Hubble ចំណាយ​ពេល០៧ខែ ទើបថត​បានទិដ្ឋភាព​មាសលើ​ភពសៅរ៍នេះ! ពិតជា​អស្ចារ្យកម្រ​បាន​ឃើញ! (រូបភាពខាងក្នុង)

0

 

(អឺរ៉ុប)៖ រូបភាពថ្មីពីកែវយឺត​អវកាស Hubble បានបង្ហាញឲ្យ​ឃើញពី​លក្ខណៈ​លម្អិតនៃ​ពន្លឺអ៊ូរ៉ូរ៉ា (Aurora) របស់​ភពសៅរ៍ (Saturn) ដែល​​មានទំហំធំជាង​​ឆ្ងាយធៀបនឹង​ពន្លឺចម្លែកនេះ​នៅលើផែនដី។ នេះបើតាម​​ការដកស្រង់ការផ្សាយ​​ចេញពី ​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី០៤ ខែកញ្ញា ឆ្នាំ២០១៨។

បើតាមទីភ្នាក់ងារ​អវកាសអឺរ៉ុប ESA រូបភាពថ្មី​ទាំងនេះ​ត្រូវបានថតយក​ដោយ Hubble ក្នុងអំឡុងពេល ​០៧ខែ កាលពី​ឆ្នាំ២០១៧ គឺជា​រូបភាពគ្រប់ជ្រុង​ជ្រោយបំផុត ​នៃពន្លឺ Aurora នៅប៉ូលខាងជើង​របស់ Saturn គិតមកទល់​ពេលនេះ ហើយក៏ទិដ្ឋភាព​ដែលល្អបំផុតចាប់តាំង​ពីការស្រាវជ្រាវ និងអង្កេត​ដឹងពី Aurora នៃភពសៅរ៍​ផងដែរ។

នៅលើភព​ផែនដី បាតុភូតពន្លឺ Aurora កើតមានឡើងនៅ​ពេលភាគល្អិតមាន​ផ្ទុកចរន្ត ដែលបញ្ចេញ​មកពី​ព្រះអាទិត្យ មកប៉ះ​ម៉ូលេគុល​អាសូត​ក៏ដូចជាអុកស៊ីសែន​ក្នុងបរិយាកាសផែនដី ក៏បង្កើតចេញជាទិដ្ឋភាព​នៃពន្លឺយ៉ាងចម្លែក នៅលើរយៈកម្ពស់ខ្ពស់​លើផ្ទៃមេឃ ដែល​អាច​ឲ្យយើង​មើលឃើញដោយ​ភ្នែកទទេបាន នៅតំបន់ប៉ូលខាងជើង និងខាងត្បូង។

ដោយឡែក មិនដូចជាភព​របស់យើងឡើយទេ ភពសៅរ៍​មានបរិយាកាស ដែលភាគច្រើនផ្ទុក​ទៅដោយអ៊ីដ្រូសែន ដែលផលិតចេញ​​ជាពន្លឺស្វាយ​អ៊ុលត្រា (Ultraviolet) នៅពេលមាន​ប្រតិបត្តិកម្មជាមួយ​ភាគល្អិត ​នៅក្នុង​​រលក​ចំហាយខ្យល់​របស់​ព្រះអាទិត្យ (Solar Wind)​។ ពន្លឺបែបនេះ គឺមិនអាច​ត្រូវមើលឃើញបាន​ដោយកែវភ្នែក​ទទេ ឬកែវយឺតលើ​ផែនដីនោះ​ឡើយ ប៉ុន្តែអាចថតយក​បានដោយ​​កែវយឺត Hubble ពីទីអវកាស។

គួរជម្រាបថា ក្រៅពីផែនដី និងភពសៅរ៍ បាតុភូតពន្លឺ​ Aurora ក៏ធ្លាប់ត្រូវបាន​​គេប្រទះឃើញ នៅលើ​ភពព្រហស្បតិ៍ (Jupiter), ភពណិប​ទូន (Neptune), ភពអ៊ុយរ៉ាណុស (Uranus), និងភពពុធ (Mercury) ផងដែរ ប៉ុន្តែគេមិនទាន់អាចបំបែកកំណត់ត្រា ដោយការព្យាយាម​ថតយកពន្លឺនេះក្រុង​ទ្រង់ទាយធំឲ្យ​បាននៅភពទាំង​នោះឡើយ៕

ចែករំលែក