បាតុភូតចម្លែក​បំផុត​លើភពសៅរ៍ ត្រូវបានអង្កេត​ដឹងថា​មានអាយុកាល ៣៨ឆ្នាំហើយ (រូបភាពខាងក្នុង)

0

 

(អាមេរិក)៖ ការសិក្សាថ្មីបាន​បង្ហាញថា ចរន្តខ្យល់មាន​រាងឆកោណ (ប្រាំមួយជ្រុង) ដែលស្ថិតនៅជុំវិញ​តំបន់ប៉ូលខាងជើង​​នៃភពសៅរ៍ (Saturn) នោះ​តាមពិតមាន​កម្ពស់ខ្ពស់ ជាង​ការស្មាន​របស់អ្នក​វិទ្យាសាស្រ្ត។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី​វែបសាយ Space.com នៅព្រឹក​ថ្ងៃពុធ ទី០៥ ខែកញ្ញា ឆ្នាំ២០១៨។

​នាពេល​កន្លងមកនេះ ក្រុមអ្នកស្រាវជ្រាវ​បានចាត់ទុកចរន្ត​ខ្យល់ខាងលើដែល​មានទំហំ​ប្រហែល ៣២,០០០គីឡូម៉ែត្រ និងកម្លាំង​បោក​បក់​ប្រមាណ ៣២០គីឡូម៉ែត្រ​ក្នុងមួយម៉ោងនេះ ជា​បាតុភូត​មួយ​ដែលកើត​ឡើងនៅរយៈកម្ពស់​ទាបប៉ុណ្ណោះ គឺនៅត្រឹមតំបន់​​បរិយាកាស​ Troposphere របស់ភពសៅរ៍។

ប៉ុន្តែនា​ពេលនេះ​បាតុភូតខាងលើ តាមពិតលាតសន្ធឹង​ដល់កម្ពស់​ប្រហែល ៣០០គីឡូម៉ែត្រ​ឯណោះ​ពីលើដុំពពក​នៃតំបន់ Troposphere ពោលគឺទៅ​ដល់តំបន់ Stratosphere ដោយយ៉ាងហោចណាស់​នៅអំឡុងរដូវ Spring និង Summer នៅភាគខាងជើង Saturn បើតាម​លទ្ធផល​នៃការសិក្សាស្រាវជ្រាវ​រក​ឃើញថ្មី។

គួរជម្រាបថា ចរន្តខ្យល់ដ៏ធំ​សម្បើមខាងលើ បានបន្តអាយុកាល​យ៉ាងតិចក៏ ៣៨ឆ្នាំដែរ ដោយយាន​អវកាសភ្លោះ Voyager 1 និង ​2 របស់ NASA បានប្រទះឃើញបាតុភូតរាង​ចម្លែកនេះ នៅពេលពួកវា​ទាំងពីរ​បានធ្វើដំណើរ​ហោះឆ្វែល​ភពសៅរ៍​កាលពីឆ្នាំ១៩៨០ និង​១៩៨១​។ ក្រោយមក​អ្នកវិទ្យាសាស្រ្ត បានចាប់ផ្តើម​ព្យាយាមស្វែង​យល់លម្អិត​ពីវា កាលពីឆ្នាំ២០០៤ នៅពេលដែល​យាន Cassini បាន​ចាប់ផ្តើមធ្វើគោចរ​ដើម្បីសិក្សាពីភពមាន​ខ្សែក្រវាត់​មួយនេះ៕

ចែករំលែក