ភស្តុតាង​ថ្មីៗបន្ថែមទៀត​ពីភព​ទាំង ៧ ក្នុង​ប្រព័ន្ធ TRAPPIST-1 ពិតជា​ធ្វើឲ្យ​មនុស្ស​រំភើប…

0

 

(ស្វីស)៖ ភពទាំង ៧ ដែលកំពុងគោចរនៅជុំវិញ​​ផ្កាយ TRAPPIST-1 ភាគច្រើនគឺជា​ប្រភេទភពថ្ម ហើយខ្លះអាចនឹងលទ្ធភាព​​ផ្ទុក​ទឹករាវច្រើន​ជាងផែនដី​ថែមទៀតផង។ នេះបើតាមការ​ដកស្រង់ការផ្សាយចេញពី​វែបសាយ Space.com នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី០៦ ខែកញ្ញា ឆ្នាំ​២០១៨។

ការសិក្សា​ស្រាវជ្រាវថ្មី​បានបង្ហាញឲ្យ​ឃើញ ពី​លក្ខណៈកាន់តែលម្អិត​​ជាង​រាល់ដង នៃភពនៅក្នុង​ប្រព័ន្ធផ្កាយដ៏​តូចចង្អៀត​នេះ។ លទ្ធផល​នៃ​ការសិក្សានេះ​បានឲ្យដឹងថា ភពមួយ​ចំនួន​អាច​ទឹករាវរហូត​ដល់ប្រមាណ ០៥ភាគរយ នៃម៉ាស់​សរុបរបស់​ពួកវា ពោលគិត​ទៅគឺច្រើន​ជាងទឹក នៅ​ក្នុងមហាសមុទ្រ​របស់ផែនដីដល់​ទៅ ២៥០ដង ឯណោះ។ ម៉្យាងវិញទៀត ភពទាំង​អស់នៅក្នុង​ប្រព័ន្ធ TRAPPIST-1 គឺមាន​លក្ខណៈ​ស្រដៀងនឹងផែនដី​អ៊ីចឹងដែរ ដោយពួកវា​មានស្នូលរឹង និងហ៊ុមព័ទ្ធ​ជុំវិញ​ដោយ​បរិយាកាស។

គួរជម្រាបថា កាលពីឆ្នាំ២០១៦ អ្នកវិទ្យាសាស្រ្ត​នៅមជ្ឈមណ្ឌល TRAPPIST ក្នុងប្រទេស​ឈីលី ​​បានរកឃើញ​​ភពចំនួន ០៤ នៅជុំវិញ​​​ផ្កាយដែល​មានពន្លឺទន់ខ្សោយ​មួយឈ្មោះថា TRAPPIST-1។ ក្រោយមកមិន​ដល់មួយ​ឆ្នាំផង ទីភ្នាក់ងារអវកាស​អាមេរិក NASA បាន​​ប្រកាសថា ​របកគំហើញ​​នៃ​ភពបន្ថែមទៀត​ សរុបទាំងអស់រហូតដល់សរុប ០៧ភពឯណោះ។

ភពអេលៀន​ទាំងអស់នេះ ធ្វើគោចរជុំវិញ​តំបន់​អាចទ្រទ្រង់​ជីវិត​បាន (Habitable) នៃផ្កាយរបស់​ពួកវា ពោលគឺជាតំបន់ដែល​អាចអនុញ្ញាតឲ្យ​​ទឹកស្ថិត​ក្នុងទម្រង់​រាយ នៅលើផ្ទៃដីបាន។ ប្រព័ន្ធផ្កាយ TRAPPIST-1 នេះគឺជាក្តីសង្ឃឹមថ្មីមួយរបស់ក្រុម​អ្នកវិទ្យាសាស្ត្រក្នុងការសិក្សា ជាពិសេសគឺនៅក្រោយកែវយឺតអវកាសឆ្លុះភពអេលៀន James Webb បាញ់បង្ហោះនៅក្នុងខែមីនា ឆ្នាំ២០២១។

គួរបញ្ជាក់ថា ប្រព័ន្ធ TRAPPIST-1 មានចំនួនភពថ្មច្រើនជាង​គេបង្អស់ ដែលត្រូវបាន​រកឃើញថា ស្ថិតក្នុងតំបន់ Habitable Zone (អាចឲ្យមានទឹក និងបរិយាកាសទ្រទ្រង់ជីវិត) នៃផ្កាយតែមួយដួង​ប៉ុណ្ណោះ ហើយស្ថិត​នៅចម្ងាយ​ត្រឹម ៤០ឆ្នាំពន្លឺពីផែនដី (មួយឆ្នាំពន្លឺស្មើនឹង ៩.៤៦១ពាន់ពាន់លានគីឡូម៉ែត្រ)។

ទោះបីជាគ្មាន​សង្ឃឹមថា អាចបញ្ជូនមនុស្ស ឬសូម្បីតែយានទៅ​ដល់ទីនោះក្តី ប៉ុន្តែការ​សិក្សាដឹងអំពី TRAPPIST-1 និងភពទាំង ៧ នៃ​ប្រព័ន្ធនេះ គឺជាផល​ប្រយោជន៍​​ធំធេង នៅក្នុងការសិក្សា​អំពីភពអេលៀន ជាពិសេស​ប្រសិនបើ​ James Webb អង្កេតដឹងថា រូបធាតុ​នានាក្នុងបរិយាកាស​នៃភពណាមួយ នៃប្រព័ន្ធ TRAPPIST អាចទ្រទ្រង់​ជីវិតបាននោះ វានឹងក្លាយ​ជារឿងដែលបង្កការ​រំជើបរំជួល ក្នុងពិភព​អវកាស​ជាក់ជាមិនខាន៕

ចែករំលែក