ្នាប៉ុណ្ណោះ ប៉ុន្តែភពអង្គារមានពណ៌ទឹកក្រូចប្លែកជាងគេ៕

ចែករំលែក