តារាវិទូនៃ​សាកលវិទ្យាល័យ Harvard ណែនាំ​ឲ្យ NASA ចាយលុយ​ឲ្យច្រើន ដើម្បីផលិត​កែវយឺតអវកាសឆ្លុះរកអេលៀន…

0

 

(អាមេរិក)​​៖ បណ្ឌិតសភា​វិទ្យាសាស្រ្ត​អាមេរិក បានចេញរបាយ​ការណ៍លើកឡើងថា ​ទីភ្នាក់ងារអវកាស NASA គួរផ្តោត​កញ្ចប់​​ថវិកា​​ស្រាវជ្រាវភព​អេលៀន (នៅក្រៅប្រព័ន្ធ​ព្រះអាទិត្យ) ទៅលើការបង្កើត និងអភិវឌ្ឍន៍​កែវយឺតធំៗ ទាំងនៅក្នុងទីអវកាស និង​នៅ​លើ​ផែនដី​។ នេះបើតាមការ​ដកស្រង់ការផ្សាយចេញពី​វែបសាយ Space នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៦ ខែកញ្ញា ឆ្នាំ២០១៨។

​លោក David Charbonneau ដែលជាតារាវិទូ​នៃសាកលវិទ្យាល័យ Harvard និងជាសហប្រធាន​គណៈកម្មាធិការរៀបចំ​របាយការណ៍ថ្មី​នេះ បាននិយាយ​ដូច្នេះថា «មនុស្ស​លោក​យើង បានកើតក្តីចម្ងល់​​​អស់រាប់រយ​ឆ្នាំមកហើយថា តើវាមានជីវិត​នៅលើភពដទៃទៀត​ ក្រៅ​ពី​ផែនដីដែរ ឬក៏អត់ ហើយ​បើ​យើង​ជ្រើសរើសផ្តោត​ការវិនិយោគឲ្យចំ​កន្លែងនោះ ពួកយើងប្រហែល​ជាអាចទទួលបាន​ចម្លើយ​សម្រាប់​​សំណួរ​នេះ នៅក្នុង​ពេល​ ២០ឆ្នាំខាង​មុខ»។

គួរជម្រាបថា បើតាមរបាយការណ៍​ថ្មីខាងលើ​ការផ្តោតវិនិយោគនោះ គឺរួមមានការ​​សាងសង់​​កែវយឺតអវកាស ដែលមានអានុភាព​ខ្លាំង​​គ្រប់គ្រាន់ ដើម្បីឆ្លុះមើល​ឃើញ​ភពអេលៀន​ដោយផ្ទាល់ ព្រមទាំងការសាងសង់​​មូលដ្ឋានកែវយឺតធំៗ​នៅលើផែនដី រួមជាមួយការបន្ត​​អភិវឌ្ឍន៍ និងដំណើរការបាញ់បង្ហោះសម្រាប់​​គម្រោងកែវយឺត​អវកាស​ឈ្មោះ​ថា WFIRST។

សម្រាប់កែវ​យឺតអវកាស ដែលនៅតែជាក្តី​សង្ឃឹមមិនទាន់អាច​ដំណើរការនៅឡើយនោះ គឺកែវយឺត​អវកាស James Webb តែម្តង ដែលមាន​សមត្ថភាពខ្ពស់ក្នុងការ​វិភាគដឹង​ ​អំពីសមាសធាតុផ្សំ នៃបរិយាកាស​ស្រោបភពអេលៀន​ណាមួយ ដែលវាជះរលកសញ្ញាទៅ។ បើសិនជាសមាសធាតុផ្សំនៃបរិយាកាសត្រឹមត្រូវ គួបផ្សំនិងគន្លងគោចរ​ត្រឹមត្រូវ​ដូចផែនដីនោះ វាប្រាកដណាស់ថា​មនុស្ស​អាចសន្មត់​ ចំពោះវត្តមាននៃជីវិតក្នុង​ទម្រង់ណាមួយអាចកើតមាននៅលើភពមួយនោះបាន។

គួរជម្រាបថា ដោយសារតែផ្តោត​សំខាន់ទៅលើ​ឧបករណ៍ ដែលនឹងធ្វើប្រតិបត្តិការ​សម្រាប់​រយៈពេល​ ១៥ឆ្នាំ ​ទៅ​ ២០ឆ្នាំ នាពេល​ខាងមុខ របាយការណ៍នេះ​បានត្រឹមពិភាក្សា​ តែអំពីគម្រោងនាពេល​បច្ចុប្បន្ន ដូចជាកែវយឺត​អវកាស TESS ដែលទើបចាប់ផ្តើម​ប្រតិបត្តិការ​កាល​​ពីចុងខែកក្កដា និងគម្រោង​​កែវយឺតអវកាស James Webb ដែលត្រូវ​បានគ្រោងនឹងបាញ់​បង្ហោះនៅ​ឆ្នាំ២០២១៕

ចែករំលែក